ឡានយីឌុបខ្នាតយក្សរបស់ឧកញ៉ាម្នាក់ ក្រឡាប់ចាក់ឈើប្រណីតពេញផ្លូវ អត់ឃើញសមត្ថកិច្ច និងគយចល័តចុះទៅពិនិត្យច្បាប់ទម្លាប់

ខេត្តក្រចេះ ៖ សកម្មភាពដឹកឈើ តាមរថយន្តយីឌុបខ្នាតយក្ស ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះទៅប្រទេសវៀតណាម ចេញតាមច្រកព្រំដែន ខេត្តត្បូងឃ្មុំ របស់ក្រុមឧកញ៉ាធំៗ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ច និងមន្ត្រីជំនាញ រួមទាំងគយចល័ត មិនដែលហ៊ានប៉ះពាល់នោះទេ ហើយជាក់ស្តែង មានរថយន្តខ្នាតធំ ដឹកឈើមួយគ្រឿង បានក្រឡាប់ ចាក់ឈើពេញលើផ្លូវជាតិលេខ៧A ត្រង់ម្តុំក្បែហាងលក់បាយ យីហោលីលី ក្នុងភូមិកលាប់ ឃុំកលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីវេលាទាបភ្លឺថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ គ្មាននរណាអើពើ ចុះទៅពិនិត្យនោះទេ។
លោក ម៉ី វុធី នាយសង្កាត់ព្រៃឈើថ្មគ្រែ បានឲ្យដឹងថា រថយន្តខ្នាតធំ ដឹកឈើពេញ ដែលក្រឡាប់នោះ ជារបស់លោកឧកញ៉ាម្នាក់។ រថយន្តនោះ បានដឹកឈើប្រភេទសុក្រុំ មានចំនួនរាប់សិបម៉ែត្រគូប ដឹកចេញពីតំបន់ របស់ក្រុមហ៊ុន នៅខេត្តរតនគិរី ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយកម្លាំងរបស់លោក មិនអាចធ្វើការ ត្រួតពិនិត្យបានទេ ដោយសារអត់មាន បទបញ្ជាពីថ្នាក់លើ។ ចំណែករថយន្តនោះ បន្ទាប់ពីក្រឡាប់ ចាក់ឈើពេញផ្លូវ ហើយក៏មានរថយន្ត របស់ក្រុមហ៊ុនដដែល មកស្ទូចជញ្ជូនចេញ ជាបន្តបន្ទាប់ អស់ពីកន្លែងកើតហេតុ នៅវេលាព្រឹកថ្ងៃដដែល ទៅគោលដៅរបស់គេ។
ក្នុងហេតុការណ៍ក្រឡាប់ រថយន្តដឹកឈើ របស់ឈ្មួញធំៗ បានកើតមានជាហូរហែរ ក្នុងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ មិនដែលមានមន្ត្រីសមត្ថកិច្ច ក្នុងស្ថាប័នពាក់ព័ន្ធណា មករារាំងដំណើរការដឹក និងត្រួតពិនិត្យឈើ ដែលមានច្បាប់ត្រឹមត្រូវ ឬអត់ច្បាប់នោះឡើយ។ ក្នុងនោះសូម្បីតែគយចល័ត ដែលធ្លាប់បង្ក្រាប ឡានដឹកឈើ យ៉ាងកក្រើកទឹកដី ខេត្តត្បូងឃ្មុំ ក៏រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានប៉ះពាល់ ឡានដឹកឈើ ដែលឆ្ពោះមកកាន់ ខេត្តត្បូងឃ្មុំ នោះទេ៕

W@t-05121

W@t-05123

Loading...

Leave a Reply

Your email address will not be published. Required fields are marked *