ហេតុអ្វីល្បែងភ្នាល់ទឹកភ្លៀងនៅវាលស្រែ100 ក្រុងបាត់ដំបង របស់ឈ្មោះ តាល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនឈឺក្បាលបង្ក្រាប?

ខេត្តបាត់ដំបង ៖ ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នៅវាលស្រែ100 ក្រុងបាត់ដំបងនៅតែបើកលេងគគ្រឹកគគ្រេងដដែលមកដល់ ខែកក្កដា ឆ្នាំ២០១៨សង្ស័យលោកងួតរតនះអភិបាលខេត្តបាត់ដំបង និងលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបើកដៃឲ្យលេងម៉ាសេរីសង្ស័យបានទទួលបានចំណូលក្រោមតុដុំកំភួន ។

ប្រភពថាជារៀងរាល់ថ្ងៃទី05ថៅកែល្បែងទឹកភ្លៀងឈ្មោះតាល់ទម្លាក់កញ្ចាប់លុយឲ្យលោកត្នោតជុំបើកលុយប្រចាំខែដល់ក្រុមសមត្ថកិច្ចថ្នាក់ក្រោមៗសរុបរួមរាប់ម៉ឺនដុល្លារអាមេរិក ។

មហាជននិយាយរិះគន់ថា បើអភិបាលខេត្តបាត់ដំបង និងស្នងការនគរបាលខេត្តមិន ឃុបឃិតជាមួយមេបនល្បែងខុសច្បាប់ទាំង2នាក់ខាងលើ ទេក៏បនល្បែងមួយមិនអាចបើកលេងយ៉ាងស្រុកស្រួលនោះទ្បើយ ។ ប្រជាជនទូទាំងខេត្តបាត់ដំបងបានដឹងច្បាប់ថាអាជ្ញាធរខេត្តជាអ្នកបើកដៃឲ្យលេងម៉ាសេរី ព្រោះតែសង្ស័យទទួលបានសំណូកពីលោកតាល់ និងត្នោតជុំទើបមិនចុះទៅបង្ក្រាបអស់រយះពេលជិត20ឆ្នាំមកនេះ ។ រីឯទុក្ខវេទនា និងការភ័យខ្លាចពីចោរកម្មលួចឆក់ប្លន់គឺប្រជាពលរដ្ឋជាអ្នកទទួលរងគ្រោះទៅវិញ ។

លោកប៉ាងហៀងអធិការនគរបាលក្រុងបាត់ដំបងបានទទួលស្គាល់ថាពិតជាមានបនល្បែងភ្នាល់ទឹកភ្លៀងបង្កប់បៀអាប៉ោងខុសច្បាប់នៅវាលស្រែ100ក្នុងក្រុងបាត់ដំបងប្រាកដមែន ។ ពាក់ព័ន្ធការចុះបង្ក្រាបលោកមានការរារែក ព្រោះលោកគ្រាន់តែជាថ្នាក់ក្រោមតូចតាចប៉ុណ្ណោះនិយាយឲ្យខ្លីលោកអធិការស្ថិតក្រោមបញ្ជាស្នងការជាមេកើយរបស់ខ្លួនតែប៉ុណ្ណោះ ។

តាមការចុះយកព័ត៌មានផ្ទាល់ដល់បនល្បែងភ្នាល់ទឹកភ្លៀងបានឲ្យដឹងថានៅ ពេលផ្ទៃមេយមានពពកខ្មៅអួរអាប់ពេលនោះ មានហាងឆេងទឹកលុយភ្នាល់ ទ្រង់ទ្រាយធំចាប់ពីរាប់ពាន់ដុល្លារអាមេរិកដល់រាប់មឺុនដុល្លារ ហើយវិទ្យុទាក់ទងសមាជិកបនល្បែងរាប់រយគ្រឿងទាក់ទងដេញថ្លៃទឹកលុយឮទ្រហឹងពេញវាលស្រែ100 ។ ពេលនោះ ក៏គ្មានអាជ្ញាធរមានសមត្ថកិច្ចណាចេញមុខទៅបង្ក្រាបដែរ ព្រោះមានការឃុបឃិតគ្នាជាមួយថៅកែបនល្បែងខាងលើជាប្រព័ន្ទអស់ទៅហើយ ។

ប្រជាជនខេត្តបាត់ដំបងសង្ឃឹមលើថ្នាក់លើម្នាក់គត់គឺលោកនាយឧត្តមសេនីយនេតសាវឿនអគ្គសស្នងការនគរបាលជាតិឈានទៅចាត់វិធានការក្តៅឲ្យថ្នាក់ក្រោមនៅខេត្តបាត់ដំបងចុះបិទបនល្បែងភ្នាល់ទឹកភ្លៀងដ៏ធំខាងលើយ៉ាងមានប្រសិទ្ធភាពឆាប់ៗនេះ ។

គួររំលឹកថា អ្នកលេងភ្នាល់ទឹកភ្លៀងខ្លះប្រមូលផ្តុំគ្នាអង្គុយតាមវាលស្រែ100ខ្លះនៅក្នុងបនល្បែងបៀអាប៉ោងខុសច្បាប់ជាប់ផ្ទះថ្មទីតាំងភ្នាល់កម្រិតទឹកភ្លៀងខ្ពស់1ជង់សរុបប្រមាណ200នាក់ ។

របៀបលេងភ្នាល់ដាក់លុយគឺនៅលើដំបូលផ្ទះថ្មមានដាក់សៃយ៉ឺនពណ៌ខ្មៅ និងទរទឹកភ្លៀងរៀងអក្សរអិល(L) 4ទៅ5គន្លាក់នៅលើដំបូលផ្ទះល្វែងកណ្តាលវាល ដែលយើងអាចមើលឃើញយ៉ាងច្បាស់ដើម្បីវាស់កម្រិតទឹកភ្លៀង ដែលត្រូវភ្នាល់គ្នា ។ ការភ្នាល់លេងដាក់លុយម្តងៗមានទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិកឯណោះ ហើយចាប់ផ្តើមលេងតាំងពីខែឧសភាដល់ខែកញ្ញាជារៀងរាល់ឆ្នាំ ។

ប្រជាពលរដ្ឋនៅមូលដ្ឋានបានឲ្យដឹងថា តាំងពីចាប់ផ្តើមលេងភ្នាល់ដោយខុសច្បាប់មករយះពេលជិត20ឆ្នាំហើយមិន ដែលឃើញអភិបាលខេត្តបាត់ដំបង់ណាម្នាក់ចាត់វិធានបង្ក្រាបនោះទេសង្ស័យអភិបាលខេត្តទាំងនោះទទួលសំណែនក្រោមតុពីម្ចាស់បនល្បែងទឹកភ្លៀងនេះហើយមើលទៅបានជាសម្ងំស្ងាត់ឈឹងដូច្នេះ ។

អ្នកលេងល្បែងស៊ីសងនៅទីនេះនិយាយថាឈ្មោះ តាល់ ជាថៅកែភ្នាល់ទឹកភ្លៀងដ៍ មានឥទ្ធិពលម្នាក់លើសអំណាចអភិបាលខេត្តបាត់ដំបងតែម្តង ។ បន្ទាប់ពីថៅកែ តាល់ មានបុរសម្នាក់ទៀតឈ្មោះ ត្នោត ជុំ ជាអ្នករត់ការសមត្ថកិច្ចសម្រួលជាមួយក្រុមសមត្ថកិច្ចដើម្បីឲ្យបនល្បែងខុសច្បាប់ទាំងនេះបានដំណើរការយ៉ាងរលូន ។ យើងមិនអាចជួបទាក់ទងសុំការបកស្រាយហេតុផលព័ត៌មានចោទប្រកាន់នេះពីលោកអភិបាលខេត្តបាត់ដំបងបានទេនៅថ្ងៃនេះ ។

សន្តិសុខយាមបនល្បែងនេះបានឲ្យដឹងនៅថ្ងៃនេះថា អ្នកគ្រប់គ្រងល្បែងដ៏ធំនៅទីនេះឈ្មោះ ត្នោត ជុំ បើចង់ទាក់ទងសាកសួរព័ត៌មានសូមជួបគាត់ផ្ទាល់ទៅ ។ អ្នកសារព័ត៌មានមិនអាចជួបទំនាក់ទំនងលោកត្នោតជុំបានទេ ៕

 

Loading...