អគ្គលេខាធិការកីឡាកាយសម្ព័ន្ធបង្ហាញ ពីគម្រោងផ្សព្វផ្សាយមូលដ្ឋានគ្រឹះដល់ថ្នាក់មូលដ្ឋាន

ភ្នំពេញ៖ លោក ណយផានណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្តលបទសម្ភាសខ្លីមួយនឹងអ្នកសារព័ត៌មានដើម្បីបង្ហាញពីគម្រោងផែនការមួយចំនួនពាក់ព័ន្ធនឹងយុទ្ធនាការចុះផ្សព្វផ្សាយ ស្តីពីមូលដ្ឋានគ្រឹះនៃវិស័យកីឡាកាយសម្ព័ន្ធ ដល់ថ្នាក់ក្រោមជាតិចាប់ដើមខែមីនាឆ្នាំ២០១៧ កាលពីល្ចាចថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៧នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ ។

លោក ណយ ផានណា បានឲ្យដឹងថា ដើម្បីបញ្ជ្រាបចំណេះដឹងកាន់តែស៊ីជម្រៅក្នុងវិស័យកីឡាជំនាញមួយនេះដល់គ្រូបង្វឹក កីឡាករ កីឡាការិនីថ្នាលនៅមូលដ្ឋាននោះ គោលបំណងចង់ពង្រឹងគ្រឹះឲ្យរឹងមាំតាមផែនការអភិវឌ្ឍឆ្ពោះទៅដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាអន្តរជាតិនានាដែលសហព័ន្ធបានដាក់ចុះ នាពេលកន្លងទៅ។

លោក អគ្គលេខាធិការបានបន្តថា យុទ្ធនាការផ្សព្វផ្សាយទាំងនេះ ធ្វើឡើងដោយយោងតាមផែនការមេរបស់សហព័ន្ធ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡា គឺសហព័ន្ធនីមួយៗត្រូវតែរៀបចំសិក្ខាសាលាឲ្យបានយ៉ាងតិច២ទៅ៣ដងក្នុង១ឆ្នាំៗ ជាការបញ្ជ្រាបចំណេះដឹងជូនដល់ប្រជាជាននៅតាមតំបន់ ដែលមានក្លិបស្រាប ឲ្យពួកគាត់ជ្រាបច្បាស់ពីសក្តានុពលវិស័យកីឡាកាយសម្ព័ន្ធពិសេសគ្រូបង្វឹក យុវជន និងពលរដ្ឋធម្មតាក៏អាចហាត់កីឡាកាយសម្ព័ន្ធសម្រាប់សុខភាពបានដែរ ។

លោកអគ្គលេខាធិការបន្ថែមថា សិក្ខាសាលាលើកទី១ គ្រោងធ្វើនូវដើមខែមីនា ក្នុងបរិវេណសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់ចំណេះដឹងដល់គ្រូថ្នាក់មូលដ្ឋានទាំងអស់អំពីអ្វីទៅមូលដ្ឋានគ្រឹះនៃជំនាញកីឡាកាយសម្ព័ន្ធ រួមនិងកម្រិតបច្ចេកទេសនានាសម្រាប់បង្ហាត់របស់គ្រូដល់កីឡាករកីឡាការិនីថ្នាល នៅថ្នាក់មូលដ្ឋាននៃខេត្តកំពង់ឆ្នាំដើម្បីបង្កើនគុណផលនាថ្ងៃអនាគត់។វគ្គសិក្ខាសាលានេះអាច និងមានអ្នកពាក់ព័ន្ធប្រមាណ៣០នាក់ មកពីខេត្តក្រចេះ កំពង់ចាម, តាកែវ និងបណ្តាក្លិបមួយចំនួន នៅរាជធានីភ្នំពេញផងដែរ។

លោក ណយ ផាណាបញ្ជាក់ថា “ខ្ញុំគិតថា សិក្ខាសាលានេះវាមានសារៈ សំខាន់ណាស់ សម្រាប់វគ្គដំបូង បន្ទាប់មកយើងរៀបចំវគ្គបច្ចេកទេសនិងបញ្ជ្រាបការយល់ដឹងនៅដំណាក់កាលទី១ ទី២ និងទី៣រួចហើយយើងនឹងរៀបចំវគ្គបច្ចេកទេសតែម្តង ដែលមានរយៈពេលជាង១សប្តាហ៍ ឬច្រើនជាង១០ថ្ងៃ កាន់តែប្រសើរ” ៕

Loading...