ស្នងការនគរបាលរាជធានីភ្នំពេញត្រៀមទទួលកម្លាំងនគរបាលវ័យក្មេងទើបជាប់ក្របខណ្ឌថ្មី១៧៤នាក់ដើម្បីបំពេញភារកិច្ចការពារសន្តិសុខបំរើប្រជាពលរដ្ឋ

ភ្នំពេញ៖ ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញត្រៀមទទួលកម្លាំងនគរបាលវ័យក្មេង១៧៤នាក់ដែលជាប់ក្របខ័ណ្ឌថ្មីឱ្យមកបំពេញភារកិច្ចការពារសន្តិសុខនិងបំរើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពនិងការណែនាំឱ្យសិក្ខាកាមនគរបាលទាំងនេះត្រូវគោរពច្បាប់គោរពវិន័យនគរបាលជាតិនិងបំរើប្រជាពលរដ្ឋឱ្យបានល្អ។

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំពិធីសំណេះសំណាលនិងទទួលសិក្ខាកាមនគរបាលទាំង១៧៤នាក់ចុះកម្មសិក្សារៀនសូត្រដើម្បីដកស្រង់បទពិសោធន៍ការងារជាក់ស្តែងនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ដើម្បីទទួលចំណេះជំនាញកិច្ចការងារនគរបាលជាតិពិតប្រាកដសម្រាប់យកអនុវត្តការងារឱ្យមានប្រសិទ្ធភាពបន្ទាប់ពីសិក្ខកាមនគរបាលត្រូវបានបញ្ជូនទៅរៀនសូត្រក្នុងសាលានគរបាលជាតិភូមិភាគ២ខេត្តកំពង់ចាមរយៈពេល០៣ខែជិតនិងបញ្ចប់វគ្គទៅហើយនោះ។

ពិធីសំណេះសំណាលប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សនិងជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស បានមានប្រសាសន៍ផ្តាំផ្ញើពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានិភ្នំពេញដោយជម្រុញកម្លាំងនគរបាលវ័យក្មេងទាំងនោះនៅពេលបញ្ចប់វគ្គសិក្សារៀនសូត្រហើយមកបំរើការងារនៅក្នុងអង្គភាពត្រូវគោរពវិន័យនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ ចៀសវាងប្រើប្រាស់ឥទ្ធិពលជានគរបាលជាតិទៅគាបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់ដើម្បីជាថ្នូរនិងផលប្រយោជន៍ក្នុងអំពើប្រព្រឹត្តខុសច្បាប់ណាមួយនោះ។ក្នុងករណីដែលមានការប្រព្រឹត្តអំពើខុសច្បាប់និងខុសវិន័យនគរបាលជាតិនិងរងការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិរឺដាក់វិន័យរដ្ឋបាល។កន្លងមកមានមន្រ្តីនគរបាលមួយចំនួនតូចប្រព្រឹត្តអំពើខុសច្បាប់ក៏ត្រូវបានអនុវត្តវត្តតាមច្បាប់ជាបន្តបន្ទាប់រួចហើយផងដែរ។

លោកស្នងការរងបានលើកឡើងទៀតថា ក្នុងនាមជាមន្រ្តីនគរបាលជាតិត្រូវបំរើប្រជាពលរដ្ឋឱ្យបានល្អ ស្មោះត្រង់នឹងវិជ្ជាជីវៈ មានឆន្ទៈខ្ពស់ក្នុងការបំពេញភារកិច្ចហើយខិតខំកសាងនូវអំពើល្អដើម្បីផ្តល់ជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើនគរបាលជាតិ។ជាងនេះថែមទៀតត្រូវពង្រឹងសាមគ្គឺភាពផ្ទៃក្នុងឱ្យបានរឹងមាំ កត្តាសាមគ្គឺរឹងមាំគឺធ្វើឱ្យការបំពេញភារកិច្ចនៅក្នុងអង្គភាពនិងបំរើប្រជាពលរដ្ឋទទួលបានជោគជ័យ។

សូមបញ្ជាក់ថាសិក្ខកាមនគរបាល១៧៤នាក់ខាងលើត្រូវបានប្រឡងជាប់ជ្រើសរើសបំពេញបន្ថែមក្របខ័ណ្ឌថ្មីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០១៩ ឱ្យទៅបំរើការងារនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥សង្កាត់។សិក្ខាកាមទាំងនោះក្រោយពីប្រឡងជាប់ខកខានក្នុងការបញ្ជូនទៅរៀនសូត្រវគ្គជំនាញវិជ្ជាវៈនគរបាលជាតិនៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាមដោយសារតែបញ្ហាជំងឺឆ្លងកូវីដ១៩។តម្រូវឱ្យរៀនសូត្រវគ្គខ្លីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមួយរយៈ។ទើបក្រោយពីប្រទេសកម្ពុជាជំងឺកូវីដ១៩មានភាពធូរស្បើយក៏ត្រូវបានបញ្ជូនទៅរៀនសូត្រវគ្គជំនាញបឋមវិជ្ជាជីវៈនគរបាលនៅសាលានគរបាលជាតិភូមិភាគ២និងក៏បានរៀនសូត្រមានរយៈពេល០៣ខែនិងជិតបញ្ចប់វគ្គទៅហើយ។សិក្ខាកាមទាំងនេះចុះកម្មសិក្សារៀនសូត្រនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤រយៈពេល០២សប្តាហ៍៕

 

 

Loading...