ស្រវឹងស្រា​កីឡាកាស​មាស​វាយ​មិត្តភក្តិ​ស្លាប​នៅ​ស្រុក​ស្រី​សន្ធរ​

​ខេត្តកំពង់ចាមៈ​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​មិត្តភក្តិ​របស់​ខ្លួន​ក្នុង​វង់​ផឹកស៊ី​ជាមួយ​គ្នា​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ខេត្តកំពង់ចាម​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ និង​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​ ។​

​លោក​ខេ​ង​ ស្រេង​ អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បាន​ឲ្យ​ដឹង​ថា​ នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ត្រូវ​គេ​វាយ​សម្លាប់​នៅ​ចំណុច​វាលស្រែ​ខាងកើត​វត្ត​ស្យា​វិហារ​រាម​ ស្ថិត​ក្នុងភូមិ​ស្យា​បឹង​វែង​ ឃុំ​បារាយណ៍​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​។​

​ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តមសេនីយ៍ត្រី​ បែន​ រ័​ត្ន​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ចាត់វិធានការ​ឲ្យ​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្ម​ណ្ឌ​កម្រិត​ធ្ងន់​ និង​ជំនាញ​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្តកំពង់ចាម​ចុះ​ស្រាវជ្រាវ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​។​

​នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​ចម្រុះ​បាន​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ចំនួន​៣​នាក់​ ហើយ​ក៏​ស្វែងរក​ចាប់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ លី​ ឈី​ត​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្យា​បឹង​វែង​ ឃុំ​បារាយណ៍​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ហើយ​បាន​នាំ​ខ្លួន​មក​អធិការដ្ឋាន​ដើម្បី​សាកសួរ​។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ លី​ ឈី​ត​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ប្រហែល​១២​ ពួក​ខ្លួន​មាន​គ្នា​៤​នាក់​បាន​ជួបជុំ​គ្នា​ផឹកស្រា​កីឡាកាស​មាស​នៅ​កន្លែង​កើតហេតុ​ ពេល​ផឹក​ស្រវឹង​ទាំងអស់​គ្នា​ក៏​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ឈ្មោះ​ យ៉​យ​ យ៉ិ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ នៅ​ភូមិ​ស្យា​បឹង​វែង​ជាមួយ​គ្នា​ ។​

​នៅ​ពេល​ឈ្លោះប្រកែក​គ្នា​នោះ​ ខ្លួន​(​លី​ ឈី​ត​)​ បាន​យក​ដប​ស្រា​កីឡាកាស​មាស​វាយ​ក្បាល​ឈ្មោះ​ យ៉​យ​ យ៉ិ​ន​ (​ជន​រង​គ្រោះ​)​ ឯ​ឈ្មោះ​ យ៉ែ​ន​ នួន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ បាន​យក​តំបង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ ខណៈនោះ​ឈ្មោះ​ រុំ​ វឹង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ បាន​យក​ដុំ​ថ្ម​ គប់​លើ​ឈ្មោះ​ យ៉​យ​ យ៉ិ​ន​ ។​ ក្រោយ​ពី​ដឹង​ថា​ ឈ្មោះ​ យ៉​យ​ យ៉ិ​ន​ ស្លាប់​ហើយ​ ពួក​ខ្លួន​ទាំង​៣​នាក់​បាន​នាំ​គ្នា​រត់គេច​ខ្លួន​។​

​លោក​ណោ​ ឌី​ណា​ នាយ​រង​នាយការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា​ សព​ជន​រង​គ្រោះ​មាន​ស្នាម​បែកក្បាល​ផុត​លលាដ៍​ និង​ស្នាម​ចាក់​នឹង​ដប​ចំ​ឆ្អឹងជំនី​ ។​ លោក​អធិការ​ខេ​ង​ ស្រេង​បាន​បញ្ជាក់​ថា​ សព​ជន​រង​គ្រោះ​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ លី​ ឈី​ត​ ត្រូវ​នាំ​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​ប្រពៃណី​ និង​សុំ​ដីកា​តាម​ចាប់ខ្លួន​បក្ខពួក​ដែល​រត់គេច​ខ្លួន​ ៕​ សុ​ភ័​ណ្ឌ​

IMG-20150312-WA0040
IMG-20150312-WA0041
IMG-20150312-WA0039
IMG-20150312-WA0042
IMG-20150312-WA0037

Loading...

Leave a Reply

Your email address will not be published. Required fields are marked *