ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់លោកស្នងការរងទទួលផែនការងារសេនាធិការចុះប្រជុំត្រួតពិនិត្យពង្រឹងការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើងដែលបង្កការអុកឡុកអសន្តិសុខក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារសេនាធិការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញចុះទៅប្រជុំត្រួតពិនិត្យដាក់ចេញនូវវិធានការម៉ឺងម៉ាត់ពង្រឹងលើការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើងបង្កការអុកឡុកប៉ះពាល់អសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដើម្បីងាយស្រួលបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងនៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកនូវសុខសុវត្ថិភាពក្នុងមូលដ្ឋានកាន់តែប្រសើរ។សេចក្តីរាយការណ៍ឱ្យដឹងថា នៅខណ្ឌប្ញស្សីកែវ កន្លងមកធ្លាប់កើតមានករណីក្មេងទំនើងវាយតប់គ្នាបង្កឱ្យរងរបួសស្នាមនិងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងក៏បានរងការបង្រ្កាបចាប់ខ្លួនពីកម្លាំងសមត្ថកិច្ចយកទៅអនុវត្តតាមច្បាប់ជាបន្តបន្ទាប់នោះហើយផងដែរ។

កិច្ចប្រជុំបានធ្វើឡើងនៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដែលមានវត្តមានចូលរួមពីលោកអធិការ អធិការរង លោកនាយផ្នែកទទួលការងារព្រហ្មទណ្ឌ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងខណ្ឌប្ញស្សីកែវសរុប៣២នាក់។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារសេនាធិការ ក៏បាននាំយកទិសដៅការងារនិងបទបញ្ជារបស់ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយជូនដល់កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារធ្វើបច្ចុប្បន្នភាពគ្រប់្រមុខសញ្ញាក្មេងទំនើងនៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវនេះឱ្យបានត្រឹមត្រូវនិងតម្លាភាព ដោយមានការធ្វើបញ្ជីឱ្យបានជាក់លាក់ធ្វើយ៉ាងណាកុំធ្វើរបាយការណ៍ភូតកុហកថ្នាក់លើអំពីការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើងនេះ។ពីព្រោះថាការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើងអនុវត្តនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌមួយចំនួនហាក់បីដូចជាមិនទាន់បានត្រឹមត្រូវនិងច្បាស់លាស់នៅឡើយនោះទេ។

សូមរំលឹកថាកាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំអនុវត្តការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈចាត់វិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម ។ក្រោយគេមើលឃើញថាសកម្មភាពក្រុមក្មេងទំនើងនៅក្នុងរាជធានីភ្នំពេញហាក់បីដូចជាកំរើកឡើងវិញ។

នៅក្នុងកិច្ចប្រជុំពេលនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ជម្រុញឱ្យលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារគ្រប់គ្រងមុខញ្ញាក្មេងទំនើងនិងដាក់បទបញ្ជាឱ្យមានការទប់ស្កាត់ក្មេងទំនើងនេះឱ្យមានប្រសិទ្ធភាព។ក្នុងករណីក្មេងទំនើងបង្កជាបទល្មើសព្រហ្មទណ្ឌត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែងនិងមិនគិតថាក្មេងទំនើងនោះជាកូនអ្នកណានោះឡើយ។ពាក់ព័ន្ធនិងវិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងនៅក្នុងរាជធានីភ្នំពេញបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានៅភ្នំពេញរយៈពេល០១ឆ្នាំគឺឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបក្មេងទំនើង៦៨១ករណីឃាត់ខ្លួន១០៣៩នាក់។ក្នុងនោះ ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ៥០៦ករណីនិងករណីបង្កការអុកឡុកនៅក្នុងមូលដ្ឋាន១៧៣ករណី។

សូមបញ្ជាក់ថារយៈពេល១សប្តាហ៍ចុងក្រោយនេះការងារចុះពង្រឹងត្រួតពិនិត្យនិងធ្វើបញ្ជីបច្ចុប្បន្នភាពមុខសញ្ញាក្មេងតំនើងនេះ គឺក្រុមការងារដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារសេនាធិការក៏បានចុះប្រជុំត្រួតពិនិត្យនៅតាមអធិការដ្ឋាននគរបាលខណ្ឌចំនួន១៣ខណ្ឌរួចមកហើយដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការងាររក្សាការពារសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម៕

Loading...