ស្លាប់និងរងរបួសជាង១០០នាក់ដោយសារការបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុងបាងកក

ប៉ូលិសក្រុងបាងកកបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១៩នាក់បានស្លាប់ និង១២០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់ស្ថិតនៅកណ្តាលទីក្រុងបាងកកកាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ។ មន្ត្រីក្រុងបាងកកបានអះអាងថា ការបំផ្ទុះគ្រាប់បែកទីសក្ការបូជា អ៊ីរ៉ាវាន់ នេះ ទំនងនៅមានអ្នកស្លាប់ និងរងរបួសកើនឡើងបន្ថែមទៀត ។ ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងប្រទេសថៃ អះអាងថា ជនរងគ្រោះបាត់បង់ជីវិត​មានរហូតដល់២៧នាក់ ។

លោក Prawith Thavornsiri អ្នកនាំពាក្យនគរបាលជាតិថៃ បានបញ្ជាក់ថា វាពិតជាមានករណីផ្ទុះកើតមានឡើងមែន ហើយគេសន្និដ្ឋានថា វាជាការបំផ្ទុះគ្រាប់បែក។ មន្ត្រីម្នាក់នេះមិនបានបញ្ជាក់ទេថា តើគ្រាប់បែកប្រភេទណាដែលជនល្មើសប្រើប្រាស់នៅក្នុងការបំផ្ទុះចំកណ្តាលទីក្រុងបាងកកនាពេលនេះឡើយ ។

បន្ទាប់ពីហេតុការណ៍បានកើតឡើងភ្លាមគេឃើញមានមនុស្សដេករណូករណែលតាមផ្លូវ និងឃើញម៉ូតូដេកដួលពេញផ្លូវផងដែរ។ មន្ត្រីប៉ូលិសបានចាប់ផ្តើមជម្លៀសប្រជាជននៅជិតៗនោះដើម្បីបញ្ចៀសគ្រោះថ្នាក់។ ម្យ៉ាងតំបន់ខាងលើជាតំបន់ទេសចរណ៍ ដែលមានទេសចរឆ្លងកាត់ទៅមកច្រើនផងដែរ។ ចំពោះអ្នកស្លាប់ និងរបួស គេនៅមិនទាន់អាចទទួលព័ត៌មានច្បាស់លាស់នៅឡើយ ។

ប្រភពព័ត៌មានបរទេសបានបញ្ជាក់ថា គ្រាប់បែកដែលបំផ្ទុះនេះត្រូវបានធ្វើឡើងនៅមិនឆ្ងាយប៉ុន្មានពីចំណុចប្រសព្វ Rajprasong ដែលធ្លាប់ជាទីតាំងក្រុមបាតុករប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីប៉ុន្មានឆ្នាំមុនឡើយ។ ចំពោះករណីវាយប្រហារដោយគ្រាប់បែកនេះ គេនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថា វាជាករណីភេរវកម្ម ឬជាការបង្កអស្ថិរភាពនិងអសន្តិសុខនៅក្នុងប្រទេសថៃដោយក្រុមណាមួយឡើយ។ ប៉ុន្តែចាប់តាំងពីរដ្ឋប្រហារយោធាកើតមានឡើងកាលពីខែឧសភា ឆ្នាំ២០១៤ ស្ថានភាពនៅក្នុងប្រទេសថៃមានភាពល្អប្រសើរ ពោលគឺគ្មានភាពចលាចល គ្មានបាតុកម្ម គ្មានការវាយប្រហារឬហិង្សាកើតឡើង ព្រមទាំងមានសេដ្ឋកិច្ចងើបឡើងថែមទៀតផង ៕

bangkok-explosion-note-2-data

bangkok-explosion-no

Loading...

Leave a Reply

Your email address will not be published. Required fields are marked *