ស្លាប់៣៧នាក់ ក្នុងអំពើបាតុកម្ម​តវ៉ា​ប្រឆាំងការចាប់ខ្លួនបេក្ខជនប្រធានាធិបតីអ៊ូហ្គង់ដា

ចំនួនមនុស្សដែលបានស្លាប់នៅក្នុងការតវ៉ាប្រឆាំងជុំវិញការចាប់ខ្លួនបេក្ខជនប្រធានាធិបតីអ៊ូហ្គង់ដា លោក Bobi Wineនោះ បានកើនឡើងដល់ ៣៧ នាក់ ។

លោក Wine ជាតារា ប៉ុប មានឈ្មោះពិតគឺ រ៉ូប៊ឺត គីកាហ្គីនីនី (Robert Kyagulanyi) ត្រូវបានប៉ូលិសចាប់ឃុំខ្លួនកាលពីថ្ងៃទី១៨ ខែវិច្ឆិកា នៅភាគខាងកើតទីក្រុង Luuka បន្ទាប់ពីការចោទប្រកាន់ពីបទរំលោភលើវិធានការណ៍ប្រឆាំងនឹងមេរោគកូរ៉ូណា គឺការជួបជុំប្រមូលផ្តុំគ្នា ។

ប៉ូលីសនិងទាហានប្រទេសនេះបាននិងកំពុងប្រើប្រាស់គ្រាប់កាំភ្លើងបាញ់ប្រហារ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករតវ៉ា ។ ប្រភពព័ត៌មាន ស្កាយញូវ ផ្សាយថ្ងៃទី២០ ខែវិច្ឆិកាថា គេឃើញទាហានជាច្រើនបានកាន់កាំភ្លើង AK-47 ។

ក្រុមអ្នកតវ៉ាត្រូវគេចោទប្រកាន់ថាបានធ្វើឱ្យខូចខាតយានយន្ត, លួចទ្រព្យសម្បត្តិ និងគប់ដុំថ្មទៅលើកម្លាំងសន្តិសុខ ។ នេះជាអំពើចលាចលដ៏អាក្រក់បំផុតមិនធ្លាប់កើតឡើងនៅក្នុងប្រទេសអ៊ូហ្គង់ដា គិតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។

អ្នកនាំពាក្យស្នងការប៉ូលិសក្រុង លោក Patrick Onyango បានបន្ថែមទៀតថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើងច្រើនជាង៣៧នាក់ ។

អ្នកនាំពាក្យកងកម្លាំងទាហាន Brigadier Flavia Byekwaso បានថ្លែងថា កម្លាំងយោធាបានចូលរួមបង្ក្រាបទៅលើហ្វូងបាតុករ​ហិង្សា​ទាំងនោះ ពីព្រោះវាជាស្ថានភាពមួយដូចទៅនឹងសង្គ្រាមកើតឡើងអីចឹង ដែលប៉ូលីសមិនអាចដោះស្រាយដោយខ្លួនឯងបាននោះឡើយ ។

លោកស្រីបានថ្លែងថា “អ្នកអាចមើលឃើញ ដូចអ្វីដែលកំពុងកើតឡើង – គឺមនុស្សកំពុងត្រូវបានគេគប់ដុំថ្មលើ, មនុស្សកំពុងត្រូវបានគេសម្លាប់, យានយន្តកំពុងត្រូវបានបំផ្លិចបំផ្លាញ ស្ទើរតែនៅគ្រប់ទីកន្លែង” ។ ហេតុការណ៍ទាំងនេះបានកើតឡើងដោយឯកឯងនៅតាមផ្លូវទាំងអស់ ដូច្នេះប៉ូលីសមិនអាចគ្រប់គ្រងស្ថានការណ៍បែបនេះបានទេ” ។

នៅលើបណ្តាញព័ត៌មានTweet គណនីរបស់លោក Wine បានសរសេរបង្ហោះថា ការឃុំខ្លួនរូបលោកគឺជាអំពើឃោរឃៅបំផុត ហើយថា រូបលោកមិនត្រូវបានអនុញ្ញាតឲ្យជួបមេធាវី​ និងក្រុមគ្រូពេទ្យ​របស់លោកនោះឡើយ ។

ប្រភពបានបន្ថែមទៀតថា“ មានតែកងទ័ព និងមន្រ្តីប៉ូលីសប៉ុណ្ណោះ ទើបអាចចូលទៅកាន់កន្លែងដែលឃុំខ្លួនរូបគាត់បាន ។

លោក Wine កំពុងធ្វើយុទ្ធនាការដើម្បីក្លាយខ្លួនជាប្រធានាធិបតី ខណៈដែលលោក យូវើរី មូសាវេឌី (Yoweri Museveni)បាននិងកំពុងកាន់តំណែងនេះអស់រយៈពេល ៣៤ ឆ្នាំ ។ លោក Museveni អាយុ ៧៦ ឆ្នាំទៅហើយ នៅឡើយចង់បន្តកាន់តំណែងប្រធានាធិបតីអាណត្តិទី ៦ទៀត ៕

Loading...