ស្នងការនគរបាលខេត្តស្ទឹងត្រែងនាំយកគ្រឿងបរិភោគនិងថវិកាទៅឧបត្ថម្ភគ្រួសារសពមន្ត្រីនគរបាលព្រំដែនម្នាក់ដែលបានលិចទូកស្លាប់នៅកណ្តាលទន្លេកុងក្នុងស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង៖ គ្រួសារនៃសព របស់មន្ត្រីនគរបាលការពារព្រំដែនម្នាក់ ដែលបានបាត់បង់ជីវិត ក្នុងពេលជិះទូកលិចនៅកណ្តាលទន្លេកុង នៅតំបន់អូអាឡៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង កាលពីថ្ងៃ១២សីហាកន្លងទៅថ្មីៗនេះ នៅព្រឹកថ្ងៃ១៦សីហានេះ ក្រុមគ្រួសារសពមន្ត្រីនគរបាលព្រំដែនរូបនោះ បានទទួលសម្ភារៈបរិក្ខាប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា ពីថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការនគរបាលខេត្តស្ទឹងត្រែង។

ស្នងការរងនគរបាលទទួលផែនធនធានមនុស្សខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស៊ីមសុផាន់ណា បានថ្លែងនៅទីរៀបចំបុណ្យសពនោះថា អគ្គស្នងការនគរបានជាតិតែងតែយកចិត្តទុកដាក់ជានិច្ច នៅពេលដែលមន្ត្រីក្រោមឧិវាទ ទទួលមរណៈភាព ឬមានគ្រោះថ្នាក់ផ្សេងៗ នៅក្នុងបេសកកម្មការពារផលប្រយោជន៍រួម។ ហើយថ្នាក់ដឹកនាំបានតម្លើងឋានន្តរ សក្តិដល់មន្ត្រីសកម្ម និងនៅពេលទទួលមរណភាព ស្របពេលជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ គ្រឿងបរិភោគមួយចំនួន រួមជាមួយថវិកា៨លានរៀលនោះថែមទៀត។ លោកស្នងការរងបន្តថា ខណៈនេះកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ នឹងបន្តនៅជួយរៀបចំបុណ្យសពនេះ រហូតដល់ទីបញ្ចប់។

តំណាងក្រុមគ្រួសារ និងជាភរិយានៃសព លោស្រី អ៊ឹមពីន បានសម្តែងការដឹងគុណចំពោះថ្នាក់ដឹកនាំពាក់ព័ន្ធ ក៏ដូចជាថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការនគរបាលខេត្ត ដែលបានជួយជ្រោមជ្រែងដល់ពួកគាត់ គ្រាកំពុងជួបប្រទះនូវការលំបាក។

គួររំលឹកថា មន្ត្រីនគរបាលម្នាក់ ដែលបានទទួលមរណៈភាពនោះ មានឈ្មោះ ប៊ុននឿង អាយុ៤៧ឆ្នាំ បំរើការងារនៅក្នុងអង្គភាពនគរបាលវរៈការពារព្រំដែនលេខ៧០១ ប្រចាំការនៅតំបន់កោះឬស្សី ស្ថិតនៅក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជនរងគ្រោះបានស្លាប់ដោយសារលិចទូកនៅកណ្តាលទន្លេកុង កាលពីថ្ងៃ១២សីហាកន្លងទៅ។ សពមន្ត្រីនគរ បាលរូបនោះ បានលិចបាត់នៅក្នុងទឹក និងនៅ៣ថ្ងៃក្រោយមកទើបគេរកឃើញ ទាំងទូកម៉ាស៊ីន និងសាកសព នាំយកមកប្រគល់ឲ្យគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី៕

Loading...