លោក Duterte បាននិយាយថា លោកនឹងនាំយកស្រ្តីបម្រើតាមផ្ទះហ្វីលីពីនដែលទទួលរងការរំលោភបំពាន

ហ្វីលីពីនហាមឃាត់ជាអចិន្ត្រៃយ៍ការធ្វើចំណាកស្រុកទៅគុយវ៉េតប្រទេសតំបន់ឈូងសមុទ្រ

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃអាទិត្យបានថ្លែងថា ការហាមឃាត់ជាបណ្ដោះអាសន្នពលករហ្វីលីពីនទៅធ្វើការនៅគុយវ៉ែត មានលក្ខណៈជាអចិន្ត្រៃយ៍ ខណៈដែលហ្វីលីពីន និងគុយវ៉េតកំពុងកើនឡើងភាពតានតឹងផ្នែកការទូត ទាក់ទងការធ្វើទុក្ខបុកម្នេញមកលើអ្នកចំណាកស្រុកហ្វីលីពីននៅក្នុងប្រទេសតំបន់ឈូងសមុទ្រ ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៨ លោកDuterte បានដាក់បម្រាមពលករហ្វីលីពីនដែលទៅកាន់ប្រទេសគុយវ៉ែត ក្រោយពីមានការសម្លាប់អ្នកបម្រើស្រី ជនជាតិហ្វីលីពីនម្នាក់ ហើយសាកសព ត្រូវបានរកឃើញនៅក្នុងទូទឹកកក ស្ថិតនៅក្នុងរដ្ឋតំបន់ឈូងសមុទ្រ ។

វិបត្តិនេះកាន់តែតានតឹងខ្លាំងឡើង បន្ទាប់ពីអាជ្ញាធរគុយវ៉ែតកាលពីសប្តាហ៍មុន បានបញ្ជាឲ្យមន្ត្រីទូតម៉ានីលចេញពីប្រទេសគុយវ៉េត ដោយសារវីដេអូមួយ ស្តីអំពីបុគ្គលិកស្ថានទូតហ្វីលីពីន បានជួយដល់ពលករនៅគុយវ៉ែតឱ្យរត់ចាកចេញ ផ្ទុយពីច្បាប់និយោជិក ។

ប្រទេសទាំងពីរបានពិភាក្សាដើម្បីឈានទៅរកកិច្ចព្រមព្រៀង ដែលមន្ដ្រីហ្វីលីពីនបានថ្លែងថា អាចនាំឱ្យលុបចោលបម្រាមខាងលើ ប៉ុន្តែស្ថានការតានតឹងចេះតែវិវឌ្ឍន៍ថ្មីៗ ធ្វើឱ្យសង្ស័យថា គ្មានការព្រមព្រៀងណាមួយសម្រេចបាននោះទេ ។

លោក Duterte បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅស្រុកកំណើត ទីក្រុង ដាវ៉ៅ (Davao) ភាគខាងត្បូងថា ការហាមឃាត់ពលករហ្វីលីពីនទៅធ្វើការនៅគុយវ៉េតនោះ នៅតែបន្តរហូត ។

គ្មានការឆ្លើយតបពីប្រទេសគុយវ៉ែតនោះទេ ខណៈប្រទេសនេះមានពលករហ្វីលីពីនប្រមាណ 262.000 នាក់កំពុងត្រូវបានជួលឲ្យធ្វើការងារ ក្នុងនោះជិត៦០ភាគរយជាពលករបម្រើការងារតាមផ្ទះ ។ នេះបើយោងតាមនាយកដ្ឋានការបរទេសរបស់ហ្វីលីពីន ។

កាលពីសប្តាហ៍មុន ហ្វីលីពីនបានសុំទោសចំពោះវីដេអូជួយសង្គ្រោះរបស់ខ្លួន ប៉ុន្តែក្រុមមន្រ្តីគុយវ៉ែតបានប្រកាសថា ពួកគេកំពុងបណ្តេញឯកអគ្គរដ្ឋទូតទីក្រុងម៉ានីលពីគុយវ៉េត និងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួននៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រឡប់ទៅស្រុករបស់ខ្លួនវិញ ។

ទីក្រុងម៉ានីលបាននិយាយថា កូវ៉ែតក៏បានឃាត់ខ្លួនជនជាតិហ្វីលីពីន៤ នាក់ ដែលបានជួលបម្រើការដោយស្ថានទូតហ្វីលីពីន និងបានចេញដីកាចាប់ខ្លួន ប្រឆាំងនឹងបុគ្គលិកការទូតចំនួន៣នាក់ទៀតផងដែរ ។

លោក Duterte កាលពីថ្ងៃអាទិត្យបានពណ៌នាអំពីការធ្វើទុក្ខទៅលើកម្មករនៅគុយវ៉ែតនោះថា ជា “គ្រោះមហន្តរាយ” ។

លោក Duterte ថា លោកនឹងនាំស្ត្រីបម្រើតាមផ្ទះរបស់ហ្វីលីពីនដែលរងការរំលោភបំពាន​ត្រឡប់មកកាន់ស្រុកកំណើតវិញ ខណៈដែលលោកបានអំពាវនាវ ដល់ពលករដែលចង់ស្នាក់នៅក្នុងប្រទេសដែលសម្បូរប្រេងមួយនេះ ។

