អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃផ្ទេរអ្នកទោសជិត ៩០នាក់ ពីខេត្តក្រចេះ មកដាក់ពន្ធនាគារខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ ពិរុទ្ធជនជិត ៩០នាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគារខេត្តក្រចេះ ត្រូវបានផ្ទេរមកដាក់ក្នុងពន្ធនាគារខេត្តស្ទឹងត្រែងវិញ កាលពីថ្ងៃទី១៧មករាឆ្នាំ២០២១ មកនេះ។

ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ឈុន ដារ៉ា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា អ្នកទោសដែលត្រូវផ្ទេរចេញពីពន្ធនាគារខេត្តក្រចេះ នាំយកមកដាក់ក្នុងពន្ធនាគារខេត្តស្ទឹត្រែង មាន ៨៧នាក់ ដោយអនុវត្តតាមការសម្រេចឲ្យផ្ទេររបស់ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បន្ទាប់ពីមានការស្នើសុំរបស់ប្រធានពន្ធនាគារខេត្តក្រចេះ រួចមក។

នាយករងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ នុត សាវនា បានប្រាប់ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃ១៨មករា ថា ការផ្ទេរអ្នកជាប់ឃុំជាង ៨០នាក់ ចេញពីក្នុងពន្ធនាគារខេត្តក្រចេះ មកកាន់ខេត្តស្ទឹងត្រែង គឺដោយសារនៅក្នុងពន្ធនាគារខេត្តក្រចេះ មានចំនួនអ្នកជាប់ឃុំ រហូតដល់ទៅ ៧០៧នាក់ ។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា បច្ចុប្បន្ន ពន្ធនាគារនៅខេត្តក្រចេះ អាចដាក់អ្នកជាប់ឃុំបានក្រោម ៤០០នាក់ ប៉ុណ្ណោះ ដោយសារទីតាំងមានលក្ខណៈតូចចង្អៀត រីឯពន្ធនាគារនៅខេត្តស្ទឹងត្រែង មានលក្ខណៈធំទូលាយ និងមានការសង់អគារបន្ថែមជាបន្តបន្ទាប់ អាចដាក់អ្នកជាប់ឃុំបានច្រើន។ ម្យ៉ាងទៀត ពន្ធនាគារខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ស្ថិតនៅភូមិភាគឦសានតែមួយ ជាការបង្កលក្ខណៈងាយស្រួលសម្រាប់សាច់ញាតិ មកសួរសុខទុក្ខជនជាប់ឃុំ បានយ៉ាងងាយ។ ហើយអ្វីដែលសំខាន់ជាងនេះទៀត គឺការនាំខ្លួនអ្នកជាប់ឃុំឡើងសាវនាការ ទៅសាលាដំបូងខេត្ត ក្នុងតំបន់ជិតគ្នា ក៏កាន់តែមានលក្ខណៈងាយស្រួលផងដែរ៕

Loading...