ស្រីលង្កាចុះកិច្ចព្រមព្រៀងស្តីពីកំពង់ផែ Hambantota ជាមួយចិន

ស្រីលង្កាបានចុះហត្ថលេខាលើទឹកប្រាក់១.១ពាន់លានដុល្លារជាមួយប្រទេសចិនគ្រប់គ្រង និងអភិវឌ្ឍន៍កំពង់ផែសមុទ្រជ្រៅភាគខាងត្បូង Hambantota ។

កិច្ចព្រមព្រៀងបានពន្យារពេលច្រើនខែ ទាក់ទងកង្វល់ព្រួយបារម្ភថា កំពង់ផែនេះអាចប្រើប្រាស់ដោយយោធាចិន។

រដ្ឋាភិបាលធានាថា ចិនប្រើប្រាស់កំពង់ផែក្នុងប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះ ដែលជាផ្លូវទឹកយ៉ាងសំខាន់រវាងទ្វីបអាស៊ីនឹងអឺរ៉ុប។

រដ្ឋាភិបាលស្រីលង្កាថ្លែងថា ទឹកប្រាក់ទាំងនោះជួយដល់ការសងបំណុលបរទេស។

កិច្ចព្រមព្រៀង ក្រុមហ៊ុនរដ្ឋចិនជួលកំពង់ផែនោះរយៈពេល៩៩ឆ្នាំ និងទីតាំងជិតកំពង់ផែនេះប្រមាណ១៥០.០០០ហិកតាធ្វើជាតំបន់ឧស្សាហកម្ម។

គម្រោងនោះត្រូវបណ្តេញពលរដ្ឋរាប់ពាន់នាក់ចេញពីលំនៅឋាន ។ ប៉ុន្តែរដ្ឋាភិបាលអះអាងថា នឹងផ្តល់ដីកន្លែងថ្មីជូនពួកគាត់។

ប្រទេសចិនបានចាក់លុយរាប់លានដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធស្រីលង្កា តាំងពីសង្គ្រាមស៊ីវិលបញ្ជប់ក្នុងឆ្នាំ២០០៩។

សហជីពលករកំពង់ផែបានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅតាមដងវិថីនានាក្នុងរដ្ឋធានីកូឡុំបូ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។

ក្តារមឈូសមួយត្រូវបាតុករសែងខ្វាត់ខ្វែងតាមដងផ្លូវនានា ដោយបិទរូបថតប្រធានាធិបតី Maithripala Sirisena និងនាយករដ្ឋមន្ត្រីRanil Wickremasinghe ហើយបានដុតភ្លើងឆេះកម្ទេចចោល។

កំពង់ផែHambantota ត្រូវគេរំពឹងថា ផ្តល់សារសំខាន់បំផុតលើផែនការរបស់ចិនដែលឲ្យឈ្មោះថា ខ្សែក្រវាត់តែមួយ ផ្លូវតែមួយ ឬផ្លូវសរសៃសូត ដែលភ្ជាប់កំពង់ផែ និងផ្លូវរវាងចិន នឹងអឺរ៉ុប។

គូប្រជែងពាណិជ្ជកម្មរបស់ចិន គឺឥណ្ឌា និងជប៉ុនកំពុងសម្លឹងមើលមិនដាក់ភ្នែកសកម្មភាពក្រុងប៉េកាំងពេលនេះ។

ក្រុមប្រឆាំងគម្រោងខាងលើថ្លែងថា ពួកគេបារម្ភភ័យព្រួយខ្លាចចិនចូលធ្វើអាណានិគមន៍។ ព្រួយបារម្ភបន្ថែមទៀតនោះគឺថា ទាហានជើងទឹកចិនអាចប្រើប្រាស់កំពង់ផែនេះធ្វើជាបន្ទាយរបស់ពួកគេ។

លោក Namal Rajapaksa​ តំណាងរាស្ត្រគណបក្សប្រឆាំង សហសម្ព័ន្ធសិរីភាពប្រជាជន(UPFA)ថ្លែងថា «យើងប្រឆាំងនេះ ពីព្រោះវាបំផ្លាញអធិបតេយ្យរបស់យើង» ។ លោក Rajapaksa​ ជាកូនប្រុសច្បងរបស់អតីតប្រធានាធិបតីស្រីលង្កា Mahinda Rajapaksa បញ្ជាក់ថា «យើងតែងតែគិតថា កំពង់ផែ Hambantota ជាឱកាសដ៏ធំបំផុតមួយសម្រាប់សេដ្ឋកិច្ចរបស់យើង ដោយសារវាជាទីតាំងប្រកបដោយយុទ្ធសាស្រ្ត តែរដ្ឋាភិបាលកំពុងបោះបង់វាចោល»។

ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភទាំងនេះ រដ្ឋាភិបាលស្រីលង្កាប្រកាសថា បានកែសម្រួលភាគហ៊ុនក្រុមហ៊ុនចិនប្រមាណ៧០ភាគរយ ។ មន្ត្រីក៏បានធានាថា កំពង់ផែមិនត្រូវបានប្រើដោយយោធាចិនឡើយ។

ថ្លែងប្រាប់អ្នកកាសែត លោក Ranil Wickremesinghe អះអាងថា «យើងផ្តល់ឲ្យប្រទេសជាតិនូវដំណោះស្រាយល្អប្រសើរ មិនប៉ះពាល់ដល់សន្តិសុខទេ»។ កិច្ចព្រមព្រៀងនេះជួយស្រីលង្កាគ្រប់គ្រងបំណុលបរទេសរបស់ខ្លួន ។

អ្នកយកការណ៍កាសែតប៊ីប៊ីស៊ីថ្លែងថា ការចុះហត្ថលេខាធ្វើឡើងនៅបរិវេណអគារអាជ្ញាធរកំពង់ផែស្រីលង្កា ក្នុងរដ្ឋធានី ។ កិច្ចព្រមព្រៀងចុះហត្ថលេខានៅម៉ោង១០និង៤៣នាទី ដែលគេចាត់ទុកថា ជាពេលវេលាដ៏ល្អ មានជោគលាភ ៕ សុមេធ

 

Loading...