ឡានដឹកឈើ របស់ឧកញ៉ា ដ៏មានអំណាច ក្រឡាប់ផ្ងារជើង ឈ្មោះ ភ័ក្ត្រ និងឈ្មោះ ពៅ សក់បាស ជាមេការ រត់ឆ្លេឆ្លាដូចមាន់រកពង

ខេត្តត្បូងឃ្មុំ ៖ រថយន្តយីឌុប ដឹកឈើប្រណិត ចំនួន ២គ្រឿង បានក្រឡាប់ បណ្តាលឲ្យស្លាប់មនុស្ស និងខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដោយរថយន្តទី១ បានក្រឡាប់នៅម៉ោង ១០យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ បណ្ដាលឲ្យមនុស្សចំនួន ២នាក់ ស្លាប់យ៉ាងវេទនា។ រហូតដល់ម៉ោង ៥ជិតភ្លឺ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រថយន្តយីឌុប មួយគ្រឿងទៀត បានក្រឡាប់ នៅចំណុចភូមិដក់ពរ ឃុំទ្រាក ស្រុកមេមត់ ដោយដេកផ្ងារជើង ចេញសុទ្ធតែឈើប្រណិត តែគ្មាននរណាម្នាក់ រងរបួសនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តយីឌុបទី១ ដែលក្រឡាប់ បានបើកចុះចំណោទ ក្នុងល្បឿនលឿនហើយទំនងជា តៃកុងជាន់ហ្វ្រាំង បណ្ដាលឲ្យឈើប្រណិត ម៉ៃតាប់មុខជ្រុង ប្រភេទសុក្រម ហក់ចេញពីទ្រុងរថយន្ត ប្រមាណ ២០ម៉ែត្រ រីឯឈើទាំងនោះ បានបុកកម្ទេច យានដ្ឋានយីហោ គឹមឈាង បណ្ដាលឲ្យខូចខាត រថយន្តតូចចំនួន ៤គ្រឿង។ អ្នកបើកបរឈ្មោះ ប្រាក់ មាញ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្លាប់ដោយដាច់ខ្លួន ជាកំណាត់ៗ និងព្រូឈ្មោះ ចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគងមហា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏បានស្លាប់ដែរ។
រថយន្តដែលក្រឡាប់ នាពេលទៀបភ្លឺនោះ គេដឹងច្បាស់ថា មានអ្នករត់ការចំនួន ២នាក់ ម្នាក់ឈ្មោះ ភ័ក្ត្រ និងម្នាក់ទៀតឈ្មោះ ពៅ សក់បាស បានរត់ឆ្លេឆ្លាដូចមាន់ចង់ពង ញាប់ដៃញាប់ជើង ទូរស័ព្ទចាត់ចែង រករថយន្តមកស្ទូច យកឈើចេញពី កន្លែងកើតហេតុ ខ្លាចលោកឧកញ៉ា លឹម ប៊ុនណា ស្ដីបន្ទោស ព្រោះអ្នកទាំង ២នាក់ ជាដៃស្តាំលោកឧកញ៉ាផង និងមានតួនាទីភារកិច្ចជាអ្នក សម្របសម្រួលផ្លូវ បោះមេជូន សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញ ក្នុងការធ្វើចរាចរណ៍ឈើប្រណិតខុសច្បាប់ ចេញទៅប្រទេសវៀតណាម៕

W@t-271125

W@t-271128

W@t-271126

W@t-271127

Loading...

Leave a Reply

Your email address will not be published. Required fields are marked *