ហេតុអ្វីបានជាលោកជួន ណារិន្ទម្តងពាក់ផ្កាយ១ម្តងពាក់ផ្កាយ២

ខេត្តព្រះសីហនុ ៖មន្ត្រីរាជការទាំងស៊ីវិល ទាំងប្រដាប់អាវុធ បម្រើការងារនៅដែនដីខេត្តព្រះសីហនុ បូករួមទាំងអ្នកសារព័ត៌មានផង បានសម្តែងនូវការចាប់អារម្មណ៍ងឿងឆ្ងល់ទៅនឹងអំពើរបស់ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម្នាក់ និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ គឺលោកឧត្តមសេនីយ៍ ជួន ណារិន្ទ នាយនគរបាលជាតិជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ អត្តលេខ០៣៥០២ ដែលពាក់ឋានន្តរស័ក្តិថ្នាក់ផ្កាយលើស្មាស្រេចតែនឹងចិត្ត (ម្តងពាក់ផ្កាយ២ និងម្តងទៀតពាក់ផ្កាយ១) ។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ អត្តលេខ០៣៥០២ អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបានការតែងតាំងមុខតំណែងថ្មីជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីខែមេសា ឆ្នាំ២០១៥ ។ រយៈពេលជិត០២ខែក្រោយការចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង (អតីតឯកឧត្តម ស ខេង) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន ដោយមិនយកប្រាក់បៀវត្សរ៍ តាមអនុក្រឹត្យលេខ៦៣៦អនក្រ.តត ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ។ ប្រមាណ០២ខែក្រោយទទួលមុខតំណែងបន្ថែមជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង នោះលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៥/៦២៤ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានពាក់ផ្កាយ២(ឧត្តមសេនីយ៍ទោ)នៅលើស្មាយ៉ាងហ៊ឺហា ។ ប៉ុន្តែនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលខេត្ត(ឯកឧត្តម ឧត្តមសេនីយ៍ យន្ត មីន ឧត្តមមន្ត្រីថ្នាក់លេខ៦ចូលកាន់តំណែង) ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបែរជាលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ពាក់ផ្កាយ១(ឧត្តមសេនីយ៍ត្រី)យ៉ាងរំភើយវិញ ។ មានន័យថា លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានពាក់ផ្កាយនៅលើស្មាស្រេចតែនឹងចិត្ត ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមស្មារតីព្រះរាជក្រឹត្យលេខនស/រកត/០៦១៥/៦២៤ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ គឺលោកផ្កាយ១ ជួន ណារិន្ទ ត្រូវបានដំឡើងឋានន្តរស័ក្តិផ្កាយ២ ដូច្នេះ ប្រសិនបើទទួលបានការបំពាក់ឋានន្តរស័ក្តិជាផ្លូវការរួចហើយ ការពាក់ផ្កាយ២នៅលើស្មារបស់លោកឧត្តមសេនីយ៍ ជួន ណារិន្ទ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ជារឿងត្រឹមត្រូវ ។ ប៉ុន្តែចំណុចដែលធ្វើឲ្យមជ្ឈដ្ឋាននានាចាប់អារម្មណ៍នោះ គឺហេតុអ្វីបានជានៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បែរជាពាក់ផ្កាយ១នៅលើស្មាចំពោះមុខសម្តេចក្រឡាហោម ស ខេង ទៅវិញ ឬក៏ការឡើងផ្កាយ២របស់លោកឧត្តមសេនីយ៍ ជួន ណារិន្ទ មិនទាន់ទទួលបានការបំពាក់តាមក្បួនខ្នាតជាផ្លូវការនៅឡើយ ទើបលោកឧត្តមសេនីយ៍ ជួន ណារិន្ទ មិនទាន់ហ៊ានពាក់ផ្កាយ២ចំពោះមុខសម្តេចក្រឡាហោម ស ខេង ជាចំហ សុខចិត្តបន្តពាក់ផ្កាយ១ ? ចុះហេតុអ្វីកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ បែរជាលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ហ៊ានពាក់ផ្កាយ២នៅលើស្មាមិនរង់ចាំឆ្លងពិធីបំពាក់ឋានន្តរស័ក្តិជាផ្លូវការសិន ?
ក្រុមអ្នករិះគន់មួយចំនួនបានលើកឡើងថា ប្រការដែលធ្វើឲ្យលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ម្តងពាក់ផ្កាយ២ និងម្តងទៀតពាក់ផ្កាយ១ស្រេចនឹងចិត្ត ឬតាមរបៀបលឹបលៗ មកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍ស្មារតីព្រះរាជក្រឹត្យលេខនស/រកត/០៦១៥/៦២៤ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ មិនមានប្រសិទ្ធភាពឲ្យទាន់ពេលវេលា (Sic!) ៕

0d06ea96-b894-47ee-ad10-9a53366d3fd1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *