អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់ស្នងការនគរបាលថ្មី ខេត្តឧត្តរមានជ័យ ត្រូវធ្វើជាអ្នកដឹកនាំ គំរូល្អ ត្រូវខិតខំការពារសន្តិសុខ ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់អំពើអប្បាយមុខ និងបទល្មើសនានា ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ឲ្យបានល្អប្រសើរ !

ខេត្តឧត្តរមានជ័យ៖ ប្រសាសន៍ក្រើនរំលឹករបស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត្រ សាវឿន បានថ្លែងក្នុងឧិកាសដែលនាយឧត្តមសេនីយ៍អគ្គ បានអញ្ជើញជាគណៈអធិបតី និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នាព្រឹក ថ្ងៃទី៩កញ្ញាឆ្នាំ២០២០ នេះ នៅសាលាខេត្តឧត្តរមានជ័យ ។

ពិធីផ្លាស់ប្តូរស្នងការនគរបាលថ្មី ខេត្តឧត្តរមានជ័យ នោះ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ី ប្រាសិទ្ធិ មន្ត្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិ មន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធ ចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានអញ្ជើញចូល រួមក្នុងពិធីនោះ ផងដែរ ។
យោងតាមសេចក្តីសម្រេច អតីតស្នងការរងទទួលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប លោកឧត្ដមសេនីយ៍ត្រី ហួត សុធី ត្រូវបានផ្ទេរភារកិច្ចប្រកាសចូលកាន់តំណែងជា ស្នងការ នគរបាលថ្មី ខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ត្រូវបានផ្ទេរភារកិច្ច ទៅធ្វើជា ស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានក្រសួងមហាផ្ទៃ បញ្ចប់មុខតំណែងពីស្នងការខេត្តកំពង់ធំ នៅប៉ុន្មានថ្ងៃមុននេះ ដោយជាប់ជំពាក់រឿងអាស្រូវបៀតបៀនកេរ្តិ៍ ខ្មាស មន្ត្រីនគរបាលនារីៗ ដែលជាមន្ត្រីក្រោមឧិវាទ ។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត្រ សាវឿន បានមានប្រសាសន៍ ដាស់តឿន ស្នងការនគរបាលថ្មី ខេត្តឧត្ដរមានជ័យ ថាលោកស្នងការ ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ត្រូវខិតខំការពារទីដែលងាយរងគ្រោះ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវជួយដោះស្រាយទុក្ខ កង្វល់របស់ប្រជាពលរដ្ឋ ពេលពួកគាត់ជួបករណីបទល្មើសនានា ដូចជា អំពើលួច ឆក់ និងប្លន់នៅក្នុងមូល ដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ត្រូវទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ និងបង្ក្រាបអំពើអប្បាយមុខ ល្បែងស៊ីសង និងបទល្មើស នានាទៀត ត្រូវជួយដោះស្រាយ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលជាក្តីកង្វល់របស់ប្រជា ពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយ អប់រំច្បាប់ និងអប់រំដល់អ្នកដែលកាន់ចង្កូតយានជំនិះផ្ទាល់ ដើម្បីឲ្យពួកគាត់ បានយល់ ដែលជាការរួមចំណែក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា។

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានក្រើនរំលឹក ដល់លោកស្នងការថ្មី ត្រូវខិតខំពង្រឹង សាមគ្គីភាពជាធ្លុងមួយ ទាំងក្នុងអង្គភាព និងក្រៅអង្គភាព ដែលជាកត្តាមួយដ៏ចម្បង និងមិនអាចខ្វះបាន ព្រោះក្នុងនាមជាមេ គឺត្រួវទទួលខុសត្រូវខ្ពស់ជាងគេ ហើយត្រូវចាត់ទុកខ្លួនឯង ជាអាណាព្យាបាល ជាអ្នកដឹកនាំ ត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ត្រូវរកឧិកាសចុះសាកសួរសុខទុក្ខ នៅពេលមានមន្ត្រី ឈឺស្កាត់ ដោយអនុវត្តតាមសមាគមមិត្តនគរបាល ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជា ចុះជាប់ជាប្រចាំជាមួយបងប្អូន ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ដើម្បីបំពេញការងារ សំដៅការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅក្នុងរង្វង់ដែនដីរដ្ឋបាលខេត្តទាំងមូល ត្រូវជួយលើកកម្ពស់សេវាចាំបាច់ ដើម្បីបំរើជូន ប្រជាពលរដ្ឋ នៅក្នុងការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការដោយស្មោះត្រង់ ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូស និងត្រូវចាត់ទុកប្រជាពលរដ្ឋជាឪពុកម្តាយ ត្រូវពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំងត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌ និងត្រូវយក ចិត្តទុកដាក់បំប៉នលើការរៀនសូត្រ ត្រូវពង្រឹងសាមគ្គីភាព សហការ និងការហ្វឹកហាត់ ក្រោមដំបូល រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ត្រូវរួមរួមគ្នា ដើម្បីទទួលបានភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត្រ សាវឿន បានណែនាំស្នងការ និងមន្ត្រីគរបាលខេត្ត ត្រូវសហការជាមួយអាជ្ញាធរខេត្ត ចាត់កម្លាំងយាមកាមឲ្យបានល្អប្រសើរ ដើម្បីធានា រក្សាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ នៅតាមគោលដៅទីវត្តអារាម តាមផ្លូវជាតិ តំបន់ទេសចរណ៍ និងរម្មណីយដ្ឋាននានា ក្នុងឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ និងត្រូវប្រកាន់ភ្ជាប់ នូវវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ ក្រសួងសុខា ភិបាល ដើម្បីការពារការឆ្លងរាលដាលពីវីរុសcovid-១៩ ៕

Loading...