ស្លាប់និងរងរបួសជាង៣០០នាក់ដោយការរញ្ជួយដីក្នុងប្រទេសជប៉ុន

ទីក្រុង អូសាកា ស្ថិតនៅភាគខាងលិចរបស់ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានរងការវាយប្រហារពីគ្រោះរញ្ជួដីសម្លាប់មនុស្សយ៉ាងតិច៣នាក់ និងជាង៣០០នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ។

រដ្ឋាភិបាលបានប្រកាសផ្អាកជាបណ្តោះអាសន្នសង្វាក់ផលិតកម្មនៅតាមរោងចក្រនានា និងផ្អាកការផ្គត់ផ្គង់ទឹក ។ ការរញ្ជួយដីនៅវេលាព្រឹកនេះ សម្លាប់មនុស្ស៣នាក់ ក្នុងនោះមានក្មេងស្រីអាយុ៩ឆ្នាំផងដែរ ។

ជញ្ជាំងសាលារៀនបានបាក់សង្កត់លើកុមារីរងគ្រោះស្ថិតនៅទីក្រុង Takatsuki ភាគខាងជើងទីក្រុង Osaka ។ តាមប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ។

ភ្នាក់ងារ NHK បន្តថា លោកយាយអាយុ៨០ឆ្នាំម្នាក់ ក៏ត្រូវជញ្ជាំងផ្ទះសង្កត់ស្លាប់ និងបុរសម្នាក់ទៀត​ត្រូវទូដាក់សៀវភៅក្នុងផ្ទះរបស់ខ្លួនរលំសង្កត់ពីលើស្លាប់ដែរ និងជាង៣០០នាក់ផ្សេងទៀតបានរងរបួស។

ទីភ្នាក់ងារខាងអង្កេតភូមិសាស្ត្រអាមេរិកបានឲ្យដឹងថា ការរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ តែក្រោយមកថា ៦.១រ៉ិចទ័រ​ វាយប្រហារកម្រើកញាប់ញ័រក្នុងជម្រៅរហូតដល់១៥.៤គីឡូម៉ែត្រ ។ ប៉ុន្តែទោះបីយ៉ាងណា មិនបង្កឲ្យមានរលកយក្សស៊ូណាមិនោះទេ ។

ភ្នាក់ងារនេះនិយាយថា ការរញ្ជួយដីចំណុចកណ្តាលស្ថិតនៅអាណាខេត្តភាគកណ្តាល រដ្ឋធានីខាងលើ ក្នុងជម្រៅ១៣គីឡូម៉ែត្រ ។ តែគ្មានរលកយក្សស៊ូណាមិទេ ។ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ថ្លែងថា រដ្ឋាភិបាលរួមកម្លាំងបំពេញភារកិច្ច យកការសង្គ្រោះអាយុជីវិតប្រជាជន ជាអាទិភាពចម្បង ។

លោកបន្តថា ការផ្គត់ផ្គង់ហ្គាសឧស្ម័យត្រូវផ្អាកបណ្តោះអាសន្ន ប៉ះពាល់លំនៅឋានពលរដ្ឋជាង១០០.០០០ខ្នង, ការផ្គត់ផ្គង់ទឹក ត្រូវផ្អាក់ទ្រង់ទ្រាយកាន់តែធំជាងមុន ។

មន្ត្រីក្នុងតំបន់និយាយថា មិនមានរបាយការណ៍អំពីខូចខាតធ្ងន់ធ្ងរនោះទេបណ្តាលមកពីការរញ្ជួយដីនេះ ដែលស្ថិតនៅតំបន់មានផ្លូវថ្នល់ចរាចរណ៍ស្អេកស្កះ ផ្លូវរថភ្លើង និងផ្ទះសម្បែងពលរដ្ឋខ្ពស់ៗនោះ ។

ក្រុមពន្លត់ភ្លើងបានព្យាយាមបាញ់ទឹកពន្លត់ផ្ទះមួយខ្នងត្រូវភ្លើងឆេះនៅខាងជើងទីក្រុង Osaka ។ ប្រព័ន្ធផ្សព្វផ្សាយដទៃទៀតផ្សាញវីដេអូឃើញទុយយោបាក់ទឹកបែកបាក់ បាញ់ទឹកចេញមកក្រៅពាស់ពេញទីកន្លែង ។

ផ្លូវដែកត្រូវផ្អាកដំណើរការបណ្តោះអាសន្ន ក្នុងនោះរួមមានស្ថានីយរថភ្លើងល្បឿនលឿនដ៏មមាញឹក shinkansen ផងដែរ ។

អាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរនិយាយថា គ្មានបញ្ហាអ្វីកើតឡើងនោះទេចំពោះរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ ។ ប៉ុន្តែរោងចក្រខ្លះ ក្នុងនោះ រោងចក្រហុងដា ជាដើម ផ្អាកដំណើរប្រតិបត្តិការរោងចក្រនៅក្នុងតំបន់ ។

រោងចក្រអគ្គិសនី Kansai ផ្សាយលើគេហទំព័រខ្លួនថា ផ្ទះប្រជាពលរដ្ឋក្នុងតំបន់ Osaka ប្រហែល១៧០.០០០ខ្នង ពុំមានអគ្គិសនីប្រើប្រាស់នោះទេ ។

បើទោះបីកម្រិតរ៉ិចទ័រទាបក៏ពិតមែន តែការរញ្ជួយដី ការរំញ័ររបស់វា មានអានុភាពខ្លាំង ។ ជប៉ុនបានចាត់ទុកការរំញ័រនេះក្នុងកម្រិតលេខ៦ បានន័យថា មនុស្សមិនអាចឈរនៅនឹង មិនដួលនោះឡើយ ។ កម្រិតលេខ៧ គឺជាកម្រិតដែលខ្លាំងបំផុត ។

មន្ត្រីរដ្ឋាភិបាលជប៉ុនសម្តែងការព្រួយបារម្ភ និងស្នើពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ពីលទ្ធភាពនៃគ្រោះរញ្ជួយដីកើតឡើងជាថ្មីទ្រង់ទ្រាយធំជាងពេលនេះ ។

ជប៉ុនជាប្រទេសស្ថិតនៅចំណុចផ្ចិតនៃផែនដីផាស៊ីហ្វិក ។ ប្រទេសនេះជាប់ជាកំណត់ត្រាដែលរងគ្រោះពីរញ្ជួយដីនិងផ្ទុះភ្នំភ្លើងជាងគេបំផុតក្នុងពិភពលោក ។

កាលពីថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១១ រញ្ជួយដីកម្លាំងខ្លាំងរហូតដល់៩រ៉ិចទ័រនៅមហាសមុទ្រផាស៊ីហ្វិក បង្កឲ្យមានរលកយក្សស៊ូណាមិវាយប្រហារមកលើប្រទេសជប៉ុនបណ្តាលឲ្យខូចខាតធនធានគ្រប់យ៉ាង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្លាប់មនុស្សខ្ទង់ពាន់នាក់, បែកធ្លាយរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា បង្កមហន្តរាយធ្ងន់ធ្ងរបំផុតជាងមហន្តរាយឆ្នាំ១៩៨៦ នៅរោងចក្រ Chernobylទៅទៀត ៕

 

Loading...