អគ្គីភ័យលេបត្របាក់ផ្ទះបើកសិប្បកម្មកែច្នៃឈើមួយខ្នង ដែលមានតម្លៃច្រើនពាន់ដុល្លារ របស់ជនជាតិវៀតណាម នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ផ្ទះបើសិប្បកម្មកែច្នៃឈើ របស់ជនជាតិវៀតណាមមួយខ្នង មានតម្លៃទឹកប្រាក់ច្រើន ពាន់ដុល្លារ បានរងការឆាបឆេះអស់ស្ទើរទាំងស្រុង ដែលហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោង ២ និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៨សីហាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការឆាបឆេះផ្ទះបើកសិប្បកម្មកែច្នៃឈើមួយខ្នងនោះ ត្រូវគេដឹងថា ផ្ទះនោះជារបស់ជនជាតិវៀតណាមម្នាក់ បានបើកសិប្បកម្មនេះ អស់រយះពេលជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែ នៅក្នុងពេលភ្លើងឆាបឆេះនោះ ម្ចាស់ផ្ទះមិនបាននៅនោះទេ គឺមានជាង និងកម្មករជនជាតិវៀតណាម ជាច្រើននាក់ បានស្នាក់នៅក្នុងផ្ទះបើកសិប្បកម្មនោះ។ ហើយនៅខណៈដែលផ្ទះនោះកំពុងឆាបឆេះ កម្លាំង អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង និងកម្លាំងបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យ២គ្រឿង ដើម្បីចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ភ្លើង ទាំងជាងពាក់ កណ្តាលអាធ្រាត្រ ក្នុងថ្ងៃទី១ នៃការឈប់សម្រាកសងថ្ងៃចូលឆ្នាំ ក្នុងរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧សីហា ដល់ថ្ងៃទី២១សីហាឆ្នាំ២០២០។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា បើទោះបីជាកម្លាំងនគរបាលខេត្ត និងក្រុងស្ទឹងត្រែង បានប្រើប្រាស់រថយន្តចំនួន ២គ្រឿង ជួយបាញ់ទឹកពន្លត់ភ្លើងនោះយ៉ាងសស្រាក់សស្រាំយ៉ាងណាក្តី ក៏មិន អាចជួយសង្គ្រោះផ្ទះបើកសិប្បមកម្មកែច្នៃឈើប្រណិត របស់ជនជាតិវៀតណាមមួយខ្នងនោះបានដែរ។ ប៉ុន្តែ នៅនៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ ពុំបណ្តាលឲ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ។ ហើយមូលហេតុដែលនាំឲ្យកើតឡើង នៃគ្រោះអគ្គីភ័យនោះ ត្រូវសមត្ថកិច្ចជំនាញសន្និដ្ឋានជាជំហ៊ានដំបូង ថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង « ឆ្លងចរន្តអគ្គិសនី »។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា រោងសិប្បកម្មដែលរងការឆាបឆេះនោះ គឺជារោងមួយដ៏ធំ ជញ្ជាំងបាំងក្តា និងដំបូលប្រក់ដែកស័ង្កសី ហើយនៅក្នុងរោងសិប្បកម្មនោះ មានគ្រឿងសង្ហារឹម តុទូ សាឡុង ដែលមានតម្លៃរាប់ពាន់ដុល្លារ រួមទាំងម៉ាស៊ីនសម្រាប់អាជ្រៀកឈើមួយចំនួនទៀត ក៏ត្រូវបានភ្លើងឆេះអស់ នៅក្នុងពេលនោះ ផងដែរ។ រីឯការឆាបឆេះផ្ទះបើករោងសិប្បកម្មដ៏ធំមួយនេះ សមត្ថកិច្ចជំនាញមិនទាន់បាន បញ្ជាក់ពីទំហំ នៃការខាតបង់ទ្រព្យសម្បត្តិនោះនៅឡើយទេ រហូតមកដល់រសៀលថ្ងៃនេះ ៕

Loading...