ហ្វីលីពីន​បន្ត​បិទ​ខ្ទប់​ទីក្រុង Metro Manila រហូតដល់​ថ្ងៃទី​១៤ ខែឧសភា​

​ហ្វីលីពីន ៖ ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ទីក្រុង Metro Manila និង​តំបន់​ជាប់​គ្នា​ចំនួន ៤ របស់ខ្លួន​នឹង​នៅតែ​ស្ថិតក្រោម​ការបិទ​ខ្ទប់​យ៉ាង​តឹងរឹង​រយៈពេល​២​សប្តាហ៍​ទៀត​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១​ខែឧសភា​នេះ​តទៅ ខណៈ​រដ្ឋាភិបាល​កំពុង បន្ត​ការទប់ស្កាត់​នៃ​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​១៩ ។​

​លោក Duterte បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​សាធារណៈ​ថា “​ខ្ញុំ​សូម​អភ័យទោស​ដែល​ខ្ញុំ​ត្រូវ​បន្ត​វិធានការណ៍​បិទ​ខ្ទប់​យូរ​ជាង​នេះ ពីព្រោះ​វា​ចាំបាច់​ដោយសារតែ​ការឆ្លង​រាលដាល​យ៉ាងខ្លាំង ហើយ​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​បាន​ពេញ​អស់ហើយ​” ។ ខ្ញុំ​ធ្វើ​នេះ​ដើម្បី​ជៀសវាង​ការឆ្លង​វីរុស​នេះ​។​

​លោក Duterte បាន​និយាយថា​លោក​មិនមាន​ការភ្ញាក់ផ្អើល​ទេ​នៅពេលដែល​ប្រទេស​ហ្វីលីពីន​បានបញ្ជាក់​ថា​ករណី​ឆ្លង​កូ​វីដ​១៩​កើន​ដល់​ជាង​១ លាន​កាលពី​ថ្ងៃ​ច័ន្ទ​។ លោក​បាន​ព្រមាន​ថា “​វា​នឹងមាន​ការកើនឡើង​ច្រើនជាង​នេះ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ប្រសិនបើ​អ្នក​នៅតែ​បន្ត​បំពាន​ច្បាប់​ទប់​ស្តា​ត់​កូ​វីដ​១៩​។

​រដ្ឋាភិបាល​បានដាក់​ទីក្រុង Metro Manila និង​ខេត្ត​ជាប់​គ្នា​ចំនួន ៤ ដែលមាន​ប្រជាជន​ជាង ២៨ លាន​នាក់​ស្ថិតនៅក្រោម​ការបិទ​ខ្ទប់ទ្វារ​យ៉ាង​តឹងរ៉ឹង​ចាប់តាំងពី​ថ្ងៃទី ២៩ ខែមីនា​ដោយសារ​ករណី​ឆ្លង​កូ​វីដ​១៩​កើនឡើង​ខ្លាំង​។​

​ប្រទេស​ហ្វីលីពីន​ស្ថិតនៅក្នុង​កម្រិត​នៃ​ការបិទ​ខ្ទប់​ខុសៗ​គ្នា​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​នៅពេលដែល​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ការបិទ​ខ្ទប់​នៅ​ពាក់កណ្តាល​ខែមីនា​ឆ្នាំទៅ​។ ទោះបី​ជាមាន​វិធានការណ៍​តឹងរឹង​ក៏ដោយ​ក៏​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​នៅតែមាន​ការឆ្លង​រាលដាល​យ៉ាងខ្លាំង​ដែលមាន​ចំនួន​អ្នក​ឆ្លង​សរុប ១.០២០.៤៩៥ គិត​ត្រឹម​ថ្ងៃ​ពុធ​៕

Loading...