ហ្វូងដង្កូវចង្រៃកំពុងគំរាមកំហែងសំណាបស្រូវប្រជាកសិករ ធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង

ភ្នំពេញៈ សំណាបស្រូវ និងដំណាំ កសិផលរបស់ប្រជាពលរដ្ឋយ៉ាងតិច៧ខេត្ត បាននិងកំពុងរងការគំរាមកំហែងពីហ្វូងសត្វដង្កូវចង្ក្រៃ បំផ្លិចបំផ្លាញរាល់យប់ រាល់ថ្ងៃគ្មានសល់ ។ ក្រសួងកសិកម្មបានអះអាងថា ខេត្តចំនួន៥ ហ្វូងសត្វដង្កូវបាននិងកំពុងបំផ្លាញស្រូវប្រជាពលកសិករ ។ ប៉ុន្តែនៅថ្ងៃទី១៧ ខែមិថុនា មានសេចក្តីរាយការណ៍ ខេត្ត២បន្ថែមទៀត គឺខេត្តសៀមរាប និងខេត្តស្ទឹង ស្រូវប្រជាកសិករ ក៏រងការបំផ្លាញពីហ្វូងដង្កូវនេះដែរ ។

មានសេចក្តីរាយការណ៍ថា ស្រូវប្រជាពលរដ្ឋប្រមាណ២០០ហិកតា ស្ថិតនៅក្នុងស្រុកក្រឡាញ ខេត្តសៀមរាបបាននិងកំពុងរងការបំផ្លាញពីហ្វូងដង្កូវនេះ ហើយនៅក្នុងខេត្តស្ទឹងត្រែង ភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន ប្រជាកសិករក៏បានត្អួញតែ្អរអំពីបញ្ហាដង្កូវនេះដែរ ។

សេចក្តីជូនដំណឹងស្តីពីការត្រៀមអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំស្រូវចុះហត្ថលេខាដោយលោក សូខន ឫទ្ធីគុណ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានឲ្យដឹងថា ឆ្នាំនេះ ដោយយោងតាមលក្ខខណ្ឌធម្មជាតិនៅប្រទេសកម្ពុជាប្រែប្រួល រាំងស្ងួតក្តៅខ្លាំងបានអូសបន្លាយយូរបង្កឲ្យមានភាពងាយស្រួលដល់ការកកើត និងរាលដាលនៃពួកដង្កូវហ្វូងនេះយ៉ាងឆាប់រហ័សក្រោយពីមានភ្លៀងធ្លាក់ដើមដៃមកនោះ ។

ប្រភពបន្តថា៖ «នៅដើមខែមិថុនានេះដង្កូវហ្វូងបានផ្ទុះនៅក្នុងខេត្តមួយចំនួនដូចជាកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និងឧត្តរមានជ័យ។ ស្ថិតនៅក្នុងស្ថានភាពនេះដើម្បីទប់ស្កាត់ការរាលដាល និងបំផ្លាញពីដង្កូវហ្វូងក្រសួងសូមណែនាំវិធីសាស្ត្រមួយចំនួនដល់ប្រជាកសិករដើម្បីកំចាត់ដង្កូវហ្វូងនេះ»។

