ស្លាប់ជាង១០០នាក់ដោយសារធ្លាក់យន្តហោះនៅគុយបា

មនុស្សជាង 100 នាក់បានស្លាប់បន្ទាប់ពីយន្តហោះ Boeing 737 មួយគ្រឿងបានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Jose Marti ក្នុងទីក្រុងឡាហាវ៉ាន។

កាសែត Granma របស់គណបក្សកុម្មុយនីស្តគុយបាបានរាយការណ៍ថា មនុស្ស 3 នាក់បានរួចជីវិត ប៉ុន្តែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យន្តហោះប៊ូអ៊ីង 737 បានចាប់ផ្តើមចេញដំណើរនៅវេលាម៉ោង 12 និង 08 នាទី ថ្ងៃសុក្រ នៅលើជើងហោះហើរក្នុងស្រុកមួយ ទៅកាន់ទីក្រុង ហូលហ្គីន (Holguin)។

យោងតាមក្រុមហ៊ុនម៉ិកស៊ិក (Mexican)បានឱ្យដឹងថា យន្តហោះនេះដឹកអ្នកដំណើរ និងនាវិក 110 នាក់។

មានសមាជិកនាវិកម៉ិកស៊ិកចំនួន 6 នាក់នៅលើជើងហោះហើរនេះដែរ ហើយអ្នកដំណើរភាគច្រើនគឺពលរដ្ឋគុយបា ដោយមានជនបរទេស 5 នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់។ នេះបើតានវេបសាយ Cubadebate របស់រដ្ឋគុយបាបានរាយការណ៍ឲ្យដឹង។

លោក Miguel Diaz-Canel ប្រធាននាធិបតីគុយបាបានថ្លែងបន្ទាប់ពីចុះត្រួតពិនិត្យដោយផ្ទាល់ដល់កន្លែងធ្លាក់យន្តហោះថា “មានគ្រោះថ្នាក់ជើងហោះហើរ ។ ព័ត៌មានមិនទាន់បញ្ជាក់ច្បាស់លាស់ទេ ។ វាទំនងជាចំនួនជនរងគ្រោះកើនឡើងច្រើន ។

ទូរទស្សន៍រដ្ឋបានផ្សាយថា វាជាជើងហោះហើរក្នុងស្រុកមួយ ពីរដ្ឋធានីគុយបា ទៅទីក្រុងហូលហ្គីន នៅភាគខាងកើតនៃដែនកោះនេះ ។

យន្តហោះនេះត្រូវបានជួលឱ្យក្រុមហ៊ុនអាកាសចរណ៍ Cubana de Aviación ដោយក្រុមហ៊ុនអាកាសចរណ៍ម៉ិកស៊ីកូ Aerolineas Damojh ។

អាជ្ញាធរម៉ិកស៊ិកបាននិយាយថា យន្ដហោះនេះត្រូវបានកសាងឡើងក្នុងឆ្នាំ 1979 ហើយត្រូវបានត្រួតពិនិត្យដោយជោគជ័យកាលពីខែវិច្ឆិកា ៕

Loading...