អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្រេចផ្អាកការងារបណ្ដោះអាសន្ន ចំពោះ វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីបន្តនីតិវិធី ក្នុងការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ !

ខេត្តកំពង់ធំ៖ សេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ចំពោះនាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពាក់ព័ន្ធបើករថយន្តទាំងស្រវឹង ទៅបុកទ្រព្យសម្បត្តិសាធារណៈ និងជេរប្រមាថធ្ងន់ៗទៅលើ អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ គឺបានធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

ប្រភពស្និទ្ធនឹងអគ្គស្នងការនគរបាលជាតិ បានបង្ហើបអោយដឹងថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន លោកបានត្រៀមលិខិតមួយច្បាប់ទៀត ស្នើសុំទៅឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ដើម្បីដកតំណែង លោកវរសេនីយ៍ឯករូបនេះចោល។ ចំពោះចំណាត់ការផ្លូវច្បាប់ផ្សេងៗពីនេះទៀត គេនៅមិនទាន់ដឹងនៅឡើយទេ ថាតើ អតីតមន្ត្រីនគរបាលជាន់ខ្ពស់ រុំ សុវិជ្ជា អាចប្រឈមនឹងការដាក់ទោសទណ្ឌក្នុងកម្រិតណា និងអាចមានការប្តឹងទាសំណងជំងឺចិត្ត ពីឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំ ដែរឬទេ ជុំវិញការជេរប្រមាថ ធ្វើអោយប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ កាលពីយប់កើតហេតុ នាថ្ងៃទី១៥ឧសភាឆ្នាំ២០២០ កន្លងមកនេះ។

មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកំពង់ធំ តែងបានកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍខេត្ត ក្រោយការចូលកាន់តំណែងរបស់លោក ប្រកបដោយភាពរីកចម្រើនលើគ្រប់វិស័យ៕

Loading...