ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀនដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរឹតបន្តឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅរាជធានីភ្នំពេញ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការនិងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញអនុវត្តវិធានការរឹតបន្តឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាពខ្ពស់ដែលមានការចូលរួមពីលោកនាយនាយរងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន លោក អធិការរង លោកនាយផ្នែក ទទួលការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។កិច្ចប្រជុំនោះក្រោយពីគេមើលឃើញថា អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត កាលពីថ្ងៃទី២៦ ខែសីហា ម្សិលមិញ បានដឹកនាំកិច្ចប្រជុំបូកសរុបភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែសីហា លើកទិសដៅការងារប្រចាំខែកញ្ញា បានដាក់ផែនការនិងបទបញ្ជាឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវបង្កើនចេញប្រតិបត្តិការបង្ការទប់ស្កាត់និងបង្រ្កាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពបំផុត។ជាពិសេសបង្ការទប់ស្កាត់ចេញបង្កា្របនៅរង្គសាល ក្លិបកម្សាន្ត តូចធំនិងទីតាំងផ្សេងទៀតដែលលួចលាក់ធ្វើសកម្មភាពចាត់ចែងសម្រួលឱ្យប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន។

​លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានណែនាំមន្រ្តីនគរបាលដែលទទួលការងារប្រឆាំងគ្រឿងញៀន ត្រូវអនុវត្តតាមផែនការនិងបទបញ្ជារបស់ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាបង្កើនចេញប្រតិបត្តិការបង្ការទប់ស្កាត់និងបង្រ្កាបគ្រឿងញៀននៅក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឱ្យមានប្រសិទ្ធភាពនិងអនុវត្តជាប្រចាំមិនត្រូវដកថយនោះឡើយ ដើម្បីកាត់បន្ថយបញ្ហាបទល្មើសគ្រឿងញៀននិងធានាបានសុខសុវត្ថិភាពសង្គម។គ្រឿងញៀនបានបង្កឱ្យកើតអំពើអសន្តិសុខដែលធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភនិងភ័យខ្លាច។

​លោកឧត្តមសេនីយ៍ស្នងការរងក៏បានប្រមានចំពោះមន្រ្តីក្រោមឱវាទមិនត្រូវឃុបខិតជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន ក្នុងករណីដែលថ្នាក់លើរកឃើញមានមន្រ្តីរូបណាជាប់ពាក់ព័ន្ធគ្រឿងញៀនត្រូវប្រឈមទៅនឹងផ្លូវច្បាប់។ម៉្យាងទៀតនៅពេលបំពេញភារកិច្ចត្រូវស្មោះត្រង់និងវិជ្ជាជីវៈ ចៀសវាងធ្វើសម្មភាពណាមួយខុសច្បាប់ដែលបង្កឱ្យប៉ះពាល់កិត្តិយសអង្គភាពនិងសេចក្តីថ្លៃថ្នូរនគរបាលជាតិ៕


​ 

Loading...