ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក បែន រ័ត្ន កំពុង​ល្បី​ខាង​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​

ខេត្តត្បូងឃ្មុំ៖ ​ករណី​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ឃុបឃិត​ឲ្យ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បង្កើត​កុងត្រូលជជុះ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​បណ្ដោយ​ឲ្យ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ បង្កើត​ប៉ុស្ដិ៍​ជជុះ​ជាច្រើន​កន្លែង​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​ប៉ុស្ដិ៍​ជជុះ​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចំនួន​៧​កន្លែង គឺ​ទី​១-​នៅ​ច្រក​ទ​ន្លូ​ង ទី​២-​នៅ​ច្រក​ជាំ​ក្រវៀន ទី​៣-​នៅ​ច្រក​ជាំ ទី​៤-​នៅ​ច្រក​ចាន់​មូល ទី​៥-​នៅ​ច្រក​រូង ទី​៦-​នៅ​ច្រក​ទ្រាក និង​ទី​៧-​នៅ​ច្រក​ដារ​។ ប៉ុស្ដិ៍​ជជុះ​ទាំង​៧​កន្លែង​នេះ​បង្កើតឡើង​សម្រាប់​ជំរិត​យកលុយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ដឹកជញ្ជូន​កសិផល​ទៅ​ស្រុក​យួន និង​គាប​យកលុយ​ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ទឹកដី​យួន​មក​ទឹកដី​ខ្មែរ​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​បំពាន​លើ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ យ៉ាង​គឃ្លើន​ទាក់ទង​ទៅនឹង​ការលុបបំបាត់​កុងត្រូលជជុះ​ដែល​រំខាន​របរ​រកស៊ី​រប​ស់​ប្រជាពលរដ្ឋ​។

ជាក់ស្ដែង​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​មាន​ប៉ុស្ដិ៍​ជជុះ​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ជាច្រើន​កន្លែង​ហើយ​ប៉ុស្ដិ៍​ជជុះ​ទាំងនោះ គឺជា​ប្រភព​ចំណូល​របស់លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។ មានការ​រិះគន់​ចំៗ​ថា​សូម្បីតែ​ប្រជាកសិករ​ខ្មែរ​ដឹកជញ្ជូន​កសិផល​ដូចជា ដំឡូង​មី ពោត​សណ្ដែក ម្រេច ល្ង ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រកព្រំដែន​ក៏​សមត្ថកិច្ច​តាម​កុងត្រូលជជុះ​ជំរិត​យកលុយ​យ៉ាង​គឃ្លើន​ដែរ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក បែន រ័ត្ន ដែលជា​ចៅហ្វាយនាយ​។​

សកម្មភាព​របស់លោក បែន រ័ត្ន និង​មន្ត្រីក្រោមឱវាទ កំពុង​ធ្វើ​ឲ្យ​មានការ​អំពាវនាវ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់​ជាពិសេស​គឺ​ការលុបបំបាត់​កុងត្រូលជជុះ​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ប្រកបដោយ​ប្រសិទ្ធភាព​។

បើ​មិន​ដូច្នេះ​ទេ​លោក បែន រ័ត្ន នៅតែ​បណ្ដាល​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​បង្កើត​កុងត្រូលជជុះ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​សូម្បីតែ​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។

មនុស្ស​ស្និទ្ធ​នឹង​លោក បែន រ័ត្ន មួយចំនួន​ដូចជា លោក ធៀ​ម ដែន ហៅ​តក់ នាយប៉ុស្ដិ៍​នគរបាល​បឹង​ជ្រោង កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីត​តាម​ច្រក​បឹង​ជ្រោង យ៉ាង​ពេញបន្ទុក​ហើយ​ការដែល​លោក ធៀ​ម ដែន ហៅ​តក់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​លោក បែន រ័ត្ន ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។

មិនតែប៉ុណ្ណោះ​នៅក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម ល្បែងស៊ីសង និង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​លោក បែន រ័ត្ន មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​ ៕

 

Loading...