ស្លាប់និងរបួសធ្ងន់៥នាក់ខណៈជិះម៉ូតូដេញវាយគ្នាហើយត្រូវរថយន្តបុក

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូជាច្រើនគ្រឿងខណ:ដែលដេញវាយគ្នានៅតាមដងផ្លូវ បណ្តាលឲ្យស្លាប់២នាក់ និងស្ត្រី៣នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅមុខបូរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

សពជនរងគ្រោះប្រុសស្រីទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

សាក្សីថា ជនរងគ្រោះនិងបក្ខពួកផ្សេងទៀតជិះម៉ូតូជាច្រើនគ្រឿង បានដេញវាយគ្នានៅតាមផ្លូវ។ ចំណែកជនរងគ្រោះមានគ្នាប្រុសស្រី៥នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម សង់២០១៨ ជិះគ្នា៣នាក់ និងមួយគ្រឿងទៀតម៉ាក យ៉ាម៉ាហា ពណ៌ខៀវ អត់ស្លាកលេខ ជិះគ្នា២នាក់ទិសដៅពីកើតទៅលិច ខណ:ដែលមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តម៉ាកSIENNAពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AE-2375 បើកបញ្ច្រាសទិសដៅគ្នា បុកពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់ និងរបួស៣នាក់តែម្តង។

សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ វាស់វែង យករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបញ្ជូនមកតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួល ៕

 

Loading...