ហៅ​ម៉ូតូឌុបជិះបែរជាចាក់ប្លន់ មិនបានសម្រេច ត្រូវគេវាយទ្រមខ្លួន ​

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានហៅម៉ូតូឌុបជនរងគ្រោះជិះ ដោយពុំទាន់និយាយថ្លៃគ្នាទេ គឺចេញដំណើរពីចំណុចតំបន់ភូមិគ្រឹះក្នុងភូមិព្រៃព្រីងខាងជើងឆ្ពោះទៅម្ដុំគិរីរម្យ(ភ្នំពេញ) នៅវេលាម៉ោង៧ និង០០នាទី យប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានករណីប្លន់ម៉ូតូបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប មិនបានសម្រេច ត្រូវគេវាយទ្រមខ្លួន ហើយទីបំផុតត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះដៃ។

ប្រភពបានឲ្យដឹងថា ជនសង្ស័យដែលជិះខាងក្រោយបានយកកន្ត្រៃចាក់ជនរងគ្រោះដែលជាម្ចាស់ម៉ូតូចំក្រោមស្លាបប្រចៀវខាងស្ដាំ ដោយដឹងថាជិះខាងក្រោយប្លន់ខ្លួនហើយ ជនរងគ្រោះបានបន្ថែមល្បឿនទៅមុខ ហើយស្រែកថាចោរៗឲ្យអ្នកភូមិជួយ។ បន្ទាប់មក អ្នកភូមិឮបានមកជួយស្ទាក់ចាប់វ៉ៃជនល្មើស ហើយក៏សមត្ថកិច្ចមកដល់បានជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនរួចសួរនាំ និងបញ្ជូនខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសមានឈ្មោះ យ៉េន សុជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ ភាព ភឹម អាយុ៣០ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិត្រពាំងផាន់ ឃុំសុទំ ស្រុកក្រគរ ខេត្តពោធិសាត់ ។ ម៉ូតូដែលជនល្មើសប្លន់យកមិនបានសម្រេចនោះ ម៉ាកហុងដាឌ្រីម ស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១B-៧២៧៦៕

1 2 4

Loading...