ហេតុអ្វីជប៉ុនទិញរ៉ាដាទំនើបតម្លៃវាល់លានដុល្លារពីអាមេរិកដើម្បីការពារប្រព័ន្ធមីស៊ីល?

នៅសប្តាហ៍ខាងមុននេះ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជប៉ុននឹងជិះយន្តហោះទៅកាន់ទឹកដីអាមេរិកដើម្បីសម្រេចថា តើត្រូវជ្រើសរើសយកប្រភេទមួយណានៃប្រព័ន្ធរ៉ាដាដ៏ទំនើបចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ដែលយល់ព្រមលក់ក្នុងតម្លៃរាប់ពាន់លានដុល្លារឲ្យជប៉ុន ដើម្បីយកមកដាក់ពង្រាយការពារភ័យន្តរាយនៃប្រព័ន្ធមីស៊ីលទំនើបទាំងពួងរបស់សត្រូវ ដែលប៉ុនប៉ងយារយីមកលើទឹកដីជប៉ុន ។ គេឆ្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលជប៉ុនសម្រេចចិត្តបញ្ជាទិញយុទ្ធោបករណ៍ធុនធ្ងន់នៅពេលនេះដាក់ពង្រាយការពារខ្លួន ខណៈស្ថានការណ៍តានតឹងនៅក្នុងតំបន់ដែលធ្លាប់តែឡើងកម្តៅ ស្រាប់តែបានថយចុះអង្សា ក្រោយអាមេរិកជួបជាមួយកូរ៉េខាងជើងទៅហើយនោះ ។ តើជប៉ុនខ្លាចចិន?

រដ្ឋាភិបាលជប៉ុនក្រោមរដ្ឋការដឹកនាំដោយនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ បានឡើងគម្រោងចំណាយបន្ថែមទៅលើវិស័យការពារជាតិ ក្នុងនោះ នៅខែសីហា ឆ្នាំ២០១៨ខាងមុខនេះ ការអនុម័តយល់ព្រមពីសភានឹងចេញជាផ្លូវការហើយ ។

កាលពីឆ្នាំមុន ជប៉ុនបានទិញប្រព័ន្ធរ៉ាដា Aegis Ashore ពីអាមេរិកដែរ ហើយតាមគម្រោងនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ។ កាលឆ្នាំមុននោះផងដែរ ជប៉ុនបានស្នើទិញប្រព័ន្ធរ៉ាដាទំនើបប្រភេទ Raytheoin Co’s SPY-6 ដែរ ប៉ុន្តែរដ្ឋាភិបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្ទាក់ស្ទើរមិនទាន់សម្រេចចិត្តចុះកិច្ចព្រមព្រៀងលក់ឲ្យជប៉ុននោះឡើយ ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ ប្រធានាធិបតីអាមេរិកបានស្វាគមន៍ជប៉ុនដែលបញ្ជាទិញយន្តហោះទម្លាក់គ្រប់បែកបំបាំងកាយ F-35ពីអាមេរិក ព្រមទាំងជំរុញឲ្យសម្ពន្ធមិត្តមួយនេះទិញបន្ថែមទៀត មិនថាតែអាវុធ យុទ្ធោបករណ៍ ឬទំនិញអ្វីៗនោះទេរបស់អាមេរិក ។

មន្ត្រីជប៉ុនដែលស្និទ្ធនឹងបញ្ហានេះបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ថា តម្លៃទិញរ៉ាដាទាំងពីរនេះមានទំហំទឹកប្រាក់ប្រហែល២ពាន់ពាន់លានដុល្លារ ។

នាយករដ្ឋមន្ត្រីជប៉ុនធ្លាប់បានប្រកាសឲ្យដឹងថា ទោះបីបញ្ហាកម្តៅក្នុងតំបន់ថយចុះអស្សា បន្ទាប់ពីជំនួបកំពូល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅសិង្ហបុរីរវាងអាមេរិក នឹងកូរ៉េខាងជើង ដែលកូរ៉េខាងជើងសុខចិត្តរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរក៏ដោយ ក៏ជប៉ុនមិនអាចទុកចិត្តថា របបកូរ៉េខាងជើងពិតជាបោះបង់ចោលកម្មវិធីអាវុធបរមាណូទាំងស្រុងនោះឡើយ ។ កងទ័ពរបស់អាមេរិកប្រមាណ៥ម៉ឺននាក់ និងយុទ្ធោបករណ៍ទំនើបៗយ៉ាងច្រើនស្អេកស្កះដែលកំពុងវត្តមានក្នុងទឹកដីជប៉ុនតាំងនាយរហូតដល់បច្ចុប្បន្នកាលនេះ គ៏គ្មានគម្រោងដយថយ ឬរំសាយឡើយ ។

គេថាជប៉ុនមិនអាចទុកចិត្តបានទេ ខណៈដែលចិនជាប្រទេសភូមិផងរបងជាមួយដូចកូរ៉េខាងជើង និងជាសត្រូវផងនោះបាននិងកំពុងខិតខំពង្រីងវិស័យការពារជាតិ បំពាក់យុទ្ធោបករណ៍ធុនទំនើបៗដល់កម្លាំងយោធាមិនចេះរីងស្ងួត ហើយកូរ៉េខាងជើងចេះតែគំរាមកំហែងកម្ទេចលើជប៉ុនក្លាយជាផេះម្តងជាពីរដងនោះ ។

ដូច្នេះ ការដែលរដ្ឋាភិបាលជប៉ុនសម្រេចទិញរ៉ាដាទំនើបពីអាមេរិកនាពេលនេះ អាចនិយាយបានថា ធ្វើឲ្យជប៉ុនស្ងប់ចិត្ត មានអារម្មណ៍ថាមានសុវត្ថិភាពពេញលេញពីការយារយីដោយប្រព័ន្ធមីស៊ីលសត្រូវ ទាំងរយៈចម្ងាយវែង និងទាំងរយៈចម្ងាយខ្លី គឺរ៉ាដាដ៏ទំនើបនេះអាចចាប់បានទាំងអស់ ៕ សុមេធ

 

Loading...