ហ្វីលីពីន និងវៀតណាមធ្វើសមយុទ្ធ និងល្បាតតាមដែនសមុទ្ររួមគ្នា

ប្រភពពីយោធាបានឲ្យដឹងថា នៅក្នុងសប្តាហ៍នេះ មន្ត្រីក្រសួងការពារជាតិវៀតណាម និងហ្វីលីពីន នឹងជួបពិភាក្សាគ្នាដើម្បីឈានទៅរកការធ្វើសមយុទ្ធរួម ក៏ដូចជាសកម្មភាពល្បាតរួមគ្នារបស់កងកម្លាំងទាហានជើងទឹកប្រទេសទាំងពីរព្រមទាំងជាការពង្រឹងសម្ពន្ធមិត្តថ្មីមួយនេះ ខណៈដែលកំពុងមានជម្លោះដែនទឹកដូចគ្នាជាមួយប្រទេសចិននោះ ។

ចំណងមិត្តភាពត្រូវពង្រឹងឡើងរវាងប្រទេសអាស៊ីអគ្នេយ៍ទាំងពីរ នៅពេលដែលប្រទេសចិនបានពោលអះអាង ជាមួយការបន្តសាងសង់ដែនកោះសិប្បនិមិត្តជាបន្តបន្ទាប់នៅលើប្រជុំដែនកោះស្ព្រាតលី ហើយដែលវៀតណាម និងហ្វីលីពីនបានអះអាងថា ជាដែនអធិបតេយ្យរបស់រៀងៗខ្លួនផងដែរនោះ ។

វៀតណាម និងហ្វីលីពីនក៏ទទួលស្វាគមមន៍ពីកម្លាំងយោធាអាមេរិកនៅក្នុងសកម្មភាពធ្វើសមយុទ្ធរួមផងដែរនៅក្នុងប្រទេសហ្វីលីពីន ។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Ash Carter ចូលរួមនៅក្នុងសមយុទ្ធនេះ ។

មន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានប្រាប់រ៉យទ័រថា វៀតណាម និងហ្វីលីពីនពិភាក្សាគ្នាលើបញ្ហានេះ ប៉ុន្តែក្នុងសប្តាហ៍នេះទំនងជាមិនទាន់អាចសម្រេចបាននោះឡើយ ។ ប្រភពបញ្ជាក់ថា នេះជាការពិភាក្សាគ្នាបឋម ។ វាត្រូវការពេលវេលាទៀតដើម្បីសម្រេចលក្ខខណ្ឌបន្តបន្ទាប់ ។

ការល្បាររួមរបស់ទាហានជើងទឹកហ្វីលីពីន និងអាមេរិកបានព្រមព្រៀងគ្នាកាលពីខែមករា ឆ្នាំ២០១៦ នៅទីក្រុងម៉ានីល ។ សកម្មភាពពិតៗអាចកើតមានឡើងនៅក្នុងឆ្នាំនេះ ។ មន្ត្រីក្រសួងការពារជាតិម្នាក់ថ្លែងថា មន្ត្រីប្រទេសទាំងពីរកំពុងពិភាក្សាគ្នាលើបញ្ហានេះនៅឡើយ ។

គម្រោងខាងលើរបស់ហ្វីលីពីន និងវៀតណាមបានកើតឡើងនៅពេលនេះ បន្ទាប់ពីនាវារបស់អាមេរិក និងជប៉ុនដែលមានជម្លោះដែនសមុទ្រជាមួយចិនបានធ្វើដំណើរទៅកាន់បន្ទាយយោធាជើងទឹក Subic Bay ក្នុងប្រទេសហ្វីលីពីន ។ នេះជាបន្ទាយទាហានជើងទឹកយ៉ាងសំខាន់ដែលវ៉ាស៊ីនតោនប្រើកាលសម័យសង្គ្រាមវៀតណាម។

យុទ្ធសាស្ត្រនៅក្នុងតំបន់ត្រូវបានផ្លាស់ប្តូរ ។ ការហាមឃាត់របស់អាមេរិកមិនឲ្យវៀតណាមនាំអាវុធនោះត្រូវអាមេរិកលុបចោលកាលពីឆ្នាំ២០១៤ ។ ក្រសួងការពារជាតិជប៉ុនក៏បង្កើនការជិតស្និទ្ធជាមួយទីក្រុងម៉ានីល និងហាណូយផងដែរ ។ នាវាចម្បាំងជប៉ុនបំពាក់ដោយមីស៊ីលនាំផ្លូវ២គ្រឿង កាលពីពេលថ្មីៗនេះបានធ្វើដំណើរដ៏កម្រមួយទៅកាន់បន្ទាយយុទ្ធសាស្ត្រ Cam Ranh Bay នៅវៀតណាម ។

ខែវិច្ឆិកា ឆ្នាំ២០១៥ វៀតណាម និងហ្វីលីពីនបានចុះព្រមព្រៀងដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខ ពេលដែលចិនបង្កើនវត្តមានរបស់ខ្លួននៅក្នុងតាមផ្លូវយុទ្ធសាស្ត្រ និងដាក់ពង្រាយបរិក្ខាយោធាលើដែនកោះស្ព្រាតលី និងបារ៉ាសែល ។

ទំនាក់ទំនងជិតស្និទ្ធ ព្រមទាំងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់បានធ្វើឲ្យប្រទេសមួយចំនួនស្ទាក់ស្ទើរក្នុងការចូលរួមប្រកាន់យកជំហររួមមួយដើម្បីប្រឆាំងផែនការផ្លូវទឹករបស់ទីក្រុងប៉េកាំង ។

វៀតណាម និងហ្វីលីពីនបានចុះកិច្ចព្រមព្រៀងស្តីពីការពារជាតិរយៈពេល៦ឆ្នាំមកហើយ ។ ការសាកល្បួងរួមកម្លាំងទាហានជើងទឹកនេះ ទំនងជាសកម្មភាពធំដំបូងគេរបស់ប្រទេសទាំងពីរហើយ ។

ជំនួបរវាងឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម Nguyen Chi Vinh នឹងលោក onorio Azcueta អនុរដ្ឋលេខាធិការក្រសួងការពារជាតិហ្វីលីពីនដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមេសានោះ កើតមានឡើង បន្ទាប់ពីតុលាការទីក្រុងឡាអេ ជិតមានការសម្រេចចិត្តចូលរួមជាអាជ្ញាកណ្តាលក្នុងសំណុំរឿងដែលប្តឹងដោយទីក្រុងម៉ានីលនោះហើយ ។

សវនាការរបស់ទីក្រុងឡាអេនេះ ក៏ជាការបញ្ជាក់ឲ្យច្បាស់លាស់អំពីច្បាប់ផ្លូវសមុទ្ររបស់អង្គការសហប្រជាជាតិ ហើយអាចធ្វើឲ្យចិនកាត់បន្ថយការអះអាងរបស់ខ្លួនលើដែនសមុទ្រជិត៩០ភាគរយ នៅសមុទ្រចិនខាងត្បូង ហើយដែលតៃវ៉ាន់ ម៉ាឡេស៊ី និងប្រ៉ុចណេទាមទារផងដែរនោះ ៕ សុមាន

members-of-philippine

still-image-from-united

Loading...

Leave a Reply

Your email address will not be published. Required fields are marked *