ស្រ្តីម្នាក់ទៀតបានស្លាប់ដោយសារកូវីដ១៩នៅរសៀលថ្ងៃនេះ

ភ្នំពេញៈក្រសួងសុខាភិបាលបានប្រកាសនៅព្រលប់ថ្ងៃទី៣១​ ខែមីនា​ នេះថសមានករណីស្លាប់ស្ត្រី​ អាយុ​ ២៨ឆ្នាំ ម្នាក់ទៀត​ ដោយសារ ជំងីកូវីដ-១៩​ នៅម៉ោង ១៤:៤០នាទី រសៀល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំដែលរស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩នាវេលាម៉ោង១៤:៤០នាទី រសៀល ថ្ងៃទី ៣១ ខែមីនា ។

នៅថ្ងៃទី ៣០ ខែមីនាស្ត្រីខាងលើត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ដោយមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយស្ត្រីខាងលើក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី ៣០ ខែមីនានេះដែរ ។

អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូងដោយសារគាត់មានជំងឺប្រចាំកាយដូចជា៖ ជំងឺទឹកនោមផ្អែម ប្រភេទ១ ជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺនេះធ្លាក់ក្នុងស្ថានភាព ធ្ងន់ធ្ងរ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះព្យាបាលតាមបច្ចេកទេស ដោយរួមផ្សំការប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមផងនោះ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤:៤០នាទី រសៀល ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរ ដំណាក់កាលចុងក្រោយ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕

Loading...