ស្វែង​យល់​ជុំវិញ​របប​អាហារ​ទទួលទាន​សម្រាប់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន

របប​អាហារ​ទទួលទាន​សម្រាប់​ស្ត្រី​អំឡុង​បំ​ដៅ​ដោះ​កូន​ជា​ផ្នែក​មួយ​សំខាន់​ខ្លាំង​ណាស់ ។ រាល់​សារធាតុចិញ្ចឹម​ដែល​ម្តាយ​ទទួលទាន​នឹង​ជួយ​ជំរុញ​ដល់​សុខភាព​ព្រមទាំង​ការ​លូតលាស់​របស់​កូន​តូច ។ ដូច្នេះ​ស្ត្រី​គួរ​ស្វែង​យល់​ថា​តើ​អាហារ​និង​ភេសជ្ជៈ​បែប​ណាខ្លះ​ដែល​ខ្លួន​គួរ​ទទួលទាន ។

១-​តើ​គេ​ត្រូវការ​បរិមាណ​កាឡូរី​បន្ថែម​ដែរ​ឬទេ ?

ពិត​ណាស់ ពេល​បំបៅ​ដោះ​កូន ស្ត្រី​អាច​នឹង​ត្រូវការ​កាឡូរី​លើស​ពី​ពេល​ធម្មតា​បន្តិចបន្តួច​គឺ​ប្រហែលជា​៤០០​ទៅ​៥០០​ក្នុង​មួយ​ថ្ងៃ ។ ដូច្នេះ​ស្ត្រី​គួរ​ទទួលទាន​ប្រភេទ​អាហារ​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​មាន​ដូច​ជា នំប៉័ង​មួយ​ចំណិត​លាប​ប៊័រ សណ្តែកដី​១​ស្លាបព្រា​កាហ្វេ ចេក​ឬ​ផ្លែ​ប៉ោម​មួយ​ផ្លែ​(​ប៉ោម​ទាំង​សំបក​) និង​ទឹកដោះគោ​ជូរ​គ្មាន​សារធាតុ​ខ្លាញ់​២២៧​ក្រាម ។

២-​ប្រភេទ​អាហារ​អ្វីខ្លះ​ដែល​ស្ត្រី​គួរ​ទទួលទាន​ពេល​បំបៅ​ដោះ​កូន ?

តាម​ពិត​ទៅ អំឡុង​បំបៅ​ដោះ​កូន​គឺ​មិន​ចាំបាច់​មាន​របប​អាហារ​ពិសេស​អ្វី​នោះ​ទេ ។ អ្វី​ដែល​សំខាន់​គឺ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ការ​ផលិត​ទឹកដោះ​បាន​ច្រើន ។ ការ​ទទួលទាន​អាហារ​គ្រប់​ប្រភេទ​នឹង​ធ្វើ​ឱ្យ​រសជាតិ​ទឹកដោះ​ផ្លាស់​ប្តូរ ហើយ​នេះ​ជា​វិធី​ល្អ​ម្យ៉ាង​ជួយ​ឱ្យ​កូន​តូច​របស់​អ្នក​ស៊ាំ​នឹង​រសជាតិ​ផ្សេង​ៗ ។ ទោះជា​យ៉ាងនេះ​ក្តី ត្រូវធ្វើ​ឱ្យ​ប្រាកដ​ថា អ្នក​នឹង​កូន​របស់​ខ្លួន​ទទួល​បាន​វីតាមីន​គ្រប់គ្រាន់ ។

៣-​បរិមាណ​វត្ថុ​រាវ​អំឡុង​បំបៅ​ដោះ​កូន ៖

វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​ដែល​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឱ្យ​បាន​គ្រប់គ្រាន់ ។ ចូរ​ទទួលទាន​ទឹកជា​រឿយ​ៗ​មុន​ពេល​ដែល​អ្នកមាន​អារម្មណ៍​ស្រេក​ខ្លាំង ហើយ​បន្ថែម​ការ​ផឹក​ប្រសិនជា​ទឹកនោម​ប្រែ​ពណ៌​លឿងចាស់ ។ មុន​បំបៅ​ដោះ​កូន​បន្តិច គួរ​ផឹកទឹក​មួយ​កែវ និង​ផឹក​យ៉ាង​ហោច​ណាស់​៨​កែវ​សរុប​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ផលិត​ទឹកដោះ​ឱ្យទាន់​តម្រូវការ​របស់​ទារក ។ ម្តងម្កាល​អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ឈើ​ឬ​ភេសជ្ជៈ​កំប៉ុង​បាន ព្រោះ​វត្ថុ​រាវ​ទាំងនេះ​ហាក់ដូចជា​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ការ​លូតលាស់​កោសិកា​របស់​ទារក​ឡើយ ផ្ទុយ​ទៅ​វិញ​បែរជា​បង្ក​បញ្ហា​ដល់​រាង​កាយ​យើង​ផង​ប្រសិនជា​ទទួលទាន​វា​ច្រើន ។ ចំណែក​ភេសជ្ជៈ​ដូច​ជា តែ​និង​កាហ្វេ​គួរ​កម្រិត​បរិមាណ​ឱ្យ​បាន​តិច​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន ដ្បិត​សារធាតុ​កាហ្វេ​អ៊ី​ន​អាច​រំខាន​ដល់​ដំណេក​កូន​តូច ។ ដោយឡែក​គ្រឿង​ស្រវឹង​និង​បណ្តា​ត្រី​សមុទ្រ​មួយ​ចំនួន​ក៏​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។ រាល់​អាហារ​សមុទ្រ​ថ្វី​ដ្បិត​ផ្ទុក​ដោយ​វីតាមីន និង​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​៣ ប៉ុន្តែ​វា​ក៏​ផ្ទុក​សារធាតុ​បា​រ៉​ត​ផង​ដែរ ។ ទឹកដោះ​ម្តាយ​ផ្ទុក​សារធាតុ​បា​រ៉​ត​ច្រើន​នឹង​បណ្តាល​ឱ្យ​កូន​តូច​ប្រឈម​នឹង​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ ។

គួរ​បញ្ជាក់​ថា អាហារ​សព្វបែបយ៉ាង​ដែល​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​បរិភោគ​ទៅ​នោះ មាន​ឥទ្ធិពល​ទៅ​លើ​ទឹកដោះ​សម្បើម​ណាស់ ដូច្នេះ​ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន​គប្បី​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួលទាន​អាហារ បើ​មិន​ទំនង​គួរ​កុំ​បរិភោគ ពិសេស​អាហារ​សមុទ្រ រីឯ​ភេសជ្ជៈ​កំប៉ុង និង​កាហ្វេ​បើ​អាច​ចៀស​បាន​ក៏​ចៀស​ទៅ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *