ស្រូវប្រាំងប្រមាណ៦០០ហិកតាររបស់ប្រជាកសិករនៅស្រុកថ្មគោលខ្វះទឹកស្រោចស្រព

ខេត្តបាត់ដំបង ៖ស្រូវប្រាំងកំពុងធ្វើខ្លួនត្រៀមចេញផ្លែប្រមាណ ៦០០ហិកតារ របស់ប្រជាកសិករនៅស្រុកថ្មគោល ខេត្តបាត់ដំបង ប្រឈមនឹងការខូចខាតក្នុងរយៈពេលប្រមាណ ២សប្ដាហ៍ខាងមុខទៀត ដោយសារដីបែកក្រហែង ហើយគ្មានទឹកដាក់បញ្ចូលស្រែជាង ១០ថ្ងៃមកហើយ។ ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុកថ្មគោល បញ្ជាក់ថា អាជ្ញាធរស្រុកកំពុងរកមធ្យោបាយជួយដល់ប្រជាពលរដ្ឋទាំងនោះ។
ប្រជាកសិករនៅស្រុកថ្មគោល កំពុងព្រួយបារម្ភខ្លាចដើមស្រូវងាប់អស់គ្មានសល់ ហើយគ្មានប្រាក់បង្វិលសងគេ ដែលបានខ្ចីទិញជីដាក់ស្រែនាពេលកន្លងទៅ។
លោកស្រី ហៀង ច្រិប ឲ្យដឹងនៅថ្ងៃទី២១ ធ្នូ ថា ស្រូវប្រាំងរបស់លោកស្រីចំនួន ៣ហិកតារ ចំណាយដើមទុនអស់ជិត ៣លានរៀល ហើយរំពឹងថានឹងបានផលដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ ស្ត្រីវ័យជិត ៥០ឆ្នាំរូបនេះបន្តថា ស្រូវរបស់គាត់ខ្វះទឹកជាង ១០ថ្ងៃទៅហើយ បើនៅពុំមានទឹកដាក់ទៀត ស្រូវនឹងខូចអស់ ហើយក៏ពុំដឹងថា រកប្រាក់ឯណាសងបំណុលគេបាននោះទេ៖ «ស្រូវដើម ស្អាតល្អ តែអត់មានទឹកដាក់ ខ្ញុំមិនដឹងថាដោះស្រាយយ៉ាងណាទេ បើចំណាយដើមទុនអស់ច្រើនបែបនេះ។ សូមឲ្យអាជ្ញាធរខេត្តបាត់ដំបង ជួយរកទឹកឲ្យពួកខ្ញុំដាក់ស្រែផង»។
ស្រូវប្រាំងប្រមាណជា ៦០០ហិកតាររបស់ប្រជាកសិករជាង ៣០០គ្រួសារនៅក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ប្រឈមមុខនឹងខូចខាតក្នុងរយៈពេលប្រមាណ ២សប្ដាហ៍ខាងមុខ ប្រសិនបើពុំមានទឹកដាក់បញ្ចូលស្រែទាន់ពេល ក្នុងនោះដីស្រែរបស់អ្នកភូមិខ្លះបែកក្រហែង ហើយដើមស្រូវឡើងក្រហមស្រពោនស្វិតបណ្ដើរៗ ដោយសារខ្វះទឹកបញ្ចូលស្រែជាច្រើនថ្ងៃ។
មេភូមិគោកត្រប់ លោក ដួង គិមអ៊ាត មានប្រសាសន៍ថា រូបលោក និងប្រជាពលរដ្ឋ បានស្នើសុំទៅអាជ្ញាធរស្រុកឲ្យជួយអន្តរាគមន៍បង្ហូរទឹកប្រឡាយពី ស្រុកបវេល ដើម្បីបញ្ចូលស្រែជាច្រើនលើកច្រើនសាមកហើយ តែពុំទាន់ទទួលបានទឹកនៅឡើយ៖ «កន្លងមកអាជ្ញាធរខេត្តបែងចែកទឹក មកឲ្យប្រជាកសិករក្នុងស្រុកបវេល និងស្រុកថ្មគោល ផ្លាស់ប្ដូរគ្នាមួយស្រុកម្ដង ១០ថ្ងៃ តែនៅស្រុកថ្មគោល មានឃុំច្រើនបែងចែកបែបនេះមិនគ្រប់គ្រាន់ទេ ព្រោះទៅអត់ដល់ឃុំនៅប៉ែកខាងក្រោមទេ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកថ្មគោល លោក គង់ លី មានប្រសាសន៍ទទួលស្គាល់ថា ស្រូវប្រាំងរបស់ប្រជាកសិករនៅឃុំតាម៉ឺន រាប់រយហិកតារ ពិតជាខ្វះទឹកដាក់ស្រែប្រាកដមែន ប៉ុន្តែលោកអះអាងថា មូលហេតុបែងចែកទឹកយឺតយ៉ាវ ដោយសារប្រឡាយមេបង្ហូរទឹកពីស្រុកបវេល មកឃុំតាម៉ឺន ឆ្ងាយ ហើយថាអាជ្ញាធរស្រុកកំពុងដោះស្រាយលើការងារនេះជូនប្រជាពលរដ្ឋទាំង នោះហើយ៖ «ធ្វើយ៉ាងម៉េចនឹងកើតទៅ បើយើងពឹងផ្អែកទៅលើប្រឡាយទឹកពីស្រុកបវេល តែមួយនោះ ប្រជាពលរដ្ឋជៀសមិនផុតនឹងការខ្វះទឹកដាក់ស្រូវទេ។ បញ្ហានេះទាល់តែថ្ងៃទី២៨ ខែធ្នូ បានគេបើកទឹកទៅឲ្យប្រជាពលរដ្ឋនៅឃុំតាម៉ឺន បាន»។
ស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលខ្វះទឹកស្រោចស្រព ពុំមែនមានតែឃុំតាម៉ឺន មួយប៉ុណ្ណោះទេ អាជ្ញាធរស្រុកថ្មគោល ឲ្យដឹងថា ប្រជាកសិករស្ទើរទូទាំងស្រុកទៅហើយ ប៉ុន្តែពុំទាន់កំណត់បានថាមានប៉ុន្មានគ្រួសារច្បាស់លាស់នៅឡើយ គឺមានផ្ទៃដីប្រមាណ ៣ពាន់ហិកតារ កំពុងប្រឈមមុខខូចខាត ដោយសារពុំមានទឹកគ្រប់គ្រាន់សម្រាប់ដាក់ស្រូវរបស់ពួកគាត់៕

47565681-4bc7-433c-85f8-e22da946c76c

Loading...

Leave a Reply

Your email address will not be published. Required fields are marked *