ពាក្យចរចាមអារ៉ាមស្តីអំពីស្មាតហ្វូន OnePlus 8Tនេះបានចែកចាយនៅលើបណ្តាញអ៊ីនធើណេតច្រើនថ្ងៃកន្លងមកហើយ ។ លក្ខណៈពិសេសរបស់ស្មាតហ្វូន OnePlus 8T មួយចំនួន ត្រូវបានបែកធ្លាយផងដែរ ។ បច្ចុប្បន្ននេះ កាលបរិច្ឆេទសម្ពោធអំពីស្មាតហ្វូន ក៏បានបែកធ្លាយនៅលើបណ្តាញព័ត៌មាន Ishan Agarwal។ នេះបើតាម www.mobile57.com ផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។
ប្រភពបានបញ្ជាក់ថា ព្រឹត្តិការណ៍សម្ពោធ OnePlus 8T នឹងកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។ គេថា បន្ទាប់ពីស្មាតហ្វូន OnePlus 8 Pro, ស្មាតហ្វូន OnePlus 8T នេះក្លាយជាស្មាតហ្វូនទីពីរ ដែលមានកម្រិត Refresh Rate ដល់ 120Hz ។
ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយ PriceBaba បានបញ្ជាក់លក្ខណៈពិសេសៗរបស់ស្មាតហ្វូន OnePlus 8Tផងដែរ។ គេរំពឹងថា វានឹងមានអេក្រង់ទំហំ 6.55-inch FHD+ មានកម្រិតធ្វើឲ្យស្រស់ថ្លា (Refresh Rate)រហូតដល់ 120Hz ។ ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីបប្រភេទ Snapdragon 865 Plus SoC ។ ប្រតិបត្តិការដោយប្រព័ន្ធ Android 11 OS ស្រូបស្បែក OxygenOS 11 បច្ចេកវិទ្យាចុងក្រោយបំផុត ។
គេក៏បានដឹងទៀតថា ស្មាតហ្វូន OnePlus 8T មានជម្រើស២ផ្សេងគ្នា គឺវ៉ារ្យង់ទំហំរ៉េម៨ជីហ្គាបៃ សម្រាប់អង្គផ្ទុកទិន្នន័យ១២៨ជីហ្គាបៃ និងរ៉េមទំហំ១២ជីហ្គាបៃ អង្គផ្ទុកទិន្នន័យទំហំ២៥៦ជីហ្គាបៃ ។
ផ្នែកកាមេរ៉ាវិញ ស្មាតហ្វូន OnePlus 8T ប្រហែលបំពាក់កាមេរ៉ា៤គ្រាប់ ។ កាមេរ៉ាមេទំហំ៤៨មេហ្គាភីកសែល, កាមេរ៉ាទំហំ១៦មេហ្គាភីកសែល ប្រភេទ Ultra-Wide-Angle Lens, កាមេរ៉ា ទំហំ ៥មេហ្គាភីកសែល ប្រភេទម៉ាក្រូ (Macro) និងកាមេរ៉ាទំហំ ២មេហ្គាភីកសែល (Portrait Lens) ។ នៅផ្ទៃខាងមុខនៃស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ាទំហំ៣២មេហ្គាភីកសែលសម្រាប់ថតរូបសែលហ្វុី ដែលបុកទម្លុះអេក្រង់ ។
ចំណែកប៊ូតុងថាមពលវិញ ត្រូវបានរចនាឡើងនៅផ្នែកខាងឆ្វេង ។ ឧបករណ៍បំពងសំឡេង រចនានៅគែមខាងស្តាំនៃស្មាតហ្វូន ។ ស្មាតហ្វូន OnePlus 8T នេះប្រហែលបំពាក់ដោយថាមពលថ្មខ្លាំងទំហំ 4,500 mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W ៕ ថាច់ យ៉ាត