ស្រលាញ់គ្នារយៈពេលប្រហែល១០ឆ្នាំ ទើបតែបែកគ្នា រយៈពេលកន្លះខែ ខាងប្រុសចាក់ខាងស្រីស្លាប់នៅកន្លែង កើតហេតុ និងចាក់ខ្លួនឯងរងរបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានសង្ស័យចាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយជនសង្ស័យបានចាក់ខ្លួនឯងបណ្តាល ឲ្យរបួសធ្ងន់។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧នឹង២០នាទី ត្រង់ចំណុចផ្ទះលេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនរងគ្រោះ (សព)ឈ្មោះ វង្ស ម៉ាលីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល លេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឯកឌៀម វន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យលោកសង្ឃ) ។

វត្ថុតាងចាប់យក៖ កូនកាំបិតចិតបន្លែចំនួន០១។

លោកអធិការបានបន្តថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧នឹង២០នាទី ជនរងគ្រោះ(សព)ឈ្មោះ វង្ស ម៉ាលីដា ភេទស្រី អាយុ២៧ឆ្នាំ បាននាំប្អូនប្រុសម្នាក់ឈ្មោះ វង្ស សិរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ បើកកង់បីឥណ្ឌា ឌុបគ្នាមកប្រមូលអ៊ីវ៉ាន់ របស់ជនរងគ្រោះដឹកចេញពីផ្ទះជួលលេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះជនរងគ្រោះបានរើអ៊ីវ៉ាន់ដាក់លើម៉ូតូកង់បីឥណ្ឌារួចហើយបានរៀបតុផឹកស៊ីលាគ្នាជាមួយជនសង្ស័យឈ្មោះ ឯកឌៀម វន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ (ត្រូវជាសង្សារបស់ជនរងគ្រោះ ដែលបានស្រលាញ់គ្នារយៈពេលប្រហែល១០ឆ្នាំមកហើយ ទើបតែបែកគ្នា រយៈពេលកន្លះខែ) ការផឹកស៊ីនោះជនរងគ្រោះ និងជនសង្ស័យបានហៅមិត្តភក្តិមកចូលរួមថែមទៀតមានគ្នាទាំងអស់ចំនួន០៥នាក់ ទី១-ជនរងគ្រោះ ទី២-ជនសង្ស័យ ទី៣-ឈ្មោះ នុត សុជាតា ភេទស្រី អាយុ៣៤ឆ្នាំ (មិត្តភក្តិរបស់ជនរងគ្រោះ). ទី៤-ឈ្មោះ វង្ស សេរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ (ប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ), ទី៥-មិនស្គាល់ឈ្មោះ ភេទប្រុស (មិត្តភក្តិរបស់ ជនសង្ស័យ)។

ពេលផឹកស៊ីជនរងគ្រោះ និងជនសង្ស័យ រួមជាមួយនឹងប្អូនជនរងគ្រោះផឹកស្រាក្រហម ចំណែក០២នាក់ទៀត ផឹក ស្រាបៀរ Ganzberg ដល់ម៉ោងកើតហេតុ ជនរងគ្រោះបានឱ្យប្អូនប្រុសឈ្មោះ វង្ស សេរីរតនៈ ដឹកអ៊ីវ៉ាន់យកទៅទុកសិន ហើយមិត្ត ភក្តិរបស់ជនសង្ស័យម្នាក់ទៀតក៏បានចេញទៅបាត់ដែរ នៅសល់តែជនរងគ្រោះ និងជនសង្ស័យ ជាមួយឈ្មោះ នុត សុជាតា ហើយ ឈ្មោះ នុត សុជាតា ក៏បានដើរទៅចៀនត្រីនៅកន្លែងដាំស្លខាងក្រោយ ស្រាប់តែឮសូរសំឡេងប្រាវ ក្រឡេកមើលមកឃើញជនរងគ្រោះដេកផ្កាប់មុខនៅក្នុងថ្លុកឈាម ហើយជនសង្ស័យកំពុងតែកាន់កាំបិតដងជ័រចុងស្រួច ប្រវែងប្រហែល៣០សង់ទីម៉ែត្រ ធ្វើ សកម្មភាពចាក់លើខ្លួនឯង (ជនសង្ស័យ) បណ្តាលឱ្យដួលដេកនៅលើថ្លុកឈាមទាំង០២នាក់ ។

បន្ទាប់មកឈ្មោះ នុត សុជាតា ក៏បានរត់ចេញទៅខាងក្រៅស្រែកឆោឡោឱ្យអ្នកជិតខាង ហើយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានចុះទៅជួយ អន្តរាគមន៍ នាំជនសង្ស័យទៅសង្គ្រោះនៅគ្គីនិកសួគ៌ា ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រួចបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ លោកសង្ឃ ហើយបានរាយការណ៍ទៅការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យ តុលាការ ឱ្យចុះមកសហការពិនិត្យសាកសពជនរងគ្រោះ ។ ក្រោយពីពិនិត្យរួចបានឃើញមានស្លាកស្នាមលើ ជនរងគ្រោះ ចំនួន ០៣កន្លែង ទី១.ស្នាមដាច់ឆូតលើបាតដៃខាងឆ្វេង០១កន្លែង ទី២.ស្នាមដាច់ឆូតលើបាតដៃខាងស្តាំ០១កន្លែង ទី៣.ស្នាមចាក់ ចំកខាងស្តាំធ្លុះទៅខាងក្នុង០១កន្លែង បណ្តាលឱ្យហូរឈាមដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ។

ចំណែកជនសង្ស័យ មានរបួសចំនួន ០២កន្លែង ទី១.ស្នាមអារកខាងឆ្វេង០១កន្លែង ទី២.ស្នាមចាក់ចំលើដោះខាងឆ្វេង០១កន្លែង រងរបួសធ្ងន់ធ្ងរ។ បន្ទាប់ពីធ្វើកោ សល្យវិច័យរួច លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន (គ្រូពេទ្យកោសល្យវិច័យ រាជធាបីភ្នំពេ) បានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ ដោយសារការចាក់ក រួចសមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះ ឱ្យទៅឈ្មោះ វង្ស សេរីរតនៈ (ប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ) យកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕

Loading...