ស្លាប់ម្នាក់របួសពីរនាក់ក្នុងហេតុការរថយន្តនិងម៉ូតូបុកគ្នា

(បន្ទាយមានជ័យ)៖ បុរសម្នាក់បានស្លាប់និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តហាយឡែនឌ័រ បើកបុកម៉ូតូ៣គ្រឿងទាំងកំរោល កាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចមុខសាលាបឋមសិក្សាកកោះ​ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ករណីនេះ បង្កដោយរថយន្តហាយឡែនឌ័រ១គ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2K.5821 បើកបរក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុក៏បានបុកម៉ូតូ ចំនួន៣គ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវបណ្តាលឲ្យអ្នកបើកម៉ូតូ Honda Winner ពណ៌ក្រហម គ្មានស្លាកលេខ ឈ្មោះ ហ៊ាង សិទ្ធិ ភេទប្រុស អាយុ១៧ ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងអ្នកបើកម៉ូតូ Yamaha Exciter ពណ៌ស ពាក់ស្លាកលេខបន្ទាមានជ័យ 1S-3699 ឈ្មោះ ឈាន ជាង ភេទប្រុស អាយុ ១៧ឆ្នាំ រងរបួសស្រាល និងម្នាក់ទៀត បើកម៉ូតូ Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1C-5277 ឈ្មោះ អឿន សំនាង ភេទស្រី អាយុ៣៥ឆ្នាំ របួសបាក់ដៃខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកម្ពុជាជប៉ុនស្រុកមង្គលបូរី ។

ដោយឡែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់
បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ ក្រោយពីសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងរួច បាននាំយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ៕

Loading...