ឡសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩នោះ មកដល់ទីតាំងឈាបនដ្ឋានហើយ

ខេត្តកំពង់ស្ពឺ៖​ រដ្ឋបាលខេត្តកំពង់ស្ពឺបាននិងកំពុងរៀបចំទីតាំងដីមួយកន្លែងដែលមានទំហំ​ ១០ហិកតា​ ស្ថិតនៅក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ដើម្បីធ្វើជាឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈដែលបណ្ដាញអគ្គិសនីកំពុងតភ្ជាប់ បណ្តើរៗហើយ។ ចំណែកឡដុតសពអគ្គិសនី ក៏បានបញ្ជូនមកដល់កាលពីពេលថ្មីៗនេះហេីយដែរ។

តាមការឲ្យដឹងពីលោក មួង ធី អភិបាលស្រុកឱរ៉ាល់ បានប្រាប់ អ្នកយកព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២១​នេះថា​ ឈាបនដ្ឋានសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩​ ដែលកំពុងរៀបចំនេះ​ ក្រោមការដឹកនាំរបស់ក្រុមអ្នកបច្ចេកទេសសាលារាជធានីភ្នំពេញទេ ចំពោះរដ្ឋបាលខេត្ត បានត្រឹមតែផ្តល់ដី​ និងចូលរួមសម្របសម្រួលតែប៉ុណ្ណោះ។ ដោយសារនេះជាការងារអាទិភាព​ ដូច្នេះក្រុមការងារ បាន​និងកំពុងសម្រុករៀបចំ និងជំរុញការងារនេះឲ្យបាន យ៉ាងឆាប់រហ័សស្របនឹងការងារគ្រប់គ្រងសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ន។

លោកអភិបាលស្រុកឱរ៉ាល់ មួង ធី បានបញ្ជាក់ថា​ ចំពោះអគ្គិសនីក្រុមការងារបច្ចេកទេស បានរៀបចំរួចរាល់ហើយខណៈការឈូសឆាយដីព្រៃ ក៏បានរួចរាល់ហើយដែរ។ ចំពោះសម្ភារបច្ចេកទេសគ្រឿងម៉ាស៊ីន (ឡដុត) ចំនួន​ ២គ្រឿង​ ដែលបានបញ្ជាទិញពីបរទេសនោះ ក៏បានបញ្ជូនមកដល់រួចរាល់ហេីយ​កាលពីពេលថ្មីៗនេះ ប៉ុន្តែការចាប់ដំណើរការនៅពេលណានោះ នៅមិនទាន់ដឹងនៅឡេីយទេ​ តែអាចក្នុងពេលឆាប់ៗនេះ៕

Loading...