អគ្គនាយកដ្ឋាន​ពន្ធដា​រ រៀបចំ​យុទ្ធសាស្ត្រ ប្រមូល​ចំណូល ឲ្យ​បាន​គ្រប់​ផែនការ ច្បាប់​សម្រាប់​ឆ្នាំ​២០១៥ និង​ឆ្នាំ​ខាងមុខ​

ភ្នំពេញ: អគ្គនាយកដ្ឋាន​ពន្ធដា​រ បានរៀបចំ​នូវ​ផែនការ​មួយចំនួន ដើម្បី​ប្រមូល​ចំណូល បាន​គ្រប់​ផែនការ​ច្បាប់ និង​ដើម្បី​ធានាបាន នូវ​ភាពជឿ​ទុកចិត្ត ផ្នែក​ថវិកា សម្រាប់​បម្រើ អោយ កិច្ចការ​នយោបាយ​អាទិភាព របស់​រាជរដ្ឋាភិបាល និង​ការកែទម្រង់ ការគ្រប់ គ្រង ហិរញ្ញវត្ថុ​សាធារណៈ​។​

​ផែនការ​មួយចំនួន​នោះ បាន​ត្រូវ​លើកឡើង នៅក្នុង​កិច្ចប្រជុំ បូកសរុប​ការងារ​សារពើពន្ធ ប្រចាំត្រីមាស​ទី​៤ និង​ប្រចាំ ឆ្នាំ​២០១៤ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ នាពេល​ថ្មីៗ​នេះ​។​ ​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែងថា ដើម្បី​ប្រមូល​ចំណូល​បាន គ្រប់​ផែនការ​ច្បាប់ និង​ដើម្បី​ធានាបាន​នូវ ភាពជឿ​ទុកចិត្ត​ផ្នែក​ថវិកា សម្រាប់​បម្រើអោយ កិច្ចការ​នយោបាយ អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ការកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវាសាធារណៈ​នោះ ជា​ទិសដៅ​អនុវត្ត​បន្ត អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ត្រូវយក​យុទ្ធសាស្ត្រ​កៀរគរ ចំណូល​រយៈពេល​មធ្យម ឆ្នាំ​២០១៤-​ឆ្នាំ​២០១៨ យក​ធ្វើជា​ត្រីវិស័យ បង្ហាញផ្លូវ​ក្នុងការ​ប្រមូល​ចំណូល សម្រាប់​ឆ្នាំ​២០១៥ ក៏ដូចជា សម្រាប់​បណ្តា​ឆ្នាំ​ខាងមុខ ដោយ​ផ្តោតលើ​ចំណុច​សំខាន់ៗ ដូចជា ៖

– ការពង្រឹង​រដ្ឋបាល​ចំណូល​ពន្ធដារ រួមមាន ១. ការពង្រឹង​មុខងារ​ប្រតិបត្តិការ​ស្នូល (ការចុះបញ្ជី​អ្នក​ជាប់ពន្ធ ការផ្តល់ សេវា​អ្នក​ជាប់ពន្ធ ការចាត់ចែង​លិខិត​ប្រកាស ការធ្វើ​សវនកម្ម​ពន្ធ ការប្រមូល​បំណុល​ពន្ធ និង​បណ្តឹងតវ៉ា​) ២. ការ ពង្រឹង​មុខងារ​គាំទ្រ (​ការ ពង្រឹង​ការគ្រប់គ្រង និង​រចនាសម្ព័ន្ធ ការគ្រប់គ្រង​ធនធានមនុស្ស និង​បច្ចេកវិទ្យា​ព័ត៌មាន (IT)​។​

– កំណែទម្រង់​គោលនយោបាយ​ពន្ធ រួមមាន ១. អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយចំនួន ២. អាករ​លើ​តម្លៃបន្ថែម ៣. របប​ម៉ៅការ ៤. ពិនិត្យឡើងវិញ​របប​លើក ទឹកចិត្ត ផ្នែក​ពន្ធ​ដល់​គម្រោង​វិនិយោគ ៥. កិច្ចព្រមព្រៀង​អន្តរជាតិ ៦. ពន្ធ​លើ​អចលនទ្រព្យ ៧. ពន្ធ​លើ​ចំណូល​រូបវន្តបុគ្គល ៨. ពន្ធ​លើ​ប្រតិបត្តិការ​ប្រេងកាត និង​ធនធាន​រ៉ែ និង ៩. ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​៕

អូន ពូនមុនីរ័ត្ន

Loading...

Leave a Reply

Your email address will not be published. Required fields are marked *