នៅក្នុងលិខិតរបស់ក្រសួងបានពន្យល់ថាដង្កូវហ្វូងត្រូវបានចាត់ទុកថាជាសត្វល្អិតចង្រៃចម្បងមួយប្រភេទនៅអាស៊ី។ កម្ពុជាជារៀងរាល់ឆ្នាំមានដំណាំជាច្រើនមុខ ដូចជាស្ពៃ សណ្តែក ពោត តែងរងនូវការបំផ្លាញដោយដង្កូវហ្វូងនេះ។ ចំណែកដំណាំស្រូវក៏តែងទទួលរងនូវការបំផ្លាញច្រើននាដើមរដូវវស្សានៅឆ្នាំណាដែលជួបគ្រោះរាំងស្ងួតខ្លាំង ព្រោះនៅពេលភ្លៀងដើមរដូវ រុក្ខជាតិទាំងឡាយចាប់ផ្តើមដុះលូតលាស់ល្អបង្កើតបានជាជម្រក និងចំណីអាហារសមស្របធ្វើឲ្យដង្កូវមានលទ្ធភាពបង្កើតកូនបានច្រើនហើយបន្ទាប់មកមានការរាំងស្ងួតអូសបន្លាយធ្វើឲ្យមានការបាត់បង់ដល់ពពួកសត្វមានប្រយោជន៍ផងនោះដង្កូវហ្វូងក៏មានលទ្ធភាពបង្កើនកូនរាលដាលបំផ្លាញដំណាំស្រូវពីស្រែមួយទៅស្រែមួយទៀតទាំងហ្វូងៗចំពោះស្រែគ្មានទឹកវាកាត់ស៊ីដល់គល់តែម្តងចំណែកឯស្រែមានទឹកវិញវាកាត់ស៊ីផ្នែកខាងលើទឹកទាំងអស់។

លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាមបានឲ្យដឹងថា បច្ចុប្បន្នប្រភេទដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវ និងសណ្តែក ១២០ ហិកតានៅស្រុកចំការលើ និងស្រុកព្រៃឈរហើយមន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានកសិកម្មបានចុះមកជួបកសិករផ្ទាល់ប្រាប់ពីរបៀបសម្លាប់ដង្កូវហ្វូងនេះ ។ លោកថា៖ «ការផ្ទុះនូវដង្កូវហ្វូងគឺមាននៅឆ្នាំនេះបន្ទាប់ពីមិនមានវត្តមានប្រហែល ៤ ទៅ ១០ ឆ្នាំមកហើយគឺវិលជុំកកើតដោយសារឆ្នាំនេះគ្រោះរាំងស្ងួតខ្លាំងតែយើងអាចគ្រប់គ្រងស្ថានការបានមិនទាន់ធ្ងន់ធ្ងរនោះទេ»។

ក្រសួងកសិកម្មបានប្រាប់ពីវិធីសាស្ត្រមួយចំនួនក្នុងការកម្ចាត់ដង្កូវហ្វូងដោយត្រូវសាបសំណាបឱ្យឆ្ងាយពីវាលស្មៅដែលជាទីជម្រករបស់វាបោចស្មៅចេញពីក្នុងស្រែ ឬចម្ការបូមទឹកដាក់ឲ្យច្រើនទៅក្នុងស្រែរួចហើយដើរកៀរប្រមូលយកដង្កូវទៅកម្ទេចចោល ឬក៏បញ្ចូលទាឱ្យទៅស៊ីដង្កូវ ។ ប្រភេទថ្នាំដែលមានឥទ្ធិពលលើដង្កូវហ្វូង និងដង្កូវកាត់ស្លឹកស្រូវមាន៖ អាស្សូវឌ្រិនក្នុងកម្រិតទឹក ៤០០-៥០០ លីត្រលាយនឹងថ្នាំ ១ លីត្រ និងសិវ៉ិន ក្នុងកម្រិត ២-៣ ស្លាបព្រាបាយដោយលាយជាមួយទឹក ១៥ លីត្រ ។

ប្រជាកសិករដែលរងផងប៉ះពាល់បានសម្តែងកង្វល់ជាខ្លាំងទៅបញ្ហាខាងលើនេះ ហើយបានអំពាវនាវក្រសួងកសិកម្មឲ្យចាត់វិធានការទប់ស្កាត់ជាបន្ទាន់ កុំឲ្យស្ថានការណ៍ធ្ងន់ជាងនេះ ៕

a8

a7

a9

a6

a1

a2

a3

a4

dankov

az6

Loading...

Leave a Reply

Your email address will not be published. Required fields are marked *