ស្ពានមួយកន្លែងរងការខូចខាត ពិបាកក្នុងការធ្វើដំណើររាល់ថ្ងៃ មន្ត្រីជំនាញហាក់គ្មានការអើពើ ជួសជុលសោះ

ខេត្តកំពង់ស្ពឺ៖ ពិតជាប្រឈមនិងងាយរងគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពានដែក(ស្ពានបេឡេ) មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិ១ខ្សែរ ដែលតភ្ជាប់ពីផ្លូវលេខ៤ឆ្ពោះទៅផ្លូវជាតិលេខ១៤៣ ក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលកំពុងរងការបាក់ស្រុតចំកណ្តាលស្ពាន។ ប្រជាពលរដ្ឋរអ៊ូរទាំនិងសម្តែងក្តីបារម្ភពីការគ្រោះថ្នាក់ដែលនិងអាចកើតមានជាយថាហេតុ ខណៈធ្វើដំណើរឆ្លងកាត់ស្ពាននេះពេលថ្ងៃ ហើយពិសេសជាងនេះទៅទៀតនោះគឺពួកគាត់ធ្វើដំណើរនៅពេលយប់តែម្តង។

ប្រជាពលរដ្ឋបានរាយការណ៍ថាស្ពានដែកបេឡេនេះបានរងការបាក់ស្រុតចំពាក់កណ្តាលស្ពានដែលបង្កឡើងដោយរថយន្តធុនធំដឹកលើសទម្ងន់ កាលពីពេលកន្លងទៅ។ហើយក្រោយការបាក់ស្រុតអស់រយៈពេលច្រើនថ្ងៃ គេមិនដែលបានឃើញមន្ត្រីជំនាញឬអាជ្ញាធរពាក់ពន្ធ័ចុះទៅធ្វើការជួសជុលឬដាក់ស្លាកសញ្ញាសំគាល់ណាមួយដើម្បីសម្រួលឬជូនដំណឹងដល់អ្នកធ្វើដំណើរឲ្យបានដឹងនិងប្រុងប្រយត្ន័នោះទេ ផ្ទុយទៅវិញបានត្រឹមលើកដុំថ្មធំៗទម្លាក់ទៅក្នុងរណ្តៅដែលបានបាក់ស្រុតនោះតែប៉ុណ្ណោះ។

បុរសម្នាក់ជាអ្នកធ្វើដំណើរឆ្លងកាត់ ស្ពាននេះបានប្រាប់អ្នកយកព័ត៌មានយើងថា៖ គាត់ពិតជាមានការភ័យខ្លាចខ្លាំង ណាស់នៅពេលឆ្លងកាត់ស្ពាននេះ។ ស្ពាននេះរងការខូចខាតបាក់ស្រុត យូរហើយតែគ្មានជំនាញណាអើពើសោះ មានជំនាញសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងជំនាញធនធានទឹកនិងឧតុនិយមខេត្ត ថាមិនជួសជុលក៏ហីចុះត្រឹមតែស្លាកសញ្ញាជូនដំណឹងមួយឬពីរក៏មិនដាក់ឲ្យដែរ ។ អ្នកធ្វើដំណើរគឺងាយនឹងរងគ្រោះថ្នាក់ណាស់ពិសេសអ្នកឆ្លងកាត់ពេលយប់និងអ្នកឆ្លងកាត់ម្តងម្កាល ដែលមិនស្គាល់ស្ថានភាពផ្លូវច្បាស់នោះ។

ប្រជាពលរដ្ឋនិងអ្នកធ្វើការដំណើរធ្វើការ សំណូមពរសុំអោយមន្ទីរពាក់ពន្ធ័និងអាជ្ញាធរដែនដីពន្លឿនការជួសជុលនិងដាក់ស្លាកសញ្ញាគ្រោះថ្នាក់ផងដើម្បីអោយអ្នកធ្វើដំណើរបានដឹង។

ប្រជាពលរដ្ឋនិងអ្នកធ្វើការដំណើរលើកឡើងថា ការបាក់ស្រុតស្ពានដែក(ស្ពានបេឡេ)នេះ គឺដោយសារតែរថយន្តដឹកដី របស់ក្រុមឈ្មួញម្នាក់ ដែលដឹកឆ្លងកាត់ ហើយបាក់ស្រុតមិនទទួលខុសត្រូវ ដោយឃើញស្ពានបាក់ស្រុត មានលោកឧកញ៉ាម្នាក់ មានទឹកចិត្ដនិងគំរោង ប្រុងធ្វើការជួសជុលដែរ ប៉ុន្តែមានអ្នកជំទាស់ថា នៅទឹកដីរបស់គេ រកស៊ីមិនអាចឲ្យអ្នកណាម្នាក់ លូកដៃបានឡើយ។

ជុំវិញការស្នើរសុំនេះលោក ស៊ូ សុន្ទរ៉ា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានប្រាប់ តាមទូរសព្ទ័ថា ស្ពានដែលរងការខូច ខាតនិងបាក់ស្រុតខាងលើនេះ គឺមិន មែនជាសមត្ថកិច្ចរបស់លោកជាអ្នកធ្វើនោះទេ រដ្ឋបាលខេត្តបានប្រគល់តួនាទីនេះទៅអោយមន្ទីរធនធានទឹកខេត្តជាអ្នកទទួលធ្វើ ដូច្នេះមន្ទីរសាធារណការអត់មានសមត្ថកិច្ចអ្វីក្នុងការជួសជុលទេ។

ឆ្លើយតបជាមួយនិងការលើកឡើងនេះលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺក៏បានប្រាប់តាមទូរសព្ទ័ដែរថាស្ពានដែកដែលរងការខូចខាតនៅចំនុចភូមិព្រៃផ្តៅនិងភូមិត្រពាំងខ្យង គឺមន្ទីរធនធានទឹកជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ ប៉ុន្តែមិនមែនពេលនេះទេគឺរងចាំនៅក្រោយថ្ងៃចូលឆ្នាំខ្មែររួច ទើបមានពេលវេលាធ្វើការសាងសង់ និងជួសជុលបាន។ ការនិយាយរបស់លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ បែបនេះហាក់បីដូចជា គ្មានពេលសម្រាប់ បំរើការងារជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពានដែក ដែលរងការខូចខាត បាក់ស្រុតមួយសោះ លោកប្រធានមន្ទីរ គ្មានចំណាត់ការ ដោះស្រាយទាល់តែសោះ៕

Loading...