ហេតុការណ៍ផ្ទុះនៅអាហ្វហ្គានីស្ថានស្លាប់កុមារ១០នាក់

មន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា កុមារ និងក្មេងជំទង់១០នាក់បានបាត់បង់ជីវិតក្រោយកើតមានហេតុការណ៍ផ្ទុុះនៅកន្លែងស្តុកហ្គាស់ស្ថិតនៅទីក្រុង Herat ភាគខាងលិចអាហ្វហ្គានីស្ថានកាលពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ។

ជនរងគ្រោះដែលបាត់បង់ជីវិតទាំងនោះ គឺជាអ្នករស់នៅក្នុងជំរំអ្នកគ្មានលំនៅឋាន ឬជំរំជនអនាថា ដែលនៅជិតក្រុមហ៊ុនហ្គាស។
អ្នកនាំពាក្យមន្ទីរពេទ្យ Herat Regional Hospital បានថ្លែងថា មនុស្ស១៨នាក់ផ្សេងទៀតបានរងរបូសនៅក្នុងហេតុការណ៍ផ្ទុះដែលធ្វើឲ្យកក្រើកនៅទូទាំងទីក្រុងធំលំដាប់ទី៣របស់អាហ្វហ្គានីស្ថានមួយនេះតែម្តង ។

បណ្តាញទំនាក់ទំនងសង្គមបានផ្សព្វផ្សាយរូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់បាញ់ទៅលើលំអាកាសទាំងកណ្តាលយប់ ។
គេនៅមិនទាន់ដឹងនៅឡើយថា តើហេតុការណ៍នេះកើតឡើងដោយសារករណីផ្ទុះឬជាទង្វើនៃការវាយប្រហារនោះឡើយ ។

ទីភ្នាក់ងារព័ត៌មាន AP បានដកស្រង់ប្រភពពីអ្នកនាំពាក្យមន្ទីរពេទ្យ Herat Regional Hospital លោក Rafiq Sherzai បញ្ជាក់ថា ជនរងគ្រោះដែលរលាកភ្លើងនៅទូទាំងខ្លួនប្រាណ៩០ភាគរយ៤នាក់ត្រូវបញ្ជូនទៅព្យាបាលនៅអ៊ីរ៉ង់ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះនេះបណ្តាលឲ្យមានអណ្តាតភ្លើងឆេះរាលទៅលើរថយន្តដែលចតនៅបរិវេណទីតាំងស្តុកហ្គាសនោះរហូតដល់ជំរំរស់នៅរបស់ជនអនាថាទាំងនោះតែម្តង ។

ទីក្រុង Herat មានទីតាំងស្ថិតនៅជាប់ព្រំដែនជាមួយអាហ្វហ្គានីស្ថាន និងនៅជាប់ព្រំដែនជាមួយអីរ៉ង់ផងដែរ ។ ទីតាំងនេះធ្លាប់ទទួលរងការវាយប្រហារកាលពីឆ្នាំមុន ខណៈដែលក្រមឧទ្ទាមបើកការវាយប្រហារទៅលើស្ថានកុងស៊ុលឥណ្ឌា ។

របាយការណ៍អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជនគ្មានទីជម្រកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមានប្រមាណ៧០០.០០០នាក់ដោយសារតែអំពើហិង្សា ៕

afganistan

afganistans

Loading...

Leave a Reply

Your email address will not be published. Required fields are marked *