អគ្គីបានឆាបឆេះសម្ភារនៅលើរថយន្ដមួយគ្រឿង បង្កឲ្យភ្ញាក់ផ្អើលឡើង

ខេត្តព្រៃវែង៖ អគ្គីបានឆាបឆេះសម្ភារនៅលើរថយន្ដមួយគ្រឿង បង្កឲ្យភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅក្បែរង្វង់មូល ស្រុកស្វាយអន្ទរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអគ្គិភ័យនោះ គេឃើញរថយន្ដមួយគ្រឿង បើកបរ ក្នុងទិសដៅពីឃុំព្រៃព្នៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឆ្ពោះទៅកាន់ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ លុះពេលរថយន្ដបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះរថយន្ដយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកដំណើរ រាយការណ៍ទៅសមត្ថកិច្ចឲ្យមកជួយអន្ដរាគមន៍បាញ់ទឹកពន្លត់។

មន្រ្ដីនគរបាលស្រុកស្វាយអន្ទរ បានឲ្យដឹងថា រថយន្ដដឹកសម្ភារអេតចាយ ម៉ាក ហ៊ីយ៉ាន់ដាយ បើកបរដោយឈ្មោះ ថេត ចាន់ធា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសុកជ្រំ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ករណីនេះអាចបណ្ដាលមកពីការឆ្លងចរន្តអាគុយនឹងអេតចាយចាស់ៗ ដែលដាក់ក្នុងទ្រុងរថយន្ត ហើយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះអគ្គិភ័យបែបនេះ។

មន្រ្ដីនគរបាលដដែល បានបន្ដថា នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានបើករថយន្ដពន្លត់អគ្គិភ័យទៅបាញ់ទឹកពន្លត់ ដោយប្រើអស់ទឹកចំនួន៣រថយន្ដ។ រីឯសម្ភារនៅលើរថយន្ដ រួមមាន អាគុយចាស់ៗ សំបកដបជ័រ កំប៉ុង ដែក ជាដើម បានខូចខាតអស់ប្រហែល៣០ភាគរយ។ ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នោះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ៕

Loading...