ស្នងការរាជធានី ស ថេត មិន​ហ៊ាន​ជាមួយ​លោក ហេង ឡា​លីន និង​លោក កែវ ចំរើន ​មេ​កន្ទុយលេខប៉ៅផ្តាច់ម៉ាក្រុងភ្នំពេញ?

ភ្នំពេញ៖ ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បង្ហើប​ឲ្យ​ដឹងថា កន្លងមក​លោក ហេង ឡា​លីន ដែលជា​មន្ត្រី​ប្រដាប់អាវុធ​ពាក់​ផ្កាយ​២ និង​លោក កែវ ចំរើន ដែលជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺជា​មេ​កន្ទុយលេខ​(​មេ​ឆ្នោត​យួន​)​ដ៏​ធំ​ក្នុង​រាជធានី​ភ្នំពេញ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​កន្ទុយលេខ​ឈ្មោះ ហេង ឡា​លីន និង​ឈ្មោះ កែវ ចំរើន មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ព្រោះ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ កាលពី​ជំនាន់​លោក ប៉ា សុជាតិ​វង្ស ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ ហើយ​លោក ជួន សុវណ្ណ ធ្វើជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​មេ​កន្ទុយលេខ​ឈ្មោះ ហេង ឡា​លីន និង​ឈ្មោះ កែវ ចំរើន អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ដល់ពេល​លោក ឃួ​ង ស្រេង ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស ថេត ធ្វើជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​មេ​កន្ទុយលេខ​២​នាក់​ខាងលើនេះ​បន្ត​អាជីវកម្ម​របស់​ពួកគេ​យ៉ាង​រលូន​ដដែល​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​កន្ទុយលេខ​ឈ្មោះ ហេង ឡា​លីន និង​ឈ្មោះ កែវ ចំរើន បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខណ្ឌ​ទាំង​១២ នៅ​រាជធានី​ភ្នំពេញ បានដឹង​យ៉ាងច្បាស់​ពី​រឿង​បុគ្គល​ទាំង​២​នាក់​នេះ​បើក​ល្បែង​កន្ទុយលេខ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​ល្បែង​កន្ទុយលេខ​ទាំង​២​នាក់​នេះ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​បណ្ដា​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ ទើប​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ​។ រហូតមកដល់​ពេលនេះ​មេ​កន្ទុយលេខ​ឈ្មោះ ហេង ឡា​លីន និង​ឈ្មោះ កែវ ចំរើន នៅតែ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បើទោះបី​មានការ​ផ្លាស់ប្ដូរ​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ចូល​ជំនួស​លោក ជួន សុវណ្ណ រួចទៅហើយ​ក៏ដោយ​។

តាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ឥឡូវនេះ​មេ​កន្ទុយលេខ​ឈ្មោះ ហេង ឡា​លីន និង​ឈ្មោះ កែវ ចំរើន កំពុង​ស្វះស្វែង​ដើម្បី​ឲ្យ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ពួកគេ​អាច​បន្ត​អាជីវកម្ម​ល្បែង​កន្ទុយលេខ​តាម​អំពើ​ចិត្ត​ទៀត​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​ព្រោះ​ក្រោយពេល​លោក ស ថេត មកកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​មេ​កន្ទុយលេខ​ឈ្មោះ ហេង ឡា​លីន និង​ឈ្មោះ កែវ ចំរើន នៅតែ​ជា​មេ​ល្បែង​កន្ទុយលេខ​ដ៏​ល្បីល្បាញ​ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ពួកគេ​នោះទេ​។ បើ​និយាយ​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​គ្រប់​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ប៉ះពាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហេង ឡា​លីន និង​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈ្មោះ កែវ ចំរើន ជា​មេ​ល្បែង​ឆ្នោត​យួន​ដែលមាន​ខ្នងបង្អែក​រឹងមាំ​នោះឡើយ​៕

Loading...