អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញជនជាតិវៀតណាម ចំនួន ៤៨នាក់ និងហាមឃាត់ចូលកម្ពុជា រយៈពេល៣ឆ្នាំ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រោមការចង្អុលដឹកនាំពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៃនាយកដ្ឋានច្រកទ្វារទី២ ធ្វើការបណ្តេញចេញជនជាតិវៀតណាមចំនួន ៤៨នាក់ តាមប្រកាសក្រសួងមហាផ្ទៃ ដោយហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ។

លោកឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិវៀតណាមទាំង ៤៨នាក់ (ស្រី ០៣នាក់) ត្រូវបានកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយមានការដឹកនាំ និងសម្របសម្រួលផ្នែកច្បាប់ ពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ចុះបង្រ្កាប-ឃាត់ខ្លួន កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកស្រែអំបិល ខេត្តកោះកុង ពាក់ព័ន្ធនឹងបទល្មើស លួចឆ្លងដែន-ស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់៕

Loading...