ស្រវឹងស្រាទៅច្រូតស្មៅយកមកឲ្យគោស៊ី បែរជាលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ចាម៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈស្រវឹងស្រាហើយទៅរកច្រូតស្មៅយកមកឲ្យសត្វគោស៊ី ប៉ុន្តែអកុសល បែរជាលង់ទឹកស្រះស្លាប់ ដោយពុំមាននរណាម្នាក់បានឃើញ និងធ្វើសកម្មភាពជួយទាន់ពេលវេលានោះឡើយ ។

ហេតុការណ៍បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្រះទឹកខាងលិចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសរងគ្រោះឈ្មោះ ខេង សឿន អាយុ៤៦ឆ្នាំ រស់នៅភូមិ ឃុំ ស្រុកខាងលើ ។ នៅមុនពេលកើតហេតុ គឺថ្ងៃទី១៤ ខែកុម្ភៈ បុរសរងគ្រោះបានចេញផ្ទះក្នុងគោលបំណងទៅច្រូកស្មៅយកមកឲ្យគោស៊ី ។ ប៉ុន្តែរហូតដល់ព្រលប់ថ្ងៃ ខែ ឆ្នាំដដែលទៅហើយ ក្រុមគ្រួសារមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញទេ ក៏កើតការសង្ស័យនាំគ្នាដើររករហូតដល់ចំណុចមាត់ស្រះខាងលើ ក៏ប្រទះឃើញគំនរស្មៅ មិនឃើញមនុស្ស ។

ប្រភពបន្តថា គ្រានោះ ក្រុមគ្រួសារបាននាំគ្នាចុះស្រះទឹករាវរក ក៏ប្រទះឃើញ ខេង សឿន លង់ទឹកស្លាប់បាត់ទៅហើយ ទើបរាយការណ៍ឲ្យសមត្ថកិច្ចជំនាញចុះមកពិនិត្យធ្វើកោសល្យវិច័យ ។ ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា នៅមុនចេញពីផ្ទះទៅរកច្រូតស្មៅ ជនរងគ្រោះផឹកស្រាស្រវឹងជោក ហើយខណៈកំពុងឱនច្រូតស្មៅ ក៏ទំនងជារអិលជើងធ្លាក់ចុះក្នុងស្រះទឹកតែម្តង ។

លោក សំណាល់ អធិការស្រុកបាធាយបានឲ្យដឹងថា ក្រោយជំនាញពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសព ឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីដែលកត់សម្គាល់ថា ជាករណីឃាតកម្មនោះឡើយ ជនរងគ្រោះពិតជា​លង់ទឹកស្លាប់ប្រាកដមែន ក៏ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សុភ័ណ្ឌ

Loading...