ឡាវនៅតែបន្តបញ្ជូនកងទ័ពប្រដាប់ដោយអាវុធមកសង់ប៉ុស្តិ៍នៅតំបន់ព្រំដែនដោយរំលោភលើកិច្ចព្រមព្រៀងក្រោយជួបប្រជុំឯកភាពដកកងទ័ពចេញមិនបានមួយថ្ងៃផងនោះ

ខេត្តស្ទឹងត្រែង៖ មេយោធាខេត្តស្ទឹងត្រែង កម្ពុជា និងមេយោធាខេត្តចម្ប៉ាសាក់ ឡាវ នៅថ្ងៃ៥មេសាម្សិលមិញ បានជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែនមួយចំនួន គ្រាដែលឡាវបានបញ្ជូនកងទ័ពរាប់សិបនាក់ មកសាងសង់ប៉ុស្តិ៍នៅចំណុចប្រទាញប្រទង់គ្នាចំនួនពីរទាំងខាងផ្លូវទឹក និងដែនគោក នៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង។

នៅក្នុងជំនួបប្រជុំនោះ ភាគីយោធាកម្ពុជា និងភាគីយោធាឡាវ បានឯកភាពគ្នាជាច្រើនចំណុច ហើយឡាវបានសន្យាថា នឹងយល់ព្រមដកកងទ័ពចេញ និងបញ្ឈប់ការសាងសង់ប៉ុស្តិ៍នោះតទៅទៀត ដោយទុកលទ្ធភាពឲ្យអាជ្ញាធរខេត្ត នៃប្រទេសទាំងពីរ ខេត្តស្ទឹងត្រែង កម្ពុជា និងខេត្តចម្ប៉ាសាក់ឡាវ ពិភាក្សាគ្នាសំរេចនៅក្រោយចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនោះរួច។ ប៉ុន្តែ នៅព្រឹកថ្ងៃ៦មេសា២០១៧នេះ មេបញ្ជាការយោធាខេត្តស្ទឹងត្រែង បានរាយការណ៍ថា ឡាវបានរំលោភលើកិច្ចព្រមព្រៀង ក្នុងជំនួបប្រជុំឯកភាពគ្នា ដែលបានធ្វើឡើងនៅថ្ងៃ៥មេសាម្សិលមិញ ដោយឡាវបានបញ្ជូនកងទ័ពរាប់សិបនាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បន្តដឹកជញ្ជូនឈើមកសង់ប៉ុស្តិ៍ នៅចំណុចដើមល្វា ព្រំដែនផ្លូវទឹកនោះជាដដែល។

មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន លោកបានមានប្រសាសន៍ឲ្យដឹងថា នៅព្រឹកថ្ងៃ៦មេសានេះ លោកបានបន្តកិច្ចការងារយោធា ដោយចុះទៅកាន់តំបន់ព្រំដែន បន្តពិនិត្យពីសភាពការណ៍នៅទីនោះ បន្ទាប់ពីលោកទទួលបានដំណឹងថា ឡាវបានបញ្ជូនកម្លាំងទ័ពប្រមាណ៣០នាក់ ក្នុងដៃប្រដាប់ដោយអាវុធ ធ្វើការដឹកជញ្ជូនឈើមកកាន់ចំណុចដើមល្វា ព្រំដែនផ្លូវទឹក ដើម្បីបន្តសាងសង់ប៉ុស្តិ៍នៅទីនោះ។

លោកឧត្តមសេនីយ៍មេបញ្ជាការបានមានប្រសាសន៍ទៀតថា នៅច្រើនថ្ងៃកន្លងមកក្នុងខែមេសានេះ ទាហានឡាវបានដឹកជញ្ជូនឈើមកសង់ប៉ុស្តិ៍ចំនួនពីរកន្លែង ១.នៅព្រំដែនគោក ត្រង់ចំណុចដុងក្រឡចាស់ និង២.នៅព្រំដែនផ្លូវទឹក ត្រង់ចំណុចដើមល្វា ប៉ុន្តែ ត្រូវបានហាមឃាត់ដោយកងកម្លាំងកម្ពុជា ហើយនៅថ្ងៃ២មេសាកន្លងទៅ យោធាឡាវបានបិទច្រកព្រំដែនផ្លូវទឹកមិនឲ្យមានការចេញចូល បានប្រមាណជា២ទៅ៣ម៉ោងក្រោយមក ច្រកនោះក៏បានបើកឲ្យដំណើរការឡើងវិញ ដោយភាគីយោធាទាំងពីរមានការយល់ច្រឡំ នឹងគ្នាតែប៉ុណ្ណោះ។

លោកថា ដើម្បីបញ្ជៀសការយល់ច្រឡំ និងដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួន ឲ្យបានជ្រះស្រឡះ នៅថ្ងៃ៥មេសាម្សិលមិញ លោកបានដឹកនាំគណៈប្រតិភូយោធាខេត្តស្ទឹងត្រែង ដើម្បីជួបប្រជុំដោះស្រាយគ្នា ជាមួយភាគីយោធា ខេត្តចម្ប៉ាសាក់ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ូកៃ ភីមម៉ាសាន។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀលនោះ ភាគីយោធាកម្ពុជា បានស្នើដល់ភាគីយោធាឡាវ ឲ្យរក្សាស្ថានភាពស្ងប់ស្ងាត់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អឡើងវិញ ដោយសូមឲ្យភាគីឡាវដកកងទ័ពចេញពីចំណុចដុងក្រឡចាស់ និងដកចេញពីច្រកទ្វារទ្វេរភាគី គឺអន្លង់មរកត របស់កម្ពុជា និងវ៉ឺនខាមរបស់ឡាវ រាល់ការសាងសង់សំណង់នៅដុងក្រឡចាស់ និងនៅជិតដើមល្វាផ្លូវចូលទៅវ៉ឺនខាម សូមឲ្យផ្អាកទាំងអស់ដោយរង់ចាំក្រោយចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររួច ទុកឲ្យអភិបា លខេត្តទាំងពីរ ស្ទឹងត្រែង កម្ពុជា ចម្ប៉ាសាក់ឡាវ ជួបគ្នាសំរេច ស្នើភាគីឡាវកុំបិទច្រកចេញចូលផ្សារវ៉ឺនខាម បើអាជ្ញាធរ ឬកម្លាំងប្រដាប់អាវុធទាំងពីរឈ្លោះគ្នា ប្រជាជនទាំងពីរគឺជាអ្នកខាតបង់។

មេបញ្ជាការយោធាខេត្តចម្ប៉ាសាក់ ឡាវ លោកឧត្តមសេនីយ៍ត្រី ស៊ូកៃ ភីមម៉ាសាន បានឆ្លើយតបវិញថា កម្ពុជា-ឡាវ មានប្រពៃណីល្អជាមួយគ្នា និងអ្វីដែលសំខាន់ គឺយោធាខេត្តទាំងពីរ ឯការសាងសង់ប៉ុស្តិ៍នៅដុងក្រឡចាស់ ក្នុងមូលហេតុមកពីអគារចាស់ទ្រុឌទ្រោម និងអនុវត្តន៍តាមកិច្ចព្រមព្រៀងឆ្នាំ២០០៩ រវាងរដ្ឋាភិបាល ប្រទេសទាំងពីរ ស្តីពី ការកំណត់ព្រំដែននៅចំណុចបង្គោលលេខ០៣១ និងបង្គោលលេខ០៣៣ តែពេលនេះត្រូវឲ្យផ្អាកការសាងសង់ ទុកឲ្យអាជ្ញាធរខេត្តទាំងពីរសំរេច។

លោកថា លោកនឹងឯកភាព ដកកម្លាំងប្រដាប់អាវុធចេញពីដុងក្រឡ តែកុំឲ្យសមត្ថកិច្ចកម្ពុជា ចេះតែទៅរករឿងគ្រឿងចក្រកំពុងធ្វើផ្លូវ រីឯដើមល្វា ឯកភាពដកកងទ័ពទៅវ៉ឺនខាម បើកម្លាំងនគរបាលកម្ពុជា ដកទៅកាន់ប៉ុស្តិ៍ខ្លួនវិញ។

ក្រោយកិច្ចប្រជុំ ភាគីយោធាឡាវ បានយល់ព្រមតាមការស្នើសុំ របស់ភាគីយោធាកម្ពុជា ដោយឈរលើស្មារតី សាមគ្គីភាព និងមិត្តភាពជាបន្តទៀត។ ប៉ុន្តែ ស្រាប់តែនៅព្រឹកថ្ងៃ៦មេសា២០១៧នេះ ក្រោយជួបប្រជុំឯកភាពគ្នាមិនបាន១ថ្ងៃផងនោះ បែរជាភាគីយោធាឡាវ មិនត្រឹមតែមិនគោរពតាមស្មារតីអង្គប្រជុំនោះទេ ថែមទាំងបានបញ្ជូនកងទ័ព ប្រដាប់ដោយអាវុធគ្រប់ដៃប្រមាណ៣០នាក់ ធ្វើការដឹកជញ្ជូនឈើមកសង់ប៉ុស្ត៍ នៅចំណុចដើមល្វា ច្រកផ្លូវទឹកដោយរំលោភលើកិច្ចព្រមព្រៀង នៃអង្គប្រជុំ ៕

Loading...