ស្រ្តីវ័យក្មេងរៀបចំទៅទទួលប្តីត្រូវម៉ូតូបុកស្លាប់នៅកណ្តាលផ្លូវ

ខេត្តរតនគិរី ៖ ម៉ូតូបានបុកជាមួយម៉ូតូ លាន់ដូចរន្ទះបាញ់ បណ្តាលឲ្យស្ត្រីម្នាក់ ជាកូនអនុប្រធានភូមិ ស្លាប់នៅកន្លែងកើតហេតុ និងយុវជន ២នាក់ បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ៨និង២០ នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅតាម បណ្តោយ ផ្លូវជាតិលេខ៧៨A ត្រង់ចំណុច ចំការកៅស៊ូចាស់ ជាផ្លូវចុះចំណោត ស្ថិតក្នុងភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

ក្រោយពេលកើតហេតុ រយៈពេល ២០នាទី មន្ត្រីប៉ូលិស ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅធ្វើការវាស់វែង និងជួយដឹកជនរងគ្រោះ ចំនួន ២នាក់ ដែលសន្លប់នៅកន្លែងកើតហេតុ ទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។ មុនពេលកើតហេតុ យុវជន ២នាក់ ជិះម៉ូតូឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1A-6869 ឌុបគ្នាពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។

លុះមកដល់កន្លែងកើតហេតុ ក៏វ៉ាក់ជាមួយម៉ូតូស្មាស់រីវ៉ូ ពណ៌ស អត់ស្លាកលេខមួយគ្រឿង ធ្វើដំណើរដោយនារីម្នាក់ មានឈ្មោះ តែម យ៉ាណា ជនជាតិគ្រឹង អាយុ ២៣ឆ្នាំ ជាកូនស្រីរបស់ តាតែម ជាអនុប្រធានភូមិ រស់នៅភូមិកើតហេតុខាងលើ ពេលកំពុងឡើងទួល ពីជើងទៅត្បូង ក៏បានបុកគ្នាចំពីមុខ យ៉ាងពេញទំហឹង បណ្តាលអោយនារីម្នាក់ ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ចំណែកយុវជនទាំង ២នាក់ សន្លប់ស្តូកស្តឹង ហើយម៉ូតូខូចខាតផ្នែកខាងមុខ ខ្ទាតចេញពីគ្នា ចម្ងាយជាង ១០ម៉ែត្រ ។

ចំណែកយុវជនទាំង ២នាក់ ដែលរងរបួស មានឈ្មោះ ណន សុខណេន អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាលែង ឃុំកាលែង ស្រុកលំផាត់ មានមុខរបរកម្មករជៀរជ័រ និងឈ្មោះ ប្រណាល់ ហៅជ្រុញ អាយុ ២៥ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិតង ឃុំអូរជុំ ស្រុកអូរជុំ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ហើយយុវជនទាំង ២នាក់នេះ មិនទាន់ដឹងថា មួយណាជាតៃកុង ម៉ូតូនោះទេ។ បើតាមសាច់ញាតិ ក្រុមគ្រួសារស្ត្រីរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះទៅទទួលបី្ត មកពីភ្នំពេញ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់គួរឲ្យអាណោចអាធ័ម៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *