អគ្គស្នងការនគរបាលជាតិ​ណែនាំ១០ចំណុច ដល់កងកម្លាំងនគរបាលអនុវត្ត អំឡុងពេលបិទខ្ទប់ភូមិសាស្ត្រ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

ភ្នំពេញ៖ នាយឧត្តមសេនីយ​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​​ បានណែនាំ១០ចំណុចស្តីពីការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវី-១៩ ។

សេចក្តីណែនាំ​បានបញ្ជាក់ថា៖ យោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤៩សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការកែសម្រួលវិធានការ ដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

-អនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១០សណន ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមហាផ្ទៃក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់តាមខ្លឹមសារ នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំអំពីការបំពេញការងាររបស់ ឯកឧត្តម លោកជំទាវ ជាអគ្គស្នងការរង និងអស់លោក លោកស្រី ជាប្រធាននាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិដូចខាងក្រោម៖

១.នាយកដ្ឋាន-អង្គភាព និងអង្គភាពថ្នាក់ប្រហាក់ប្រហែល ដែលមានភារកិច្ចបម្រើឲ្យបុព្វហេតុរដ្ឋបាលត្រូវពិនិត្យ និងចាត់ចែងមន្ត្រីបំពេញការងារប្រចាំថ្ងៃក្នុងចំនួនតិចបំផុត ក៏ប៉ុន្តែអាចធានាបាននូវនិរន្តរភាពការងាររដ្ឋបាលរបស់អង្គភាពជំនាញនីមួយៗ និងចរន្តដឹកនាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

២.នាយកដ្ឋាន-អង្គភាពចំណុះផែនសន្តិសុខ និងផែនប្រឆាំងបទល្មើសត្រូវចាត់វិធានការកំណត់ និងបែងចែកកម្លាំងឲ្យបានហ្មត់ចត់ (កម្លាំងប្រចាំការនៅអង្គភាព និងកម្លាំងត្រៀមបម្រុង) សំដៅធានាបាននូវនិរន្តរភាពការងារ ធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងឆ្លើយតបទាន់ពេលវេលាក្នុងការចេញអន្តរាគមន៍ដោះស្រាយហេតុការណ៍នៅពេលមានបទបញ្ហាបន្ទាន់ ។

៣.នាយកដ្ឋាន-អង្គភាពចំណុះផែនសណ្តាប់ធ្នាប់សាធារណៈត្រូវពិនិត្យប្រមូលផ្តុំ និងបែងចែកកម្លាំង (កម្លាំងប្រចាំការនៅអង្គភាព និងកម្លាំងត្រៀមបម្រុង) ដោយផ្អែកតាមសភាពការណ៍ និងស្ថានភាពជាក់ស្តែងជាពិសេស៖

-នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបង្រួមគោលដៅឈរជើង ដោយប្រមូលកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ពង្រាយកម្លាំងឈរជើង តាមបណ្តាគោលដៅ ដែលបានបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

-នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងកម្លាំងមធ្យោបាយ ឧបករណ៍ សម្ភារ ដើម្បីប្រចាំការត្រៀមចេញអន្តរាគមន៍ នៅពេលមានហេតុការណ៍ ឬមានបទបញ្ជាពីថ្នាក់ដឹកនាំ ។

៤.ចំពោះអង្គភាព ដែលមានភារកិច្ចការពារស្ថាប័នរដ្ឋគោលដៅការទូតសេដ្ឋកិច្ច វប្បធម៌ ឬប្រចាំការការពារគោលដៅណាមួយ ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងតំបន់បិទខ្ទប់ ប្រធានអង្គភាពសាមី ត្រូវគ្រប់គ្រង និងពង្រឹងវត្តមានឈរជើងបំពេញភារកិច្ចនៅតាមគោលដៅរៀងៗខ្លួន ដោយមិនត្រូវអនុញ្ញាតឲ្យកម្លាំងធ្វើដំណើរចល័តចេញពីគោលដៅ ឬអង្គភាពឡើយ ។ ក្នុងករណីមានការអនុញ្ញាតឲ្យចល័ត ឬផ្លាស់ប្តូរកម្លាំងត្រូវមានលិខិតបញ្ជាបេសកកម្មអមជាមួយប័ណ្ណសម្គាល់ខ្លួនជាមន្ត្រីនគរបាលជាតិដើម្បីបង្ហាញជូនសមត្ថកិច្ចត្រួតពិនិត្យនៅតាមគោលដៅបិទខ្ទប់ ។

៥.នាយកដ្ឋាន-អង្គភាព ដែលមានកម្លាំងប្រមូលផ្ដុំត្រូវចាត់វិធានការប្រមូល និងគ្រប់គ្រងកម្លាំងឲ្យបានម៉ឺងម៉ាត់ហ្មត់ចត់នៅក្នុងអង្គភាពសំដៅមានភាពម្ចាស់ការក្នុងការប្រើប្រាស់កម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋានស្របតាមផែនការបិទខ្ទប់ ព្រមទាំងចេញអន្តរាគមន៍ពេលមានហេតុការណ៍ជាយថាហេតុ ដោយត្រូវដាក់ចេញនូវបម្រាមមិនអនុញ្ញាតឲ្យកម្លាំងចាកចេញពីអង្គភាព ។ ក្នុងករណីមានគោលការណ៍អនុញ្ញាតឲ្យកម្លាំងចាកចេញពីអង្គភាពដើម្បីបំពេញការងារចាំបាច់ត្រូវមានប័ណ្ណសម្គាល់ខ្លួនជាមន្ត្រីនគរបាលជាតិដោយភ្ជាប់ជាមួយលិខិតបញ្ជាបេសកកម្ម ។ ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់ផ្គត់ផ្គង់ការហូបចុក ការស្នាក់នៅ និងអនាម័យ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងវិធានការ «០៣ការពារ ០៣កុំ» ។

៦.អគ្គស្នងការរងទទួលផែនសេនាធិការ ត្រូវបានប្រគល់ភារកិច្ចប្រចាំបញ្ជានៅទីបញ្ជាការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ទន្ទឹមគ្នានេះក្រុមជំនួយការប្រធាននាយកដ្ឋាន-អង្គភាព និងអង្គភាពថ្នាក់ប្រហាក់ប្រហែល ដែលបម្រើការងារបុព្វហេតុរដ្ឋបាលចំណុះសេនាធិការដ្ឋាន ក៏ត្រូវបានអនុញ្ញាតឲ្យបំពេញការងារនៅទីបញ្ជាការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ។

ចំពោះ ឯកឧត្តម លោកជំទាវ ជាអគ្គស្នងការរងទទួលបន្ទុកផែនជំនាញត្រូវបានតម្រូវឲ្យធ្វើការពីលំនៅដ្ឋាន ឬទីសំណាក់របស់ខ្លួនតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (កម្មវិធី Zoom, Telegram, WhatsApp, Messanger, វិទ្យុទាក់ទង…) ឬឈរជើងប្រចាំការបញ្ជាដឹកនាំនៅតាមគោលដៅ ដែលបានចាត់តាំងឲ្យទទួលខុសត្រូវ (លើកលែងមានការសម្រេចចេញបទបញ្ជាថ្មីពីអគ្គស្នងការនគរបាលជាតិ) ។

គ្រប់ប្រធាននាយកដ្ឋាន-អង្គភាពជំនាញ និងអង្គភាពប្រហាក់ប្រហែលចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវមានវត្តមានប្រចាំបញ្ជានៅតាមនាយកដ្ឋាន និងអង្គភាពរបស់ខ្លួន ។ ដោយឡែក ថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាព និងមន្ត្រីជំនាញ ដែលត្រូវបានអនុញ្ញាតឲ្យធ្វើការពីចម្ងាយនៅតាមគេហដ្ឋាន ឬទីសំណាក់អាចធ្វើកិច្ចការរបស់ខ្លួនតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (កម្មវិធីZoom, Telegram, WhatsApp, Messanger, វិទ្យុទាក់ទង…) សំដៅធានានិរន្តរភាពការងារ នៃនាយកដ្ឋាន-អង្គភាពជំនាញនីមួយៗ ។

៧.ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល ដែលត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរពីលំនៅដ្ឋាន ឬទីសំណាក់របស់ខ្លួនទៅ-មកកាន់ទីបញ្ជាការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឬនាយកដ្ឋាន-អង្គភាពរបស់ខ្លួនត្រូវយកជាប់មកជាមួយនូវលិខិតបញ្ជាបេសកកម្ម និងប័ណ្ណសម្គាល់ខ្លួនរបស់មន្ត្រីនគរបាលជាតិដើម្បីបង្ហាញដល់កម្លាំងមានសមត្ថកិច្ច ដែលត្រួតពិនិត្យនៅតាមគោលដៅបិទខ្ទប់ ។

៨.គ្រប់នាយកដ្ឋាន-អង្គភាពត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានសុខាភិបាលដូចជា៖ត្រូវរៀបចំវាស់កំដៅ និងបាញ់សម្លាតដៃដោយទឹកអាល់កុល ឬ ដែលពាក់ម៉ាសរក្សាគម្លាត និងត្រូវអនុវត្តសកម្មភាពអនាម័យដទៃផ្សេងទៀតជាពិសេសអនុវត្តវិធានការ*០៣ការពារ និង០៣កុំ ។

៩.ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិត្រូវយកចិត្តទុកដាក់ខ្ពស់អប់រំណែនាំដល់សមាជិកក្រុមគ្រួសារកុំឲ្យចាកចេញពីលំនៅដ្ឋាន ឬទីសំណាក់របស់ខ្លួនបើគ្មានការចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដោយរួមគ្នាអនុវត្តឲ្យបានត្រឹមត្រូវតាមខ្លឹមសារដូចមានចែងក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ។

១០.គ្រប់នាយកដ្ឋាន-អង្គភាពជំនាញ និងអង្គភាពថ្នាក់ប្រហាក់ប្រហែលត្រូវបញ្ជូនមកសេនាធិការដ្ឋាននូវបញ្ជីឈ្មោះមន្ត្រី ដែលត្រូវបានអនុញ្ញាតប្រចាំការបំពេញការងារប្រចាំថ្ងៃដើម្បីចេញលិខិតបញ្ជាបេសកកម្មសម្រាប់ធ្វើដំណើរក្នុងគោលបំណងទៅ-មកពីលំនៅដ្ឋាន ឬទីសំណាក់មកកាន់ទីបញ្ជាការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឬនាយកដ្ឋាន-អង្គភាពសាមីដើម្បីបំពេញការងារក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាមខ្មៅ នៃខេត្តកណ្តាល ៕ ថាច់ យ៉ាត

Loading...