អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី ជម្រុញដល់មន្ត្រី នៃមន្ទីរជំនាញ ក្នុងខេត្តស្ទឹងត្រែង ខិតខំពង្រឹងសមត្ថភាពផ្ដល់សេវាគាំពារផ្នែកច្បាប់ និងកិច្ចអន្តរាគមន៍ ដើម្បីជួយដល់ស្ត្រី និងកុមារីរងគ្រោះ ដោយអំពើហិង្សានូវគ្រប់ទម្រង់ ប្រកបដោយប្រសិទ្ធភាពខ្ពស់

ខេត្តស្ទឹងត្រែង៖ ការថ្លែងរកការជម្រុញរបស់ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួង កិច្ចការនារី លោកស្រី មាន សុចិត្រា បានធ្វើឡើងនៅក្នុងពេលដែលលោកស្រី បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី « បទដ្ឋានអប្បរិមា សម្រាប់ការផ្ដល់ប្រឹក្សាជាមូលដ្ឋាន ដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ដោយអំពើហឹង្សា ទាក់ទងនឹងយេនឌ័រ » ជូនដល់ក្រុមការងារពហុវិស័យ ឆ្លើយតប អំពើហឹង្សា ទាក់ទងនឹងការងារយេនឌ័រ ។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្នុងរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣សីហា ដល់ថ្ងៃទី៤សីហា ឆ្នាំ២០២០ នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី អភិបាលរងខេត្តស្ទឹងត្រែង លោកស្រី កែវ សាវឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារខេត្ត លោកស្រី គត់ ប៊ុនមី និងមានការចូលរួម ពីមន្ត្រី នៃមន្ទីរ និងអង្គភាព ជុំវិញខេត្តស្ទឹងត្រែង ជាច្រើនរូបផងទៀត ។

ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារខេត្តស្ទឹងត្រែង លោកស្រី គត់ ប៊ុនមី បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹង និងបង្ហាញអំពីរបៀប នៃការឆ្លើយតប ក្នុងការ ជួយជនរងគ្រោះ ដោយអំពើហឹង្សា ទាក់ទងនឹងយេនឌ័រ ឲ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។ លោកស្រីបានបន្តទៀតថា នៅរយះពេលកន្លងមក ក្រុមការងារពហុវិស័យ នៃគណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារខេត្ត បានជួបនូវបញ្ហាប្រឈមការលំបាកខ្លះៗ នៅក្នុងកិច្ចអន្តរាគមន៍ ជួយដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ដោយអំពើហឹង្សាក៏មែនពិត ប៉ុន្តែ ក្រុមការងារពហុវិស័យខេត្ត បានបំពេញតួនាទី និងភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួន ក្នុងការចុះជួយជនរងគ្រោះ ជាពិសេស ស្ត្រីនិងកុមារ ដែលជួបបញ្ហានៅក្នុងមូលដ្ឋាន ដោះស្រាយបានជាបន្តបន្ទាប់ ។

លោកស្រីគត់ ប៊ុនមី បានថ្លែងសង្ឃឹមទុក ជាមុនថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ មន្ត្រីមកពីមន្ទីរជំនាញនីមួយៗ ដែលជាក្រុមការងារ ពហុវិស័យថ្នាក់ខេត្ត នឹងទទួលបានចំណេះដឹង និងស្វែងយល់បន្ថែម លើការអនុវត្តតួនាទី ភារកិច្ច នូវកិច្ចការងារដែលត្រូវធ្វើចំពោះមុខ ហើយយកចំណេះដឹងទាំងនេះ ទៅផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋាន ធ្វើអោយប្រជាពលរដ្ឋមានការយល់ដឹង និងរួមគ្នាលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ អោយថយមកនៅកម្រិត ទាបបំផុត និងឈានទៅលុបបំបាត់ទាំងស្រុង នាថ្ងៃអនាគត។

អគ្គនាយកនៃអគ្គនាយកដ្ឋាន អភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី លោកស្រី មាន សុចិត្រា មានប្រសាសន៍ថា ការកើតឡើងនូវអំពើហឹង្សាមកលើស្ត្រី និងកុមារីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងបានយក ចិត្តទុកដាក់ជានិច្ច ហើយបញ្ហាអំពើរហឹង្សានេះ តែងបានកើតឡើងនៅគ្រប់ទីកន្លែងទាំងអស់ នៅក្នុង ប្រទេសកម្ពុជា និងនៅលើពិភពលោក។ លោកស្រី បានបន្តទៀតថា តាមការស្រាវជ្រាវរបស់អង្គការ UNWOMEN បានបង្ហាញថា ស្រ្តីម្នាក់ក្នុងចំណោមស្រី៣នាក់ គឺបានរងគ្រោះដោយអំពើហឹង្សា ដោយឡែក នៅក្នុងប្រទេសកម្ពុជា មានស្ត្រីម្នាក់ក្នុងចំណោម៥នាក់ បានរងគ្រោះដោយអំពើហឹង្សា។ ដូចនេះហើយបាន ជានៅក្នុងពិភពលោក និងនៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់ នៅក្នុងការលុបបំបាត់អំពើហឹង្សានេះ។ លោកស្រី មាន សុចិត្រា បានថ្លែងរកការជម្រុញ និងការលើកទឹកចិត្តដល់ក្រុមការងារពហុវិស័យ ដែលកំពុង ត្រូវបានបណ្តុះបណ្តាលនៅក្នុងពេលនេះ ត្រូវខិតខំស្វែងយល់ និងគ្រេបជញ្ជក់ចំណេះដឹង ដែលទាក់ទង ទៅនឹងបទដ្ឋានអប្បរិមា សម្រាប់ការផ្ដល់ប្រឹក្សាជាមូលដ្ឋាន ដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ដោយអំពើហឹង្សា ទាក់ទងនឹងយេនឌ័រនេះ និងត្រូវពង្រឹងសមត្ថភាពអប់រំនៅថ្នាក់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងសេវាប្រឹក្សា យោបល់ ការផ្ដល់សេវាការពារផ្នែកច្បាប់ និងកិច្ចអន្តរាគមន៍នានា ដល់ស្ត្រី និងកុមារីរងគ្រោះដោយអំពើហិង្សា  គ្រប់ទម្រង់ ប្រកបដោយប្រសិទ្ធភាព៕

Loading...