អគ្គីភ័យលេបត្របាក់ផ្ទះពលរដ្ឋអស់មួយខ្នង នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ

ខេត្តក្រចេះ៖ ផ្ទះ១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានហៅរថយន្ដពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១៨និង៣៥ល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកន្រ្ទីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះមិនមានមនុស្សណាម្នាក់គ្រោះថ្នាក់ដល់ជីវិតនោះទេ ដោយផ្ទះខាងលើមានចំនួន១ខ្នង ម្ចាស់ផ្ទះឈ្មោះ សឿន សំ ភេទប្រុស អាយុ២៣ឆ្នាំ (កំព្រាឪពុកម្ដាយ) ទំហំ ៥m គុណ ៦m ធ្វើអំពីឈើប្រក់សង័្កសី (ឆេះអស់ទាំងស្រុង) ដោយខូចខាតសម្ភារៈរួមមាន÷ ទូរឬស្សន៍ចំនួន ១គ្រឿង, សំលៀកបំពាក់, គ្រែ១, និងគ្រឿងឈើទុកសម្រាប់ធ្វើផ្ទះចំនួន ៣ម៉ែត្រគូប គិតជាទឹកប្រាប់ប្រមាណជា ៥,០០០ដុល្លារ។

លោក ជួន រិទ្ធ ចៅសង្កាត់អូរឫស្សី បានឲ្យដឹងថា ករណីអគ្គីភ័យនេះកើតឡើងបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី បង្កកើតជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សែងខ្មួលខ្មាញ់ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ និងរាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកចុះជួយអន្តរាគមន៍។

សមត្ថកិច្ចកិច្ចបានឲ្យដឹងថា ក្នុងការចុះជួយពន្លត់ខាងលើនេះ បានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានក្រុងចំនួន ១គ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ ធ្វើឲ្យរលត់ទាំងស្រុងវិញនៅវេលាម៉ោង១៩និង៣០នាទី ក្នុងថ្ងៃដដែល និងមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ៕

Loading...