ស្នងការរង​ខេត្តព្រះវិហារ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ តែ​មិន​ពាក់ព័ន្ធ​នឹង អង្គភាព​ទេ

ព្រះ​វិហារៈ លោក​វរសេនីយ៍ឯក ចៅ ស៊ី​ផល ស្នងការរង​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តព្រះវិហារ ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ បានទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១​។ នេះ​បើតាម​លិខិត​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ ផ្ញើជូន​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​បណ្ដាញ​ព័ត៌មាន យើង​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា​ឆ្នាំ​២០២១​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា បានបញ្ជាក់​ថា​លោក​វរសេនីយ៍ឯក ចៅ ស៊ី​ផល បានទទួល​មរណភាព​នៅផ្ទះ​បងស្រី​បង្កើត ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​តាម​របាយការណ៍​ធ្វើតេស្ដ​សាកសព​របស់​មណ្ឌល សុខភាព​ទឹកថ្លា បង្ហាញថា វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​។​កន្លងមក​លោក​វរសេនីយ៍ឯក ចៅ ស៊ី​ផល មាន​ជំងឺ​ប្រចាំកាយ ទឹកនោមផ្អែម និង​លើសឈាម​បណ្ដាលឱ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន ត្រូវបាន​អង្គភាព​អនុញ្ញាតឱ្យ​សម្រាក​ព្យាបាល​នៅផ្ទះ​ប្អូនស្រី​បង្កើត នៅ​ខេត្តសៀមរាប តាំងពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៣​។​នៅពេល​ស្ថានភាព​ជំងឺ​ទ្រុឌទ្រោម​ខ្លាំង​ត្រូវបាន បងប្អូន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។​ដូច្នេះ​មរណភាព​របស់លោក​វរសេនីយ៍ឯក ចៅ ស៊ី​ផល មិនមាន​ការពាក់ព័ន្ធ​ជាមួយ​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តព្រះវិហារ​នោះទេ​៕

Loading...