លោកបានមានប្រសាសន៍ថា “ខ្ញុំចង់និយាយទៅកាន់ទឹកចិត្តស្នេហាជាតិរបស់ពួកគេ: ត្រឡប់មកផ្ទះវិញ មិនថា យើងក្រីក្រយ៉ាងណាទេ យើងនឹងរស់រានបាន ។ សេដ្ឋកិច្ចកំពុងល្អប្រសើរ ហើយយើងកំពុងកង្វះខាតពលកម្មរបស់យើងផង” ។

“មហន្តរាយប្រឆាំងនឹងហ្វ៊ីលីពីន”

ប្រជាជនហ្វីលីពីនប្រមាណ១០លាននាក់ធ្វើការនៅក្រៅប្រទេស ស្វែងរកការងារ មានប្រាក់ខែខ្ពស់ ដែលពួកគេមិនអាចរកបាននៅក្នុងប្រទេសរបស់ខ្លួន ហើយការផ្ញើប្រាក់របស់ពួកគេ គឺជាសរសរគ្រឹះសំខាន់ដល់សេដ្ឋកិច្ចហ្វីលីពីន ។

រដ្ឋាភិបាលហ្វ៊ីលីពីនបានកោតសរសើរដល់ពលករនៅក្រៅប្រទេសអស់ជាច្រើនទសវត្សរ៍មកហើយថា ជាវីរបុរសសម័យទំនើប ប៉ុន្តែក្រុមតស៊ូមតិបានគូសបញ្ជាក់ពីការចំណាយផ្នែកសង្គម នៃការធ្វើចំណាកស្រុក ដែលធ្វើឱ្យគ្រួសារជាច្រើនដាច់ដោយឡែកពីគ្នា ហើយធ្វើឱ្យប្រជាជនហ្វីលីពីន ងាយទទួលរងការរំលោភបំពាន ។

លោក Duterte បានជះកំហឹងទៅគុយវ៉ែតកាលពីខែកុម្ភៈ ដោយចោទប្រកាន់និយោជិកអារ៉ាប់ថា ជាញឹកញយរំលោភលើពលករហ្វីលីពីន, បង្ខំឱ្យពួកគេធ្វើការ២១ម៉ោងក្នុងមួយថ្ងៃ និងឲ្យអាហារហូបមិនឆ្អែត ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីជម្លោះចុងក្រោយបំផុតនេះ លោក Duterte បានប្រើពាក្យសម្តីសម្រុះសម្រួល ខណៈដែលលោកបានថ្លែងទៅកាន់ “ពិធីការទូត” កាលពីថ្ងៃសៅរ៍ ។

លោកបាននិយាយនៅក្នុងសុន្ទរកថាមួយ មុនពេលចាកចេញទៅកាន់ប្រទេសសិង្ហបុរីថា “ជាក់ស្តែងវាហាក់ដូចជាពួកគេមានកំហឹងប្រឆាំងនឹងប្រជាជនហ្វីលីពីន … ខ្ញុំមិនចង់បញ្ជូនពលករទេ ពីព្រោះអ្នកមិនចូលចិត្តប្រជាជនហ្វីលីពីន” ។

លោកបាននិយាយនៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះថា “កុំធ្វើឱ្យពួកគេឈឺចាប់។ ខ្ញុំសូមអង្វរ ពួកគេទទួលបានការចាត់ទុកថា ជាមនុស្សជាតិ” ។

លោក Duterte បាននិយាយថា ពលករដែលត្រឡប់មកពីប្រទេសគុយវ៉ែត អាចរកការងារធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅប្រទេសចិន ដោយលោកលើកឡើងពីចំណងទាក់ទងល្អប្រសើរជាមួយទីក្រុងប៉េកាំង។ ដោយបានពិពណ៌នាអំពីប្រទេសចិនថា ជា “មិត្តពិត” លោក Duterteបាននិយាយថា គាត់នឹងប្រើជំនួយចិនដើម្បីផ្តល់មូលនិធិដល់ការវិលត្រឡប់របស់ពលករពីគុយវ៉េតទាំងនោះ ។

លោក Duterte បានបន្ថែមថាលោកមិនបានធ្វើ តាមការ “សងសឹក”នោះឡើយ ។ “ខ្ញុំសូមនិយាយទៅកាន់រដ្ឋាភិបាលគុយវ៉ែត និងប្រជាជន សូមអរគុណអ្នកដែលបានជួយដល់ជនរួមជាតិរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ហើយវាជាបំណុលនៃការដឹងគុណ ដែលអ្នកអាចជួយខ្ញុំបានដូច្នេះ ខ្ញុំមិនមានកំហឹង និងមិនស្អប់”នោះឡើយ ៕ សុរ្ម័ន

លោក Duterte បាននិយាយថា លោកនឹងនាំយកស្រ្តីបម្រើតាមផ្ទះហ្វីលីពីនដែលទទួលរងការរំលោភបំពាន

 

Loading...