ស្រូវប្រជាកសិករនៅភូមិអង្គ្រង និងភូមិដូនទ្រី កំពុងប្រឈមនិងការខ្វះទឹក ខណៈមន្ត្រីធនធានទឹកថាស្រូវនេះ ពលរដ្ឋធ្វើក្រៅផែនការខេត្ត

(បាត់ដំបង) ៖ មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ថានភាពស្រូវ ដែល កំពុងខ្វះ ទឹក ស្រោចស្រព នៅចំណុចភូមិអង្គ្រង និងភូមិដូនទ្រី ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ដើម្បីនាំយកទឹក ពីអាងស្តុក ធំៗខាងលើ មកជួយសង្គ្រោះជូនប្រជាកសិករ។ ការចុះពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
ប្រជាកសិករបានប្រាប់ឲ្យដឹងថា ស្រូវរបស់ពួកគាត់ បច្ចប្បន្នកំពុង ប្រឈមនឹងការខ្វះទឹក ស្រោចស្រព មានដូចជា ប្រភេទស្រូវសែនក្រអូប, ស្រូវអូអឹម ,និងស្រូវណាំបុងជាដើម ខណៈស្រូវទាំងនេះ ខ្លះមានអាយុកាលលើសពី១ខែខ្លះ ស្ថិតក្នុងដំណាក់កាលស្រូវធ្វើខ្លួន(មូលដើម)និងខ្លះទៀតកំពុងចេញផ្កា ។

ប្រជាកសិករបន្តថា ស្រូវទាំងអស់ខ្លះមានទឹកនៅតិចៗនិងខ្លះទៀតគោកដីបែកក្រហែង តែមិនទាន់ក្រៀមស្វិតនោះទេ ដូច្នេះពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ខ្លាចស្រូវស្វិតខណៈស្រូវដើមរដូវវស្សាឆ្នាំ២០២០កន្លងទៅ ត្រូវទឹកជំនន់ លិចខូចអស់ហើយ។ បញ្ហានេះពួកគាត់ស្នើសុំអាជ្ញាធរខេត្ត និង មន្ត្រីជំនាញធនធានទឹក ជួយអន្តរាគមន៍នាំទឹកមក ជួយសង្គ្រោះស្រូវពួកគាត់បានបន្ទាន់វេលាផង ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ បានឲ្យដឹងថា ចំពោះស្រូវនៅចំណុច ភូមិដូនទ្រីនិងភូមិអង្គ្រងនេះគឺជាស្រូវក្រៅផែនការរបស់ខេត្ត ក្នុងការស្ដារការដាំដុះឡើងវិញ ក្រោយពេលទឹក ជំនន់ស្រកទៅវិញខណៈស្រូវក្នុងផែនការត្រូវស្ដារឡើងវិញ មានប្រមាណ២ម៉ឺនហិកតា កំពុងមានទឹកដាក់គ្រប់គ្រាន់ ។

លោកបន្តថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមតែង ប្រាប់ឲ្យមន្ទីរតាមបណ្តាខេត្ត ត្រូវតែគិតគូរខ្វល់ខ្វាយ ក្នុងការជួយអន្តរាគមន៍ ស្រូវក្រៅផែនការនេះ ដោយត្រូវនាំទឹក ពីប្រភពនានា ដើម្បីយកមកស្រោចស្រពតាមសំណូមពររបស់ពលរដ្ឋទៅតាមលទ្ធភាព ហើយចំពោះមុខមន្ទីរ នឹងខិតខំ នាំទឹកពីប្រភពទំនប់អាងបាសាក់ ស្ថិតក្នុងស្រុករុក្ខគិរី មកជួយសង្គ្រោះស្រូវរបស់ពលរដ្ឋ នៅក្នុងភូមិទាំងពីរនេះឲ្យអស់ ពីលទ្ធភាព និងឲ្យបានទាន់ពេលវេលាតាមការចង់បានរបស់ពលរដ្ឋ ដើម្បីជួយស្ដារជីវភាពរបស់ពួកគាត់ឡើងវិញ បន្ទាប់ ពីបានរងការប៉ះពាល់ដោយទឹកជំនន់កាលពីឆ្នាំ២០២០នោះ ៕

Loading...