ហូរឈាមស្រោចខ្លួន៤នាក់ ឃាត់ខ្លួន២នាក់ ក្នុងការបើកឆាកប្រយុទ្ធសុីសាច់ហុតឈាម៣ករណី 

ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃសៅរ៍.អាទិត្យ ៨.៩កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤.២៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ មានករណីហឹង្សាដោយចេតនាចំនួន៣ករណីផ្សេងគ្នា បណ្ដាលឲ្យភាគីម្ខាងៗរងរបួសរយាស់ក្បាល និងខ្លួនប្រាណហូរឈាមដូចអារ.កមាន់ចំនួន៤នាក់ ក្នុងនោះក៍បានឃាត់ខ្លួន២នាក់រួមទាំងមធ្យោបាយ និងវត្ថុតាង(ដាវ និងកាំបិត)ផងដែរ ដើម្បីនាំយកទៅបន្តនីតិវិធី ។

នគរបាលស្រុកបាកានបានឲ្យដឹងថា ស្ថិតនៅភូមិបត់គគីរចាស់ ឃុំអូរប៉ោង ស្រុកបាកាន បានកើតឡើង១ករណីដោយបុរសទើបចេញពីមណ្ឌលអប់រំកែប្រែ ដែលមានទីលំនៅភូមិ.ឃុំកើតហេតុ ទាញកាំបិតផ្គាក់កាប់លើគូរទំនាស់ដែលមានទីលំនៅភូមិ.ឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសចំនួន៤កន្លែង សមត្ថកិច្ចនគរបាល(ឃាត់ខ្លួនជនសង្ស័យដៃដល់)រួមទាំងវត្ថុតាងបន្តនីតិវិធី ។

នគរបាលស្រុកដដែលបន្តទៀតថា លុះនៅថ្ងៃបន្ទាប់ត្រង់ចំណុចមុខវិទ្យាល័យរំលេច ស្ថិតនៅភូមិ.ឃុំរំលេច ស្រុកបាកាន បានកើតឡើង១ករណីទៀត ដោយជនរងរបួសជិះម៉ូតូ១គ្រឿងមកដល់កន្លែងកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណកាប់១កាំបិត រួចជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល ។

ដោយឡែកៈ នគរបាលក្រុងពោធិ៍សាត់ឯនេះវិញបានឲ្យដឹងដែរថា នៅយប់ថ្ងៃដដែលនោះមាន១ករណីដែរ នៅចំណុចសួនច្បារមុខសាលាខេត្តពោធិ៍សាត់តែម្ដង ស្ថិតនៅភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ដោយក្មេងទំនើង២ក្រុមបើកឆាកប្រយុទ្ធ និងបង្ហូរឈាមគ្នា នៅចំណុចសួនច្បារមុខសាលាខេត្តពោធិ៍សាត់តែម្ដង បណ្ដាលឲ្យរយាស់ក្បាលហូរឈាមស្រោចខ្លួន២នាក់ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបាន១នាក់ ដកហូតមធ្យោបាយម៉ូតូចំនួន៣គ្រឿង និងដាវ២ដើម ដើម្បីបន្តនីតិវិធី ៕

 

Loading...