ស្នេហ៍តាមហ្វេសបុក ពេលបានខ្លួនប្រាណហើយចង់ដោះដៃ ខាងស្រីរត់មកប្តឹងនគរបាលពីបទរំលោភ

ភ្នំពេញ ៖ នារីម្នាក់បានមកដាក់ពាក្យបណ្ដឹងប្ដឹងប្រុសស្នេហ៍របស់ខ្លួន ពីបទប្រើហិង្សា និងរំលោភ រួចហើយដោះដៃរត់គេចខ្លួនបាត់ បន្ទាប់ពីនាងប្រលែងលេងនឹងអណ្ដាតភ្លើងស្នេហ៍តាមហ្វេប៊ុក រហូតទប់ចិត្តទប់អារម្មណ៍មិនបាន ប្រគល់ខ្លួនប្រាណឱ្យកន្លង់ព្រានដែលស្រេកឃ្លានតណ្ហា ពេលស៊ីឆ្អែតកាលណាកន្លង់ណាយផ្ការត់ចោលបាត់ រួចប្ដូរបង្គងថ្មីគ្មានអាល័យរូបស្រីថ្លៃ រស់រីងរៃម្នាក់ឯងចំបែងឯកា ។

កន្លង់ព្រានដែលនាងប្តឹងនោះឈ្មោះ សាន សឿន អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជនមួយ នៅផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំណែកនារីរងគ្រោះព្រោះស្នេហ៍តាមប្រព័ន្ធហ្វេសប៊ុកនោះ មិនត្រូវបានបង្ហើបអត្តសញ្ញាណឱ្យដឹងនោះទេ មានអាយុ៣៥ឆ្នាំ ជាបុគ្គលិកនៃក្រុមហ៊ុនឯកជនមួយនៅខេត្តកំពង់ចាម ។

បើតាមនាងអភ័ព្វស្នេហ៍បានរៀបរាប់ថា នៅរយៈពេលប្រហែលកន្លះឆ្នាំកន្លងមកនេះ នាងបានស្គាល់គ្នាជាមួយគ្រូបង្រៀនភាសាអង់គ្លេសសាលាឯកជនម្នាក់ តាមរយៈហ្វេសប៊ុក ដោយឆាតរកគ្នាសាសងស្នេហារហូតមក ប៉ុន្តែ៣ខែដំបូង យើងមិនបានស៊ីជម្រៅទេ ។

ក្រោយមក ដោយសារការលួងលោមប្រលោមស្នេហ៍របស់កន្លង់ព្រានដ៏ផ្អែមល្ហែម និងការសន្យាខ្យល់គ្រប់បែបយ៉ាង ថានឹងយកនាងជាគូអនាគតរហូតមិនឱ្យអូនព្រួយឡើយ ។ ប៉ុន្តែពេលនាងព្រមប្រគល់នូវរបស់ដ៏មានតម្លៃស្មើជីវិតទៅឱ្យប្រុស ជាសង្សារបណ្ដូលចិត្តរួចហើយ ប្រុសព្រាននោះបានលួងនាងបង្កាត់ភ្លើងស្នេហ៍រហូតបានរយៈពេល២ខែ ហើយចុងក្រោយនេះ គេក៏គេចបាត់រហូត ទូរស័ព្ទក៏តេមិនចូល អាខោនហ្វេសប៊ុករបស់នាងក៏គេប្លុកចោលទៀត មិនតែប៉ុណ្ណោះគេមានស្រីថ្មីបានបញ្ឈឺចិត្តនាងទៀតផង ។

នាងបន្តថា កាលពីមួយអាទិត្យមុន នាងបានមកផ្ទះដែលសង្សារជួលនៅទួលសង្កែ ហើយបានទាស់ពាក្យសំដីគ្នារហូតប្រុសព្រាននោះបានវាយនាងជាំដៃ ម្ខាង នាងបានមកប្ដឹងប៉ូលិសប៉ុស្តិ៍ ទួលសង្កែ តែប៉ូលិសមិនទទួលពាក្យបណ្ដឹងរបស់នាងទេ ។

នៅថ្ងៃទី៧ នាងបានចេញពីខេត្តកំពង់ចាម មកភ្នំពេញដើម្បីនិយាយគ្នាឱ្យដាច់ស្រេច ស្រាប់តែគេចាក់សោជាប់ ហើយនៅថ្ងៃទី៩ស្រាប់តែជននោះរើឥវ៉ាន់ចេញអស់ហើយគេចខ្លួនបាត់ ។

ដោយនាងអស់សង្ឃឹមមិនដឹងទៅណាក៏មកប្តឹងសមត្ថកិច្ច តែត្រូវមេប៉ុស្តិ៍ទួលសង្កែស្រែកឡូឡាស្តីឱ្យបន្ថែមទៀត ។
មជ្ឈដ្ឋានមហាជនតែងតែធ្វើការរិះគន់អំពីការមិនយកចិត្តទុកដាក់ទទួល ពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលរត់ទៅឱ្យសមត្ថកិច្ចជួយ ជាពិសេស គឺប៉ុស្តិ៍ទួលសង្កែនេះតែម្ដង ជាក់ស្ដែងដូចជារឿងនារីរងគ្រោះខាងលើនេះ គ្នារត់ទៅរកសមត្ថកិច្ចឱ្យជួយ តែបែរជាមិនត្រូវបានគេយកចិត្តទុកដាក់ឡើយ ៕

111-600x296

Loading...

Leave a Reply

Your email address will not be published. Required fields are marked *